កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គ្រូ Muangthang របស់​ថៃ នាំ Fulham ឡើងទៅ​កាន់ Premier League វិញ​
27, May 2018 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
លោក Slaviša Jokanović គ្រូបង្វឹក​ស៊ែ​ប៊ី ដែល​ធ្លាប់​ដឹកនាំ​ក្លិប Muangthang United របស់​ថៃ បាន​នាំ Fulham ឡើងទៅ​កាន់​ក្របខណ្ឌ Premier League វិញ ក្រោយ​ក្លិប​នេះ ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​អស់​រយៈពេល​៤​ឆ្នាំ​។ នា​ជំនួប​វគ្គ Play-off ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ Championship កីឡាករ Tom Cairney បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ពាក់កណ្តាល​តង់​ទីមួយ និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​លើ Aston Villa នៅ​កីឡដ្ឋាន Wembley​។​





​ក្រុម​របស់លោក Jokanovic បាន​បាត់​សមាជិក​ម្នា​ក់នៅ​២០​នាទីចុងក្រោយ ដោយ​ខ្សែការពារ Denis Odoi ត្រូវបាន​បណ្តេញចេញ ក្រោយ​ការបង្ក​គ្រោះ​ថ្នាក់លើ Jack Grealish របស់ Aston Villa​។ ទោះបីជា​ក្រុម Aston Villa ក្រោម​ការដឹកនាំ​របស់​លោក Steve Bruce និង​មាន​កីឡាករ​ជើងចាស់ John Terry ប្រឹង​វាយ​សម្រុក​យ៉ាងណាក៏ដោយ Fulham បាន​រក្សា​ជ័យជម្នះ ១-០ រហូតដល់​បញ្ចប់​ការប្រកួត​។​

Fulham មាន លោក Shadid Khan ជា​ម្ចាស់​ក្លិប​។ ការឡើង​ទៅកាន់​ក្របខណ្ឌ​កំពូល Premier League ក្រោយ​ធ្លាក់​ចេញ​អស់​រយៈពេល​៤​ឆ្នាំ នាំ​ឲ្យ​មហាសេដ្ឋី​អាមេរិក​ដើមកំណើត​ប៉ា​គី​ស្ថាន​រូបនេះ ត្រូវ​តម្លើង​ខ្ទង់​ហិរញ្ញវត្ថុ​ជាច្រើន​លាន​ដុល្លារ​បន្ថែមទៀត​។​

​លោក Jokanovic អាយុ​៤៩​ឆ្នាំ បាន​ដឹកនាំ Fulham កាលពី​ឆ្នាំ​២០១៥ ។ សម្រាប់​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ លោក​ធ្លាប់ជួយ​ឲ្យ​ក្លិប Partizan ឈ្នះ​ពាន Serbian Super Liga ២​រដូវ​កាល​ជាប់​គ្នា និង​ធ្លាប់​នាំ Muangthong United ឈ្នះ​ពាន Thai Premier League កាលពី​ឆ្នាំ​២០១២ ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com