អន្តរជាតិ
ចិន​ចរចា​សុំ​បើក​មូលដ្ឋានទ័ព​នៅលើ​ទឹក​ដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ពង្រឹង​សន្តិសុខ​
02, Feb 2018 , 9:59 pm        
រូបភាព
​រដ្ឋាភិបាល​ចិន​កំពុង​បន្ត​ចរចា​សុំ​បើក​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅលើ​ទឹកដី អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​ក្រុម​សកម្មប្រយុទ្ធ​មិន​ឲ្យ​ឆ្លង​ចូល​ទឹកដី​ចិន​។ មូលដ្ឋានទ័ព​ចិន​នេះ​អាច​នឹងត្រូវ​សាងសង់ឡើង​នៅ​តំបន់​ដាច់ស្រយាល នា​ច្រករបៀង​លើ​ភ្នំ Wakhan​។



​ការពិភាក្សា​ពាក់ព័ន្ធ​ការសាងសង់​មូលដ្ឋានទ័ព​ចិន​នៅលើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​បន្ត​ទៅមុខ ដោយ​ភាគី​ក្រុង​ប៉េកាំង​សង្ឃឹមថា ក្រុង​កា​ប៊ុល​នឹង​យល់ព្រម​តាម​សំណើរ​របស់​ខ្លន​។ បើសិនជា​មានការ​អនុញ្ញាត មូលដ្ឋានទ័ព​ចិន​នេះ​នឹងត្រូវ​សាងសង់ឡើង​នៅ​ម្តុំ​ច្រករបៀង Wakhan​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  មន្ត្រី​ចិន និង​ម​ន្ត្រីះ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ពិភាក្សាគ្នា​តាំងពី​ខែធ្នូ​ម្ល៉េះ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​បញ្ហា​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​។ គេ​ត្រឹម​ដឹងថា ទាហាន​ភាគី​ទាំងពីរ​នឹង​ល្បាត​រួមគ្នា​នៅ​តំបន់​ដែល​គេ​គ្រោង​សាងសង់​មូលដ្ឋានទ័ព​នេះ​។

​អ្នកនាំពាក្យ​រង​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន Mohammad Radmanesh បាន​ទទួលស្គាល់ថា វា​នឹងមាន​ការសាងសង់​មូលដ្ឋានទ័ព​មែន ដោយ​ខាង​រដ្ឋាភិបាល​ចិន​ជា​អ្នក​ជួយ​ចេញ​ថ្លែង​សាងសង់ ហើយ​ចិន​ក៏​ផ្តល់​សម្ភារៈ និង​ការបំពាក់​បំប៉ន​សមត្ថ​ភាព​ដល់​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ផងដែរ​។

​ខាង​មន្ត្រី​ទូត​ចិន​ប្រចាំ​ក្រុង​កា​ប៊ុល មិនបាន​បញ្ជាក់​ពាក់ព័ន្ធ​ការសាងសង់​មូលដ្ឋានទ័ព​ចិន​ឡើយ តែ​គេ​ត្រឹម​ទទួលស្គាល់ថា ចិន​ជួយ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ពង្រឹងសមត្ថភាព​កង​ទ័ព​ប៉ុណ្ណោះ​។

​បំណង​កសាង​មូលដ្ឋានទ័ព​របស់​ចិន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​លេចឡើង​ក្រោយ​ពេលដែល រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង ចំណាយលុយ​ច្រើនសន្ធឹក​ដើម្បី​កសាង​ផ្លូវ​សេដ្ឋកិច្ច​តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​ខាងត្បូង​។ ប៉ុន្តែ​សង្គ្រាម​នៅ​អា​ហ្វា​ហ្គា​នី​ស្ថាន​ជា​កត្តា​ចម្បង​ដែល​អាចធ្វើ​ឲ្យ​គម្រោង​ចិន​ប្រឈម​បញ្ហា​។ ដូច្នេះហើយ​វា​បញ្ជាក់​ច្បាស់​ថា ចិន​បើក​មូលដ្ឋានទ័ព​ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​ដើម្បី​ការពារ​ប្រយោជន៍​ខ្លួន​ពេលអនាគត​។​

​មួយទៀត​រដ្ឋាភិបាល​ចិន​បារម្ភ​ថា ក្រុម​សកម្មប្រយុទ្ធ​ជនជាតិ​អ៊ុយ​ហ្គ័​រ (Uighur) សមាជិក​ចលនា​ឥស្លាម​តួ​កេ​ស្ថាន​ខាងកើត (ETIM) ឆ្លងដែន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ចូលមក​ទឹកដី​ខេត្ត​ស៊ីន​ជាំ​ង​ដែលជា​ខេត្ត​ប្រឈម​បញ្ហា​បះបោរ​ខ្លាំង​ផង​។ ក្រៅពីនេះ​ចិន​ក៏​យល់ឃើញ​ពី​គ្រោះថ្នាក់​ដែល​អាច​បង្កឡើង​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​ដែល​រត់​ភៀសខ្លួន​ពី​ស៊ី​រី និង​អ៊ីរ៉ាក់​ឆ្លងកាត់​អាស៊ី​កណ្តាល​។ ពួកគេ​អាច​ប្រើប្រាស់​ច្រក Wakhan ដើម្បី​ឆ្លង​ចូល​ទឹកដី​ចិន​ផង​៕

Tag:
 ចិន​
  អា​ហ្វ​ហ្គា​នី​ស្ថាន​
  Wakhan
© រក្សាសិទ្ធិដោយ thmeythmey.com