ខ្មែរ​ក្រហម
ជាតិ
CCHR ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​ឯករាជ្យភាព​របស់​សាលាក្ដី​ខ្មែរក្រហម
16, Jul 2013 , 4:17 pm        
រូបភាព
ដោយ:
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​CCHR បាន​រំលឹក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ឲ្យ​បង្កើន​នូវ​កិច្ចខិតខំ​ប្រឹងប្រែង របស់ខ្លួន​ដើម្បី​ការពារ និង​លើកកម្ពស់​ឯករាជ្យភាព នៃ​សាលាក្ដី​ខ្មែរក្រហម។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍ របស់​CCHR ដែល​បានចេញ​ផ្សាយ​នៅថ្ងៃនេះ។




ការចេញផ្សាយ​នូវ​សេចក្ដីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ស្របពេល​ជាមួយនឹង ការ​ប្រារព្ធ​ទិវា​យុត្តិធម៌​អន្តរជាតិ ថ្ងៃទី១៧ ខែកក្កដា​ស្អែក​នេះ។ ក្រៅពី​ការស្នើ​ឲ្យ​មានការ​គោរព​នូវ​ឯក​រាជ្យ របស់​តុលាការ​កូនកាត់​មួយ​នេះ CCHRក៏បាន​ស្នើ​ឲ្យ​មាន ការចាត់វិធានការ​ជាក់ស្ដែង ដើម្បី​ធានា​នូវ​កេរ្តិ៍ដំណែល​ជា​វិជ្ជមាន​របស់​តុលាការ​នេះ ដើម្បី​ឲ្យ​តុលាការជាតិ​យក​គំរូ​តាម​ផងដែរ។

សេចក្ដីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ដោយសារតែ​មានការ ចោទប្រកាន់​ជា​បន្តបន្ទាប់ លើ​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ ពី​សំណាក់​រាជរដ្ឋាភិបាល នៅក្នុង​នីតិវីធី​របស់ អ.វ.ត.ក ជាពិសេស​ចំពោះ​ករណី​ស៊ើបអង្កេត នៅក្នុង​សំណុំរឿង០០៣ និង ០០៤ ដែលជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​កេរ្តិ៍ដំណែល​របស់ អ.វ.ត.ក និង​ជាការ​រាំងស្ទះ​ដល់​ការរក​យុត្តិធម៌​ជូន​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម​ទៀតផង។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មានប្រសាសន៍ថា៖«ទិវា​យុត្តិធម៌​អន្តរជាតិ គឺ​ជា​ឱកាស​មួយ សម្រាប់​ពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក ធ្វើការ​ក្រើនរំលឹក​ដល់​រដ្ឋាភិបាល​របស់ខ្លួន ក្នុងការ​ទទួលខុសត្រូវ​ដោយ​នាំ​ជនល្មើស នៃ​ករណី​រំលោភបំពាន ផ្នែក​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរមក​កាត់ទោស ដោយ​មិន​គិតពី​ដែន​កំណត់ ឬ​របៀបវារៈ​នយោបាយ​ឡើយ»។

លោក​បន្តថា៖«អ.វ.ត.ក ត្រូវបាន​បង្កើតឡើង​ដើម្បី​រក​យុត្តិធម៌ ជូន​ជនរងគ្រោះ និង​អ្នក​រស់រានមានជីវិត​នៅក្រោយ​របប​ក្មែរក្រហម ប៉ុន្តែ​ជា​អកុសល​រដ្ឋាភិបាល បាន​បន្ត​រារាំង​ដោយ​មិន​​ឲ្យ​ធ្វើការ​ស៊ើបអង្កេត បន្ថែម​ទៅលើ​ជនជាប់សង្ស័យផ្សេងៗទៀតឡើយ»។

គួរបញ្ជាក់​ផងដែរ​ថា ទិវា​យុត្តិធម៌​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​រៀងរាល់​ខែកក្កដា ដើម្បី​រំលឹក​ដល់​ការអនុម័ត​លក្ខន្តិកៈ ទីក្រុង​រ៉ូម ស្ដីពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៨ និង​ដើម្បី​លើកកម្ពស់​យុត្តិធម៌ ក្នុង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com