ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាក្តី​ខ្មែរក្រហម​កាត់បន្ថយ​បុគ្គលិក១០ភាគរយ​ព្រោះ​បញ្ហា​ថវិកា
02, Jul 2013 , 1:02 pm        
រូបភាព
ដោយ:
ចាប់ពី​ដើមខែ​កក្កដា​នេះ​តទៅ សាលាក្តី​ខ្មែរក្រហម​បានសម្រេច​កាត់បន្ថយ​បុគ្គលិក​ភាគី​កម្ពុជា​ចំនួន ១០ ភាគរយ ក្នុងចំណោម​បុគ្គលិក​សរុប​ចំនួន ២៦៧ នាក់​ដែល​សាលាក្តី​មាន​បច្ចុប្បន្ន។ សាលាក្តី​ក៏​គ្រោង​កាត់បន្ថយ​បុគ្គលិក ១០ ភាគរយ​ទៀត​នៅ​ដំណាច់ឆ្នាំ ២០១៣  ។ មូលហេតុ​គឺ​ដោយសារ​បញ្ហា​ថវិកា និង​តម្រូវការ​ក្នុ​ជាក់ស្តែង​របស់​សាលាក្តី។
--

ចាប់ពី​ដើមខែ​កក្កដា​នេះ​តទៅ បុគ្គលិក​ដែល​ធ្លាប់​បម្រើការ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ចំនួន​ប្រមាណ​ជា ៣០ នាក់ ត្រូវជា ១០ ភាគរយ​នៃ​បុគ្គលិក​សរុប​ចំនួន ២៦៧ នាក់​ត្រូវបាន​រដ្ឋបាល​សាលាក្តី​នេះ​កាត់បន្ថយ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការកាត់បន្ថយ​បុគ្គលិក​នេះ​គឺ​ដោយសារតែ​សាលាក្តី​ជួប​បញ្ហា​ថវិកា​និង​ដោយសារ​តម្រូវការ​ជាក់ស្តែង​របស់​សាលាក្តី​ផងដែរ​ពោលគឺ​ជនជាប់ចោទ​នៅសល់តែ​ពីរ​នាក់​ប៉ុណ្ណោះ។សាលាក្តី​ខ្មែរក្រហម​ក៏​គ្រោង​កាត់បន្ថយ​បុគ្គលិក​បន្ថែម ១០ភាគរយ​ទៀត​នៅ​ដំណាច់ឆ្នាំ ២០១៣ នេះ។
ចំណែកឯ​បុគ្គលិក​ដែល​នៅ​បន្ត​បម្រើ​ការងារ​តទៅទៀត​នោះ​ក៏​មិនទាន់​ទទួលបាន​ប្រាក់ខែ​ដែរ​ពី​ព្រោះតែ​សាលាក្តី​នេះ​អស់​ថវិកា​សម្រាប់​ដំណើរការ​ទៅហើយ។

សូមបញ្ជាក់ថា នៅ​ដំណាច់​ខែមិថុនា​នេះ បុគ្គលិក​ជាតិ​ទាំងអស់​នៅ​សាលាក្តី​ខ្មែរក្រហម​មិនបាន​ទទួល​ប្រាក់ខែ​របស់​ពួកគេ​ឡើយ ខណៈដែល​ប្រាក់ខែ​ខែឧសភា​នៅ​មិនទាន់​បើក​បាន​គ្រប់​ចំនួន​ផង។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​នៃ​តុលាការ​ខ្មែរក្រហម សាលាក្តី​ក៏​នៅ​មិនទាន់​បានទទួល​ការសន្យា​ផ្តល់ជំនួយ​ពី​ប្រទេស​ផ្តល់ជំនួយ​ណាមួយ​នៅឡើយ​ដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com