ពីនេះ ពីនោះ
ពិស​ក្រើ​ស​ដ៏​ខ្លាំងក្លា​របស់​ត្រី​បបែល​យក្ស អាច​សម្លាប់​គោ ក្របី ឬ​មនុ​ស្សបាន​
07, Apr 2018 , 2:39 pm        
រូបភាព
ត្រី​បបែល​យក្ស (​រូបភាពៈ Courtesy Zeb Hogan/USAID Wonders of the Mekong)
ត្រី​បបែល​យក្ស (​រូបភាពៈ Courtesy Zeb Hogan/USAID Wonders of the Mekong)
ដោយ: ថ្មីៗ
​ស្ទឹងត្រែង​៖ លោក គង់ សុខ អាយុ ៥៦ ជា​ប្រជា​នេសាទ​ម្នាក់ រស់នៅក្នុង​ភូមិ​ស្តៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដែល​ធ្លាប់​ចូលប្រឡូក​ក្នុង​របប​នេសាទ​ជាមួយ​ឪពុក​តាំងពី​អាយុ ១៧​ឆ្នាំ មកម្ល៉េះ​នោះ លោក​បាន​ស្គាល់​ត្រី​ជាច្រើន​ប្រភេទ ពិសេស​ត្រី​បបែល​យក្ស និង​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​វា​ផងដែរ​។ ក្នុង​ឆ្នាំ ១៩៨២ គង់ សុខ បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នឹង​ទៅ​ឈរជើង​នៅតាម​ព្រំដែន​ថៃ​។ ក្នុង​ឆ្នាំ ១៩៨៩ លោក​ត្រូវបាន​ធ្លាក់ខ្លួន​ពិការ​ជើង​ម្ខាង​ដោយសារ​ជាន់មីន​។ ក្រោយ​ធ្លាក់​ធ្លាក់ខ្លួន​ពិការ គង់ សុខ ក៏បាន​វិល​ត្រឡប់មក​ចាប់​អាជីព​ជា​អ្នកនេសាទ​វិញ រហូតមកដល់​សព្វថ្ងៃ​នេះ​។

 
​ដោយ​យោងទៅលើ​សកម្មភាព​គ្រប​សម្លាប់សត្វ​គោ ក្របី ឬ​មនុស្ស​នៅក្នុង​ទឹក​របស់​វា ត្រី​បបែល​យក្ស ត្រូវបាន​អ្នកស្រុក​យល់ច្រឡំ​ថា ជា «​មេទឹក ឬ​ខ្មោច​ទឹក​» ។ លោក គង់ សុខ មានប្រសាសន៍ថា​៖ «​អ្នកស្រុក​ដែលមាន​ជំនឿ​លើ «​មេទឹក ឬ​ខ្មោច​ទឹក​» តែងតែ​ធ្វើ​ពិធី​ជា​របៀប​ឧបកិច្ច ដើម្បី​សុំ​ផ្លូវ​មុននឹង​ឆ្លងកាត់​ទន្លេ​។ បើ​មិន​ដូច្នោះ​ទេ ពួកគាត់​មានជំនឿថា ម្ចាស់​ទឹក ម្ចាស់​ដី ឬ​ម្ចាស់​ទន្លេ នឹង​មក​យក​សត្វ​គោ ក្របី​របស់​ពួកគាត់​ជាមិនខាន​។ តែ​នោះ​មិនមែនជា «​មេទឹក ឬ​ខ្មោច​ទឹក​» អី​ទេ គឺ​ត្រី​បបែល​យក្ស​។ 
 
​គង់ សុខ មានប្រសាសន៍​បន្តទៀត​ថា​៖ «​ត្រី​បបែល​យក្ស វា​ចូលចិត្ត​ក្រាប​នៅ​នឹង​គ្រួស ឬ​ខ្សាច់​បាតទន្លេ​។ ពេល​មាន​សត្វ​គោ ក្របី ឬ​មនុស្ស​ដែលមាន​បំណង​ឆ្លងកាត់​ទន្លេ​ដើរ​ជាន់​វា នោះ​វា​នឹង​ចាក់​ដោយ «​ក្រើ​ស ឬ​ម្ជុល​ពិស​» ដែលមាន​ជាតិ​ពិស​ដ៏​ខ្លាំងក្លា នៅជាប់​នឹង​កន្ទុយ​របស់​វា​។ មិន​ថាស​ត្វ​គោ ក្របី ឬ​មនុស្ស​ទេ ពេល​ត្រូវ​ត្រី​បបែល​យក្ស​ចាក់​ហើយ គឺ​មិនអាច​កម្រើក​បានឡើយ នឹងត្រូវ​លិច​ចុះ​ក្នុង​ទឹក​ជាមិនខាន​។ បន្ថែម​ពីលើ​នេះ ត្រី​បបែល​យក្ស នឹង​ហែល​មក​គ្របពីលើ​មិន​ឲ្យ​ងើប​រួច​ពី​ក្នុង​ទឹក​ថែម​ទៀតផង​។ ការណ៍​នេះ អ្នកស្រុក​និយម​ហៅថា «​មេទឹក​គ្រប​» ឬ មេទឹក​មក​យក​សត្វ​គោ ក្របី ឬ​យក​មនុស្ស​»​។ 
 
​ជា​អ្នកនេសាទ​ម្នាក់​ដែលមាន​បទពិសោធន៍​ក្នុង​របរ​នេះ​យ៉ាងយូរ មិនតិចជាង​៤០​ឆ្នាំ លោក គង់ សុខ បាន​បន្តទៀតថា​៖ «​កុំថាឡើយ​ត្រូវ​ពិស​របស់​វា ត្រឹមតែ​វា​ហែល​មក​គ្របពីលើ ក៏​មិនអាច​ងើប​រួច​ដែរ​។ ឪពុក​របស់ខ្ញុំ ធ្លាប់​ផ្តាំ​ខ្ញុំ​ថា បើ​ចុះ​មុជទឹក​មើល​មង ឬ​សំណាញ់​ដែល​ទាក់​ជាប់ជំពាក់​អ្វីមួយ​នៅក្នុង​ទឹក ត្រូវ​កាន់​កាំបិត​ចុង​ស្រួច​ទៅជា​មួយ​ផង​។ ប្រយោជន៍ សម្រាប់​បង្កា​ក្រែង​ត្រី​បបែល​យក្ស​មក​គ្របពីលើ យើង​អាច​ចាក់​វា​នឹង​កាំបិត​ចុង​ស្រួច​នោះ​ដើម្បី​រំដោះខ្លួន​។ ម្យ៉ាងទៀត គាត់​ក៏បាន​ប្រាប់​ពី​វិធី​ព្យាបាល​ពេល​ត្រូវ​ពិស​ត្រី​បបែល​ទៀតផង ដោយ​ឲ្យ​យក​ឈើ​ធ្នុង​ដុត​យក​ផ្សែង​រោល​ត្រង់​មុខរបួស នោះ​វា​នឹង​អាចជួយ​បន្សាបពិស​បាន​យ៉ាង​ពូកែ​សក្តិ​សិទ្ធ​។ គង់ សុខ បានបញ្ជាក់​បន្ថែ​មយ៉ាង​ម៉ត់ចត់​ថា​៖ «​នេះ​ជាការ​ពិត ខ្ញុំ​ធ្លាប់ធ្វើ​វា​ហើយ​»​។​
 

​អ្នកនេសាទ គង់ សុខ (​រូបភាពៈ ឈុត ឈា​ណា USAID Wonders of the Mekong)
 
​ប៉ុន្តែ បច្ចុប្បន្ននេះ ត្រី​បបែល​យក្ស​ពេញវ័យ​ដែលមាន​ទំហំ​ធំៗ រាប់រយ​គីឡូក្រាម ដែល​សម្បូរ​ពី​អតីតកាល​នៅក្នុង​ប្រទេស​កម្ពុជា​នោះ ហាក់​គ្រាន់តែ​ជា​រឿង​ដែល​គេ​អាច​តំណាល​តៗ​គ្នា​ប៉ុណ្ណោះ តែ​កម្រ​មាន​អ្នកនេសាទ​ធ្លាប់​ចាប់​បានឡើយ​។​
 
​គង់ សុខ មានប្រសាសន៍ថា ក្នុងអំឡុង​ទស​វ​ត្យ​រ៍​ទី​៧០ ពូ​របស់គាត់​ធ្លាប់​ចតទូក និង​ដើរ​ជាន់​ពីលើ​ត្រី​បបែល ដែល​ក្រាប​លើ​ខ្សាច់​បាតទន្លេ​អែប​មាត់ច្រាំង​។ «​ពូ​របស់ខ្ញុំ​ធ្លាប់​អុំទូក​សំដៅ​ច្រាំង ក៏​ពារ​លើ​ត្រី​បបែល​យក្ស ដែល​ក្រាប​លើ​ខ្សាច់​បាតទន្លេ​ជិត​មាត់ច្រាំង​។ មុនដំបូង គាត់​ពុំ​ដឹងថា​ជា​អ្វី​ច្បាស់លាស់​នោះទេ គ្រាន់តែ​ឆ្ងល់​ថា ដូចជា​មាន​អ្វី​នៅក្រោម​បាត​ទូក​របស់គាត់ ទើប​មិនអាច​បុក​ច្រាំង​បាន​។ គាត់​ក៏​ចុះ​ពីលើ​ទូក ដើម្បី​រុញ​ទូក​អែប​ច្រាំង ក៏​ជាន់​ពារ​លើ​ត្រី​បបែល​យក្ស​។ ពេលនោះ ត្រី​បបែល​យក្ស​ភ្ញាក់​បន្តិច គាត់​ក៏​ភ្ញាក់​ដែរ ស្ទុះ​ឡើងលើ​ទូក​វិញ​។ ភ្លាមនោះ គាត់​យល់ច្បាស់​ជា​ត្រី​បបែល​យក្ស ក៏​ទាញ​ពូថៅ​កាប់​មួយ​ទំហឹង​ចំក្បាល​របស់​វា​។ ក្រោយ​ត្រូវ​មួយ​ពូថៅ​ហើយ ត្រី​បបែល​យក្ស​ក៏​ស្ទុះ​ប្រាស់​ខ្លួន​គេចចេញ​មួយ​ទំហឹង ប៉ើង​ទូក និង​ខ្ទាត​ទាំង​មនុស្ស​បួន​-​ប្រាំ​ម៉ែត្រ​ពី​កន្លែងកើតហេតុ ដោយ​ទាំង​ពូថៅ​ដែល​ជាប់​នឹង​ក្បាល​វា​នោះ​ទៅជា​មួយ​ផង​។ បី​ថ្ងៃ​ក្រោយមក ទើប​ឃើញ​ត្រី​បបែល​យក្ស​នោះ​ងាប់ ស្អុយ អណ្តែត​ឡើងលើ​ផ្ទៃ​ទឹក ទើប​ពូ​របស់ខ្ញុំ​អាច​ទៅយក​ពូថៅ​របស់គាត់​ត្រឡប់មកវិញ​បាន​»​។​
 
 


​ប្រជា​នេសាទ​នៅក្នុង​ភូមិ​ស្តៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង និង​ក្រុមការងារ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល និង​សហការី​នៃ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) project អំឡុងពេល​ធ្វើការ​សិក្សា​ស្ទង់​មតិ ស្តីអំពី​ការយល់ដឹង​របស់​ប្រជា​នេសាទ ចំពោះ​បរិស្ថាន​អេកូឡូស៊ី​នៃ​ប្រភេទ​ត្រី​ធំៗ ដែលមាន​រស់នៅក្នុង​ទន្លេ​មគ​ង្គ និង​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ (​រូបភាពៈ ឈុត ឈា​ណា USAID Wonders of the Mekong)
 
​ត្រី​បបែល​យក្ស មានឈ្មោះ​វិទ្យាសាស្ត្រ (Himantura polylepis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant freshwater whipray ជា​ត្រី​បបែល​ទឹកសាប​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​។ វា​មាន​ទំហំ​ខ្លួន​អតិបរមា​ដល់​ទៅ ២៤០​ស​.​ម និង​មាន​ទម្ងន់ ៦០០​គីឡូក្រាម​។ ត្រី​បបែល​យក្ស រស់នៅ​តាម​ដង​ទន្លេធំៗ ដែលមាន​ស្រទាប់​ភក់ ឬ​ខ្សាច់​នៅ​បាតទន្លេ ទី​ដែល​វា​អាច​រកបាន​នូវ​ប្រភេទ​សត្វ​អត់​ឆ្អឹង​កង​ខ្នង និង​ត្រី​ល្អិតៗ​ជា​ចំណី ដូចជា​ទន្លេ​ចៅ​ប្រា​យ៉ា និង​ទន្លេមេគង្គ​ដែល​ត​ភ្ជាប់​ទៅ​សមុទ្រ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាដើម​។ ត្រី​បបែល​យក្ស ហាក់​បង្ហាញ​វត្តមាន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ទន្លេមេគង្គ​លើ ទន្លេសេសាន ទន្លេសេកុង ស្រែ​ពក ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។ ចំណែក​នៅក្នុង​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​ក្នុង​ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង ចំនួន​ត្រី​បបែល​យក្ស​មានការ​ធ្លាក់​ចុះ​ប្រមាណ ៥០-៩០​ភាគរយ ក្នុង​រយៈពេល ២០-៣០​ឆ្នាំ​ចុង​ក្រោយនេះ​។ ត្រី​បបែល​យក្ស វា​ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Endangered) ក្នុង​ឆ្នាំ ២០១៦ ជា​ប្រភេទ​ត្រី​រងគ្រោះ​ខ្លាំង​ដែល​នឹង​ឈានទៅ​ផុត​ពូជ​។ 
 
​គួររំលឹកថា កាលពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ ២០១៨ ក្រុមការងារ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល រួម​ដំណើរ​ដោយ​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន និង​សហការី​នៃ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) project បានធ្វើការ​សិក្សា​ស្ទង់​មតិ​មួយ ស្តីអំពី​ការយល់ដឹង​របស់​ប្រជា​នេសាទ ចំពោះ​បរិស្ថាន​អេកូឡូស៊ី​នៃ​ប្រភេទ​ត្រី​ធំៗ ដែលមាន​រស់នៅក្នុង​ទន្លេ​មគ​ង្គ និង​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ ដូចជា​៖ ត្រី​រាជ (Pangasianodon gigas); ត្រី​គល់រាំង (Catlocarpio siamensis); ត្រី​ពោ​ព្រុយ (Pangasius sanitwongsei); ត្រី​បង់​ឡាវ (Pangasius krempfi); ត្រី​ត្រសក់ (Probarbus jullieni); ត្រី​បបែល​យក្ស (Himantura polylepis); ត្រី​ស្ទក់ (Wallago lerii); ត្រី​ប៉ា​សា​ណាក (Aaptosyax grypus); ត្រី​ក្អែក (Labeo chrysophekadion); និង ត្រី​ស្រោមដាវ (Luciocyprinus striolatus) ។ ការសិក្សា​ស្ទង់​មតិ​នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅតាម​ដង​ទន្លេមេគង្គ ទន្លេសេកុង និង​ទន្លេសេសាន​។​
 
​លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ប្រធាន​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការស្ទង់មតិ​នេះ គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​ជីវចម្រុះ​ដែល​កំពុង​រងគ្រោះ​នៃ​ទន្លេមេគង្គ ជាពិសេស ប្រភេទ​ត្រី​រងគ្រោះ​។ លោក​មានប្រសាសន៍ថា​៖«​ព័ត៌មាន​ដែល​យើង​ប្រមូលបាន អាច​ប្រើប្រាស់​ដើម្បី​កំណត់​អត្តសញ្ញាណ​សំខាន់ៗ​នៃ​ទីជម្រក​របស់​ពពួក​ត្រី​ទាំងនោះ បួ​ក​រួមទាំង​ទីកន្លែង​ពង​-​កូន និង​លាក់ខ្លួន​ក្នុង​រដូវប្រាំង​របស់​ពួកវា​ផងដែរ​។ ការការពារ​ពពួក​ត្រី​ងាយ​រងគ្រោះ​ទាំងនេះ វា​ក៏​អាចជួយ​ការពារ​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ដទៃទៀត និង​ប្រភេទ​ប្រភេទ​ត្រី​ដែលមាន​សារៈសំខាន់​ចំពោះ​ការនេសាទ​ផងដែរ​»​។ លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន បាន​បន្តទៀតថា​៖«​ក្នុងចំណោម​នោះ ក៏មាន​ប្រភេទ​ត្រី​កម្រ​ក្នុង​ពិភពលោក មានដូចជា ត្រី​ប៉ា​សា​ណាក (Aaptosyax grypus) និង ត្រី​ពោ​ព្រុយ (Pangasius sanitwongsei) ផងដែរ​។ អ្នកនេសាទ​ជំនាញ​នឹង​ជួយ​យើង​ដើម្បី​ប្រមូល​ព័ត៌មាន​ទាំងអស់នេះ​។ ពួកគេ​ដើរតួនាទី​ប្រៀបដូចជា​បណ្តាញ​អ្នកវិទ្យាសាស្ត្រ​ប្រជាពលរដ្ឋ ដើម្បី​ឃ្លាំមើល​សុខភាព​ទន្លេមេគង្គ​។​
 
​កញ្ញា តេ​រ៉េ​សា ខាំ​បែ​ល អ្នក​ជីវសាស្ត្រ​ត្រី មកពី​សាកលវិទ្យាល័យ ណេ​វ៉ា​ដា រ៉េ​ណូ សហរដ្ឋអាមេរិក ជាស​ហការី​ម្នាក់​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការស្ទង់មតិ​នេះ គឺ​ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​ត្រី​ធំៗ ដែល​រស់នៅក្នុង​ទន្លេមេគង្គ​។ កញ្ញា​មានប្រសាសន៍ថា​៖ «​ត្រី​ធំៗ​ទាំងនេះ វា​មា​សារៈសំខាន់​ចំពោះ​ប្រជាជន​កម្ពុជា សម្រាប់​ជា​អាហារ ជា​ប្រាក់ចំណូល និង​ជា​វប្បធម៌​ប្រពៃណី​ផងដែរ​។ យើង​ចង់ដឹង​ពី​កន្លែង​រស់នៅ និង​ការបន្ត​ពូជ​របស់​ពួកវា​ផងដែរ ដើម្បី​ឲ្យ​យើង​អាច​ថែរក្សា​ការពារ​វា​បានល្អ​»​។ កញ្ញា តេ​រ៉េ​សា បាន​បន្តទៀតថា​៖«​យើង​ក៏​ចង់ដឹង​ផងដែរ​ថា តើ​ពួកវា​នៅសល់​ប៉ុន្មាន ដូច្នេះ យើង​នឹង​អាច​ដឹង​ពី​សារៈសំខាន់​នៃ​លក្ខ​ខ័​ណ្ឌ​ជីវិត​របស់​ពួកវា និង​អាចជួយ​ការពារ​ពួកវា​បាន​។ យើង​សង្ឃឹមថា ថ្ងៃ​ណាមួយ ត្រី​ប្រភេទ​នេះ​នឹងមាន​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​»​។​
 
 (​អត្ថបទ​៖ Chhut Chheana / USAID Wonders of the Mekong).

© រក្សាសិទ្ធិដោយ thmeythmey.com