ខ្មែរ​ក្រហម
ជាតិ
នួន ជា៖ ជម្លៀស​ប្រជាជន​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត និង​មាន​ហេតុផល​
10, Jul 2013 , 10:44 am        
រូបភាព
ដោយ:
ជាការ​ថ្លែង​ដើម្បី​ដោះ​បន្ទុក​ពី​ការចោទប្រកាន់​របស់​ស​ហ​ព្រះរាជ​អា​ជ្ញា​នៃសាលាក្តី​ក្រហម​នោះ នៅ​ថ្ងៃទី៩ ខែកក្កដា​ អតីត​បងធំ​ទី២នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក​ នួន ជា បាន​អត្ថាធិប្បាយ​ថា ការជម្លៀស​ប្រជាជន​ចេញពី​ភ្នំពេញ​នៅ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នោះ គឺជា​ការធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​ប្រជាជន​ដែល​ស្រលាញ់​បដិវត្តន៍។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា មាន​មូលហេតុ​ពីរសំខាន់ៗដែល​ជំរុញ​ឲ្យ​ក្រុម​របស់ខ្លួន​ត្រូវ​ជម្លៀស​ប្រជាជន​ចេញពី​ភ្នំពេញ។


លោក នួន ជា មិនបាន​បដិសេធ​ចំពោះ​ការជម្លៀស​ប្រជាជន​ចេញពី​ក្រុងភ្នំពេញ​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នោះទេ។ ប៉ុន្តែ​លោកបញ្ជាក់ថា ការជម្លៀស​ប្រជាជន​នាពេលនេះ​មិនមែនជា​ការជម្លៀស​ដោយ​ប​ង្ខុំ ឬ​ប្រើ​ហិង្សា​នោះទេ ពោល​គឺប្រជា​ជន​ត្រូវបាន​ជម្លៀស​ដោយ​ស្ម័គ្រចិត្ត។

លោកថ្លែងថា៖« ការជម្លៀស​ប្រជាជន​នាពេលនោះ គឺជា​ការជម្លៀស​ដោយ​ស្ម័គ្រចិត្ត គ្មាន​ហិង្សា ឬ​កាប់សម្លាប់​អ្វី​នោះទេ។ បន្ទាប់ពី​ប្រជាជន​ស្ដាប់​ការពន្យល់​របស់​បក្ស​ហើយ ពួកគេ​ក៏បាន​ជ្រាប​ពី​គ្រោះថ្នាក់ និង​តម្រូវការ​របស់​ជាតិ។ ដូច្នេះហើយ​ប្រជាជន​ដែល​គាំទ្រ និង​ស្រលាញ់​បដិវត្តន៍ ពួកគាត់​បានសម្រេច​ចិត្ត​ធ្វើតាម​ការកំណត់​របស​បក្ស»។

ជាមួយគ្នានេះ​លោក នួន ជា ក៏បាន​បង្ហាញ​នូវ​ហេតុផលសំខាន់ៗពីរ​ដែល​ជំរុញ​ឲ្យ​បដិវត្តន៍​ត្រូវតែ​ជម្លៀស​ប្រជាជន​ចេញពី​ក្រុងភ្នំពេញ​នាពេលនេះ​ជាបន្ទាន់។ ហេតុផល​ដែល​លោកតា​អះអាង​នោះ គឺ​ទីមួយ​ការព្រួយបារម្ភ​ពី​ការទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក និង​ទី​ពីរ​គឺ​ស្ថានការណ៍​នាពេលនោះ​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​បង្កើន​ការបង្ករ​បង្កើន​ផល​ដើម្បី​សន្តិសុខ​ស្បៀងអាហារ​ក្នុងប្រទេស។

ហេតុផល​ទីមួយ​ត្រូវបាន​លោក នួន ជា ពន្យល់​ប្រាប់​អង្គ​សវនាការ​ថា មេដឹកនាំ​បដិវត្តន៍​មានការ​ព្រួយ​បា​ម្ភ​ជាខ្លាំង​ជាមួយ​ការទម្លាក់​គ្រាប់​បែប​របស់​សហរដ្ឋអាមេរិក ហើយ​ចំនុច​នេះ​ក៏​ជា​ហេតុផល​សមរម្យ ដែល​អាច​ឲ្យ​ពលរដ្ឋ​ជឿថា​អាមេរិក​នឹង​អាច​ទម្លាក់​គ្រាប់បែក​មកលើ​ក្រុងភ្នំពេញ​ប្រាកដ​មែន ព្រោះ​នាពេលនេះ​នរណា​ក៏​ដឹង​ដែរ​ថា​របស់រ​សាធារណៈរដ្ឋ​របប លន់ ណុល ដែលមាន​អាមេរិក​ជា​ខ្នងបង្អែក​នោះ ត្រូវបាន​ចលនា​បដិវត្តន៍​វាយ​ផ្ដូ​ល​រំលំ។

លោក នួន ជា បាន​បន្តថា៖« នាពេលនោះ​កម្ពុជា​យើង​កំពុង​បាន​ចាប់ដៃគ្នា​ជាមួយ​វៀតណាម​ខាងជើង​ដើម្បី​ផ្ដួលរំលំ​វៀតណាម​ខាងត្បូង​ដែល​គាំទ្រ​ដោយ​អាមេរិក។ ដូច្នេះ​អាមេរិក​ឃើញថា កម្ពុជា​និង​វៀតណាម​ខាងជើង​ជាស​ត្រូវ​រួម​របស់​អាមេរិក។ មុន​ពេលដែល​បដិវត្ត​ន៍​ឈ្នះ លន់ ណុល  អាមេរិក​វា​ទម្លាក់​គ្រាប់បែក បេ​ហាសិប​ពីរ (B52)នៅ​លើដី​កម្ពុជាអស់៣រយ​យប់៣ថ្ងៃ​ពាសពេញ​ប្រទេស។ ដោយ​ពិចារណា​ឃើញ​ដូច្នេះហើយ​ទើប​ជំរុញ​ឲ្យ ប៉ុល ពត ប​ង្ខុំ​ចិត្ត​ជម្លៀស​ប្រជាជន​មួយរយៈ​ពេល​សិន»។

ចំណែក​ហេតុផល​ដោះ​បន្ទុក​ទី២វិញ លោក នួន ជា មានប្រសាសន៍ថា៖« ប្រទេស​កម្ពុជា​របស់​យើង​បាន​រង​នូវ​សង្គ្រាម​រាំ​រៃ​ជាច្រើន​ឆ្នាំ។ ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​ជួបប្រទះ​នឹង​បញ្ហា​ជាច្រើន ក្នុងនោះ​បញ្ហា​ចំបង​គឺ​កង្វះខាត​ស្បៀងអាហារ។ ព្រោះ​បន្ទាប់ពី​ឈ្នះ លន់ ណុល យើង​គ្មាន​ជំនួយ​អ្វី​បន្តិច​ណា​ទេ។ ដូច្នេះ​កាលៈទេសៈ​នោះ ទាមទារ​ឲ្យ​ប្រជាជន​ត្រូវ​រួមគ្នា​ផលិត​ស្រូវ​ដើម្បី​បំពេញតម្រូវការ​ចាំបាច់​របស់​ជាតិ»។  

គួរ​បញ្ជាក់ថា នៅក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ជនជាប់ចោទ​ក្នុង​សំណុំរឿង ០០២ នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ឡើង​សវន​កា​ដើម្បី​ថ្លែង​អះអាង​ការពារ​ខ្លួន។ អតីត​បងធំ​ទី២រូបនេះ បាន​ថ្លែង​បដិសេធ​ទាំងស្រុង​រាល់​ការចោទប្រកាន់​របស់​ស​ហ​ព្រះរាជអាជ្ញា​ជាពិសេស​ទាក់ទង​នឹង​ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង និង​ទង់​បដិវត្តន៍​របស់​ខ្មែរក្រហម៕



 

© រក្សាសិទ្ធិដោយ thmeythmey.com