កីឡាអន្តរជាតិ
អន្តរជាតិ
ការយក​នារី​ស្លៀក​ប៊ី​គី​នី​ទៅ​ទទួល​កីឡាករ U23 វៀតណាម ទទួលរង​នូវ​ការរិះគន់​
10, Feb 2018 , 10:39 pm        
រូបភាព
ដោយ: ធីតា
​នារី​ស្លៀក​ប៊ី​គី​នី ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ទទួល​ក្រុម​កីឡាករ U23 វៀតណាម ក្នុង​ដំណើរ​ត្រឡប់​ពី​ព្រឹត្តិការណ៍ AFC U23 Championship នៅ​ប្រទេស​ចិន ដោយ​វៀតណាម​ទទួលបាន​លេខ​ពីរ​ជា​ប្រវត្តិសាស្ត្រ ក្រោយ​ចាញ់​អ៊ូ​បេ​គី​ស្ថាន ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

 
​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ក្រុង​ហាណូយ ក្រុមយុវជន U23 វៀតណាម ទទួលបាន​នូវ​ការស្វាគមន៍​អបអរសាទរ​តាំងពី​ក្នុង​យន្តហោះ ដោយ​នារី​មួយក្រុម​ស្លៀក​ប៊ី​គី​នី​។ សកម្មភាព​របស់​នារី​ទាំងនោះ ត្រូវបាន​ថត​ដោយ​ក្រុម​អ្នកដំណើរ​ផ្សេងទៀត បន្ទាប់មក​មានការ​ល្បី​សុះសាយ​ពេញ​បណ្តាញ​សង្គម​។​
 
​តាមរយៈ​រូបភាព និង​វីដេអូ ក្រុម​កីឡាករ​ដែល​នៅ​វ័យក្មេង​នៅឡើយ ហាក់ដូចជា​មានការ​អៀនប្រៀន​នៅពេលដែល​ស្រី​ស្អាតៗ ស៊ិ​ច​ស៊ី អង្គុយ និង​លេងសើច​ជាមួយ​ខ្លួន​។ ចំណែក​អ្នកដំណើរ​មួយចំនួន ក៏​ហាក់ដូច​ឃ្នើសចិត្ត​ផងដែរ​។​
 
​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Reuters លោកស្រី Nguyen Phoung Thao នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ VietJet បាន​សុំទោស​ជា​សាធារណៈ ដោយបាន​អះអាងថា វា​ជាការ​រៀបចំ​របស់​ក្រុម​ភ្នាក់ងារ​ធ្វើដំណើរ មិនមែនជា​ផ្នែក​មួយ​នៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​នោះឡើយ​។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​បាន​អះអាង​ពី​ការបណ្តេញ​បុគ្គលិក​ដែល​ពាក់ព័ន្ធ​ចេញពី​ការងារ​ផងដែរ​។​
 
 
​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​វៀតណាម បាន​បង្កើត​កំណត់ត្រា​ក្នុងនាម​ជា​ក្រុម​អាស៊ាន​ទីមួយ​ដែល​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ AFC U23 Championship ឆ្នាំ​២០១៨ នៅ​ប្រទេស​ចិន កាលពី​ចុងខែ​មករា កន្លងមកនេះ​។ ប៉ុន្តែ​ពួកគេ​បាន​ខក​ឱកាស​ទទួលបាន​ពាន ក្រោយ​ចាញ់​អ៊ូ​បេ​គី​ស្ថាន ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕



Tag:
 U23
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com