ជាតិ
អាជ្ញាធរ​ភ្នំពេញ ប្រាប់​ពលរដ្ឋ​ឲ្យ​ផ្អាក​ធ្វើដំណើរ​១​ខែ លើផ្លូវ​ដួង​ងៀប ដើម្បី​ដាក់លូ​រំដោះ​ទឹក​
03, Oct 2018 , 7:59 am        
រូបភាព
រូបភាពបានពីរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពបានពីរដ្ឋបាលរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​សាធារណជន​ដែល​រស់នៅ និង​ធ្វើដំណើរ តាម​បណ្តា​យ​ផ្លូវ​ដួង​ងៀប​ចាប់ពី​ផ្លូវ​លេខ​២០០៤ ដល់​ផ្លូវ​ចោមចៅ​(​វេ​ង​ស្រេង​) ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍​លើផ្លូវ​នេះ រយៈពេល​១​ខែ ដើម្បី​ឲ្យ​អាជ្ញាធរ​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​រដូវវស្សា​ដែល​ជន់​លិច​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១​តុលា​។​

 
​ការផ្អាក​ធ្វើ​ចរាចរណ៍​លើផ្លូវ​នេះ ត្រូវបាន​អនុវត្តន៍ ចាប់​ពីថ្ងៃ​ជូនដំណឹង​ខាងលើ រហូតដល់​ការដ្ឋាន​ត្រូវ​បញ្ចប់ ក្នុង​រយៈពេល​៣០​ថ្ងៃ​។ សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់លូ​ប្រអប់​មេ​កាត់​ទទឹង​លើផ្លូវ ដួង ងៀប ទំហំ​មុខកាត់​២,៥​ម៉ែត្រ x ២,៥​ម៉ែត្រ ចំនួន​៣​ជួរ ដោយ​ភ្ជាប់​ជាមួយ​ប្រឡាយ​បារាំង ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​ខាងកើត និង​ត្បូង អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពិសេស​តំបន់​សឡា ផ្លូវ​២០០៤​។ 
 
​ជាមួយគ្នានេះ អាជ្ញាធរ ក៏បាន​អំពាវនាវ​ដល់​អ្នកដំណើ​រលើ​ផ្លូវ​នេះ ត្រូវធ្វើ​ចរាចរណ៍​លើផ្លូវ​ផ្សេង ដើម្បី​បញ្ចៀស​ការកកស្ទះ និង​ជួប​បញ្ហា​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕ 
 

Tag:
 ​ផ្លូវ​
  លូ​
  ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com