កីឡាអន្តរជាតិ
ជាតិ
ខ្សែការពារ​ជប៉ុន​របស់​ណាហ្គា​វើ​ល Kento ផ្ទេរ​ទៅ​ក្លិប​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ​
10, Feb 2018 , 3:05 pm        
រូបភាព
ខ្សែ​ការពារ Kento Fujihara ​កាន់ឯក​សណ្ឋានថ្មីជា​មួយថ្នាក់​ដឹក​នាំក្លិប​សូលទី​ឡូអង្គរ, រូបភាពពី​ហ្វេស​ប៊ុកក្លិប​សូលទី​ឡូអង្គរ
ខ្សែ​ការពារ Kento Fujihara ​កាន់ឯក​សណ្ឋានថ្មីជា​មួយថ្នាក់​ដឹក​នាំក្លិប​សូលទី​ឡូអង្គរ, រូបភាពពី​ហ្វេស​ប៊ុកក្លិប​សូលទី​ឡូអង្គរ
ដោយ:
​ខ្សែការពារ​ជនជាតិ​ជប៉ុន Kento Fujihara របស់​ក្លិប​ណាហ្គា​វើ​ល បាន​ផ្ទេរ​ទៅ​ក្លិប​ចំណូល​ថ្មី​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​សូល​ទី​ឡូ​អង្គរ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។ Kento ជា​កីឡាករ​ជប៉ុន​ទី​៣ បន្ទាប់ពី Unno Tomoyuki និង Yuta Kikuch ដែល​សូល​ទី​ឡូ​អង្គរ បាន​ចុះកិច្ចសន្យា​នាំចូល​កាលពីពេល​ថ្មីៗ​កន្លងទៅ​។

 
​ក្រោយ​លេង​ឲ្យ​ណាហ្គា​វើ​ល​បាន​មួយ​រដូវ​កាល​ឆ្នាំ​២០១៧ ខ្សែការពារ​ជប៉ុន Kento Fujihara បាន​ផ្លាស់​ទៅ​រួមរស់​ជាមួយ​ក្លិប​ចំណូល​ថ្មី ទើប​ឡើង​ពី​ក្របខណ្ឌ​ទី​២​សូល​ទី​ឡូ​អង្គរ សម្រាប់​ក្របខណ្ឌ​លី​គ​កំពូល​រដូវ​កាល​ឆ្នាំ​២០១៨​។ មុន​ផ្ទេរ​មកកាន់​សូល​ទី​ឡូ​អង្គរ ខ្សែការពារ​វ័យ​២៦​ឆ្នាំ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​សិង្ហ​បុរី Albirex Nigata Singapore ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦​។ ហើយ​រូបគេ ក៏​ជា​អតីត​សមាជិក​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ របស់​ជប៉ុន​ផងដែរ​។ 
 
Kento ដែលមាន​ស្រុកកំណើត​នៅ​ទីក្រុង Kanagawa ប្រទេស​ជប៉ុន ជា​កីឡាករ​ជនជាតិ​ជប៉ុន​ទី​៣​របស់​សូល​ទី​ឡូ​អង្គរ បន្ទាប់ពី​ខ្សែបម្រើ Unno Tomoyuki និង Yuta Kikuchi​។ ខ្សែបម្រើ​វ័យ​២៦​ឆ្នាំ Tomo មានបទពិសោធន៍ យ៉ាងច្រើន​នៅលើ​ទឹកដី​ថៃ​។ រូបគេ​ធ្លាប់​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​ទី​២ និង​៤​ថៃ​រួមមាន Yasothon FC, Thai Honda FC, Phangnga FC និង Phayao FC​។ 
 
​ចំណែក​ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ Yuta Kikuchi ដែល​បាន​ចុះកិច្ចសន្យា រួមរស់​ជាមួយ​សូល​ទី​ឡូ​អង្គរ កាលពី​ថ្ងៃទី​១៧ ខែមករា ធ្លាប់​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល របស់​ប្រទេស​ម៉ុង​តេ​ណេ​ហ្គោ FK Jedinstvo​។ ក្រៅពី​កីឡាករ​ជនជាតិ​ជប៉ុន​ទាំង​៣​ខាងលើ ក្លិប​ចំណូល​ថ្មី​មួយ​នេះ​បាន​នាំចូល​កីឡាករ​កម្ពុជា​ជាច្រើនរូប​ផងដែរ រួមមាន​អ្នកចាំទី គង់ រ៉ា​ហ្វា​ត់ (​អតីត U15, U16), កូរ​ណៃ អាន់​សារី​, លី ភិ​រុន​, ចាន់ វាសនា និង សេង កូ​សែន (​សុទ្ធតែ​មកពី​ក្លិប​វេ​ស្ទើ​ន​), អ៊ាង លី​ហួរ​, នាង ផានិត និង ឡុង បុរាណ ជាដើម​។​
 
​កីឡាករ​ទាំងនេះ ត្រូវ​ជួយ​ក្រុម​ទើប​ឡើង​មកពី​ក្របខណ្ឌ​លី​គ​ទី​២​មួយ​នេះ ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ ជាមួយ​ក្រុម​១១​ផ្សេងទៀត​៕       


កីឡាករ Unno Tomoyuki



​កីឡាករ Yuta Kikuchi

Tag:
 បាល់ទាត់​
  សូល​ទី​ឡូ​អង្គរ​
  Kento
© រក្សាសិទ្ធិដោយ thmeythmey.com