កីឡាអន្តរជាតិ
អន្តរជាតិ
១១​ឆ្នាំ​ក្រោយមក លោក McLeish ទៅ​ដឹកនាំ​ជម្រើសជាតិ​ស្កុ​តឡែ​ន​សារជាថ្មី​
16, Feb 2018 , 9:56 am        
រូបភាព
លោក Alex McLeish  នឹងក្លាយជាគ្រូបង្វឹកស្កុតឡែន ជាលើកទីពីរ។ រូបថត AFP
លោក Alex McLeish នឹងក្លាយជាគ្រូបង្វឹកស្កុតឡែន ជាលើកទីពីរ។ រូបថត AFP
ដោយ: រួបរួម
​លោក Alex McLeish បាន​យល់ព្រម​ទទួល​តំណែង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​ស្កុ​តឡែ​ន​ជា​លើក​ទី​ពីរ នា​រយៈពេល​១១​ឆ្នាំ​ក្រោយពី​លោក​បាន​ចាកចេញ​។ បើតាម​ការផ្សាយ​របស់ BBC បុរស​វ័យ​៥៩​ឆ្នាំ​រូបនេះ នឹង​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២០ ក្រោយ​មានការ​សម្រេច​ជា​ឯកច្ឆន្ទ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​ស្កុ​តឡែ​ន​។



​លោក McLeish នឹងត្រូវ​ជំនួស​អតីត​មិត្ត​រួម​ក្រុម Aberdeen និង​ក្រុម​ជម្រើសជាតិ​ស្កុ​តឡែ​ន​របស់ខ្លួន គឺ​លោក Gordon Strachan ដែល​បាន​ចាក​ចេញពី​តំណែង​កាលពី​ខែតុលា បន្ទាប់​ស្កុ​តឡែ​ន បាន​ធ្លាក់​ចេញពី​ការប្រកួត​ជម្រុះ World Cup​។​

​បេស​កក​កម្ម​ដំបូង​របស់លោក McLeish គឺ​ការដឹកនាំ​សម្រាប់​ជំនួប​មិត្តភាព​ជាមួយ កូ​ស្តា​រី​កា និង​ហុង​គ្រី នៅ​ខែក្រោយ មុននឹង​ទៅលេង​នៅ​ទឹកដី​ប៉េ​រូ ក្នុង​ខែឧសភា និង​ម៉ិ​ក​ស៊ិ​ក នៅ​ខែមិថុនា​។ ស្កុ​តឡែ​ន​នឹងមាន​ការប្រកួត​ផងដែរ​ក្នុង​ព្រឹត្តិការណ៍ Uefa Nations League ជាមួយ​អាល់​បា​នី និង​អ៊ីស្រាអែល​។​

​លោក McLeish ធ្លាប់​លេង​បាន​៧៧​លើក​ឲ្យ​ក្រុម​ជម្រើសជាតិ​ស្កុ​តឡែ​ន​។ បន្ទាប់ពី​មានបទពិសោធន៍ ដឹកនាំ​ក្រុម Motherwell, Hibernian និង Rangers លោក McLeish ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​នៅ​ឆ្នាំ​២០០៧ ។

​ទោះបីជា​លោក​បាន​ដឹកនាំ​ក្រុម​ឈ្នះ​៧​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​ក៏ដោយ ប៉ុន្តែ​លោក​បាន​សម្រេចចិត្ត​ចាកចេញ​នៅ​ខែមករា ឆ្នាំ​២០០៨ ដើម្បី​ទៅ​ដឹកនាំ​ក្លិប Birmingham City​។ បន្តបន្ទាប់​មកទៀត លោក McLeish ទៅ​ដឹកនាំ Aston Villa, Nottingham Forest, Genk​។ នៅ​ឆ្នាំ​២០១៦ លោក​ដឹកនាំ​ក្រុម​អេ​ហ្ស៊ី​ប Zamalek ប៉ុន្តែ​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នា​រយៈពេល​ជាង​៣​ខែ​បន្ទាប់ ដោយសារតែ​ទម្រង់​លេង​ដ៏​ធ្លាក់ចុះ​របស់​ក្លិប​៕


Tag:
 បាល់ទាត់​
  ស្កុ​តឡែ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com