អន្តរជាតិ
អ្នកកាសែត​ជើងចាស់​រុស្ស៊ី​វាយ​គ្នា​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់ ព្រោះ​ខ្វែងគំនិត​គ្នា​រឿង​លោក ស្តា​លីន​
03, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ការពិភាក្សា​វែកញែក​ពី​តួនាទី​របស់លោក ចូ​សែ​ហ្វ ស្តា​លីន (Joseph Stalin) ក្នុង​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី ឬ​អតីត​សហភាពសូវៀត បាន​បង្ក​ឲ្យ​មានការ​វាយតប់​គ្នា ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​វិទ្យុ​មួយ​។ នេះ​បើតាម​ការផ្សាយ​របស់ RT​។​

 
​ក្នុង​ស្ទូ​ត​ឌី​យោ​វិទ្យុ Komsomolskaya Pravda  ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​មូ​ស្គូ កាលពី​យប់​ថ្ងៃ​អង្គារ លោក Maksim Shevchenko អាយុ​៥១​ឆ្នាំ និង​លោក Nikolai Svanidze អាយុ​៦២​ឆ្នាំ ដែល​សុទ្ធតែជា​អ្នកកាសែត​ជើងចាស់ ត្រូវបាន​អញ្ជើញ​ធ្វើជា​វាគ្មិន​ដើម្បី​ពិភាក្សា​វែកញែក​លើ​បុគ្គល​ល​លក្ខណៈ​របស់លោក ចូ​សែ​ហ្វ ស្តា​លីន​។​
 
​លោក Svanidze ជា​មនុស្ស​ដែលមាន​ទស្សនៈ​សេរី បាន​និយាយថា លោក ស្តា​លីន បាន​នាំ​សហភាព​សូ​វៀន​ធ្លាក់​ក្នុង​រណ្តៅ​នា​មុន​សង្គ្រាមលោកលើកទីពីរ​។ ចំណែក​លោក Shevchenko ជា​អ្នក​ដែល​លំអៀង​ទៅខាង​កុំម្មុយនីស្ត ដោយបាន​ចាត់ទុក​លោក ស្តា​លីន ជា​បិតា​ដែល​ដឹកនាំ​ការរំលាយ​របប​ណា​ហ្ស៊ី​។​
 

​លោក Svanidze និយាយ​ដៀមដាម​លោក Shevchenko ថា​ជាម​នុស្ស​ចោរ​ម្សៀត​។ ឯ​លោក Shevchenko តប​វិញ​ថា លោក Svanidze ជា​មនុស្ស​ប្រជា​ភិ​ថុ​ត​ដែល​ពិបាក​កែ​។ បន្ទាប់មក លោក Svanidze បាន​ដើរ​សំដៅ​ទី​លោក Shevchenko ហើយ​វាយ​មួយ​ដៃ​ចំ​មុខ​។ វាគ្មិន​ទាំងពីរ​បាន​ប្រវាយប្រតប់​គ្នា មុន​ពេលដែល​បុគ្គលិក​វិទ្យុ​បានធ្វើការ​បំបែក​។​
 
​យោង​តាង RT លោក Shevchenko បាន​សុំទោស​ចំពោះ​ទង្វើ​របស់ខ្លួន ដោយ​លោក​បាន​លើកឡើងថា ជម្លោះ​បែបនេះ​តែងតែ​កើតឡើង ហើយ​ជម្លោះ​បែប​បញ្ញវន្ត មិនដែល​បញ្ចប់​ដោយ​អំពើហិង្សា​នោះឡើយ​។ សម្រាប់​លោក Svanidze នេះ​ជា​លើកទីមួយ​របស់ខ្លួន​ដែល​មិនអាច​ទប់​អារម្មណ៍ ប៉ុន្តែ​លោក​សុំទោស​ចំពោះ​ភាព​ក្រោធ​របស់ខ្លួន​។​
 
​លេខា​សារព័ត៌​មាននៃ​បក្ស​កុំម្មុយនីស្ត​រុស្ស៊ី និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​រុស្ស៊ី សុទ្ធតែ​នាំគ្នា​សុំ​ការ​អភ័យទោស​ពី​សាធារណជន​ចំពោះ​ករណី​ដែល​បាន​កើតឡើង​រវាង​អ្នកកាសែត​ជើងចាស់​ទាំងពីរ​រូប​។ 
 
​ការខ្វែងគំនិត​គ្នា​ទាក់ទង​នឹង​តួអង្គ​លោក ស្តា​លីន ក្នុង​ប្រវត្តិសាស្ត្រ​សូ​វៀត តែងតែ​កើតឡើង​ញឹកញាប់ ទាំង​ក្នុង​ការសម្តែង​ទស្សនីយភាព ការថត​ភាពយន្ត និង​ក្នុង​កម្មវិធី​ជជែក​វែកញែក​ផ្សេងៗ​៕

Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com