ក្លិប Manchester United បានប្រកាសជាផ្លូវការពីការចុះហត្ថលេខានាំយកខ្សែការពារវ័យក្មេង Diogo Dalot ពី FC Porto ជាមួយនឹងតម្លៃផ្ទេរ ១៩លានផោន (ជាង២៥លានដុល្លារអាមេរិក)។ នេះបើយោងតាមការចុះផ្សាររបស់វេបសាយផ្លួវការ Man Utd។
ខ្សែការពារ វ័យ១៩ឆ្នាំ ដែលបង្ហាញខ្លួនត្រឹម ៧ប្រកួតឲ្យក្លិបជើងឯក Primeira Liga នៃលីគកំពូលព័រទុយហ្គាល់រដូវកាលនេះ យល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅទឹកដី Old Trafford រួមទាំងលក្ខខណ្ឌពិសេសបន្តរយៈពេល១ឆ្នាំទៀត។
Dalot ជាប់ជម្រើសជាតិយុវជនព័រទុយហ្គាល់ចាប់ពី U15 រហូតដល់ U21 ហើយត្រូវបានក្រុមឈុតធំ Porto កោះហៅឲ្យចូលរួមក្រុមក្នុងឆ្នាំ ២០១៧ ដោយបង្ហាញខ្លួនលើកដំបូងកាលពីខែតុលា។ រូបគេក៏បានជួយក្លិបនេះប្រកួតស្មើជាមួយ Liverpool ក្នុងក្របខណ្ឌ Champions League កាលពីខែកុម្ភៈ ឆ្នាំ២០១៨នេះផងដែរ។
លោក Jose Mourinho បានសរសើរអតីតយុវជន Porto នេះថា៖« Dalot ជាខ្សែការពារវ័យក្មេងមានទេពកោសល្យ និងគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីក្លាយជាកីឡាករដ៏អស្ចារ្យសម្រាប់ Man Utd។ កាយសម្បទា យុទ្ធសាស្ត្រ និងគុណភាពបច្ចេកទេសរួមទាំងភាពចាស់ទុំរបស់គេគឺស្ថិតក្នុងកម្រិតអាជីពរួចទៅហើយ»។
ក្រៅពី Dalot អតីតអ្នកចាត់ការ Real Madrid និងChelsea ក៏កៀកនឹងយកបានខ្សែបម្រើប្រេស៊ីល Fred ពី Shakhtar Donetsk មកកាន់ទឹកដីអង់គ្លេសចាប់ៗនេះដែរ ខណៈរូបគេមានភារកិច្ចជួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីខាងមុខនេះ៕