អន្តរជាតិ
តៃវ៉ាន់​ពិចារណា​ទិញ​រថក្រោះ Abrams របស់​អាមេរិក ដើម្បី​ទប់ទល់​ចិន​
02, May 2018 , 8:39 am        
រូបភាព
រថក្រោះ Abram របស់អាមេរិកដែលតៃវ៉ាន់ចង់ទិញ (រូបភាព AFP)
រថក្រោះ Abram របស់អាមេរិកដែលតៃវ៉ាន់ចង់ទិញ (រូបភាព AFP)
​ជាមួយនឹង​ការ​កើន​ឡើ​ការគំរាមកំហែង​របស់​ចិន កោះ​តៃវ៉ាន់​បាន​សម្លឹង​ឃើញ​រថក្រោះ​អាមេរិក ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ​របស់ខ្លួន​។ រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ Yen Teh-fa និយាយថា ការសម្រេចចិត្ត​លើ​បញ្ជា​ទិញ​រថក្រោះ M1A2 Abrams របស់​អាមេរិក នឹងត្រូវ​ធ្វើ​នៅ​ចុងឆ្នាំ​នេះ ប៉ុន្តែ​ត្រូវ​ទិញ​ប៉ុន្មាន​គ្រឿង នៅ​មិនទាន់​ច្បាស់​នៅឡើយ​។ មិន​ត្រឹមតែ​សមត្ថភាព​ការពារ​ខ្លួន​ឡើយ ការទិញ​សព្វាវុធ​អាមេរិក នឹង​ជួយ​ពង្រឹង​ឧស្សាហកម្ម​ការពារជាតិ​របស់​តៃវ៉ាន់​ដែរ​។​



​ទំនាក់ទំនង​ច្រក​សមុទ្រ​តៃវ៉ាន់​រវាង​ចិនដីគោក និង​កោះ​តៃវ៉ាន់ ហាក់​កើន​កម្ដៅ​កាន់តែខ្លាំង​។ សមយុទ្ធ​ជា​ញឹកញយ​របស់​កងទ័ព​ចិន នៅ​តំបន់​ក្បែរ​កោះ ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់ បារម្ភ​យ៉ាងខ្លាំង និង​គិតថា ចិន​កំពុង​សំលៀង​ក្រញាំ មុននឹង​វាយប្រហារ​ខ្លួន​។ កោះ​តៃវ៉ាន់ ដែល​ប្រឈមមុខ​សកម្មភាព​យោធា​កាន់តែខ្លាំង​របស់​ចិន សម្លឹង​ឃើញ​រថក្រោះ​ស៊េរី​ទំនើប​របស់​អាមេរិក ដើម្បី​ទុក​ការពារ​ខ្លួន ក្នុងករណី​ចិន​ឈ្លានពាន​នោះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ Yen Teh-fa បាន​ប្រាប់​សមាជិកសភា នៅ​ថ្ងៃទី​៣០ ខែមេសា​ថា រថក្រោះ​M1A2 Abrams អាច​ដើរតួ​ជា​បន្ទាត់​ការពារជាតិ​ចុងក្រោយ​របស់​តៃវ៉ាន់ ស្របតាម​យុទ្ធសាស្ត្រ​ថ្មី ដែល​ដាក់​ចេញពី​ឆ្នាំមុន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​តៃវ៉ាន់ ក្រៅពី​ការការពារ​ប្រទេស ប្រមុខ​ការពារជាតិ​តៃវ៉ាន់​រូបនេះ​អះអាងថា រថក្រោះ​អាមេរិក នឹង​ជួយ​ផ្ទេរ​បច្ចេកវិទ្យា​ទំនើប ទៅ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ការពារជាតិ​របស់​តៃវ៉ាន់​ដែរ​។​

​ជាមួយគ្នានេះ ប្រមុខ​ការពារជាតិ​តៃវ៉ាន់​រូបនេះ ក៏បាន​ប្រមើល ពី​ការផ្លាស់ប្ដូរ   បរិបទ​តំបន់ ដោយ​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់ នឹង​ក្លាយជា​បញ្ហា​ក្ដៅ ជំនួស​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ដែល​ស្ថានភាព​បាន​ធូរស្រាល​ខ្លាំង​។ ឆ្លើយតប​នឹង​ស្ថានភាព​ប្រែប្រួល​បែបនេះ លោក Yen សង្កត់ធ្ងន់ថា យោធា​តៃវ៉ាន់ ត្រូវតែ​ពង្រឹង​ការត្រៀមខ្លួន​ប្រយុទ្ធ​ឲ្យ​រឹងមាំ​។ លោក​ក៏​រំពឹងថា ចិន​នឹង​បង្កើន​ការធ្វើ​សមយុទ្ធ​យោធា នៅក្បែរ​ដែន​កោះ​តៃវ៉ាន់​។​

​ទាក់ទង​ចំនួន​រថក្រោះ​ដែល​អាច​ទិញ ដើម្បី​បញ្ចូល​ក្នុង​យោធា​វិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​ផ្សាយ​ថា រដ្ឋាភិបាល​គ្រោង​ទិញ​រថក្រោះ M1A2 Abrams របស់​អាមេរិក​ចំនួន​ជាង​១០០​គ្រឿង​ឯណោះ ខណៈ​កងទ័ព​សង្ឃឹមថា អាច​ទិញ​កាន់តែ​ច្រើនជាង​នេះ​។ យ៉ាងណាមិញ​លោក Yen មិន​បញ្ចេញ​តួលេខ​រថក្រោះ​ត្រូវ​ទិញ​ឡើយ តែ​បង្ហើប​ថា អាច​តិចជាង​ការទិញ​លើក​មុន​។

​គម្រោង​ទិញ​រថក្រោះ​នេះ ប្រាកដជា​ធ្វើ​ឲ្យ​ចិន​ក្ដៅស្លឹកត្រចៀក​មិន​ខាន​។ ម្ដង​ជា​ពីរដង ក្រុង​ប៉េកាំង​ប្រកាស​ហើយ​ថា តៃវ៉ាន់​ជា​ទឹកដី​មិនអាច​បំបែក​បាន របស់​ចិនដីគោក ហើយក៏​មិន​ខ្លាច​ប្រើ​កម្លាំងយោធា ដើម្បី​ដណ្ដើម​តៃវ៉ាន់ ដើម្បី​គ្រប់គ្រង​ដែរ​។ កាលពី​កិច្ចប្រជុំសភា​ក្នុង​ខែមីនា ប្រធានាធិបតី ស៊ី ជិន​ភីង បាន​ផ្ញើ​សារ​ព្រមាន​ដែរ​ថា គ្មាន​ទឹកដី​ណាមួយ សូម្បីតែ​មី​លី​ម៉ែត្រ ដែល​អាច​របូត​ចេញពី​ទឹកដី​ចិន​ឡើយ ហើយក៏​គ្មាន​កម្លាំង​ណា​អាច​បំបែក​ចិន​បានដែរ​៕


Tag:
 តៃវ៉ាន់​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com