ជាតិ
សេដ្ឋកិច្ច
រយៈពេល​៤​ថ្ងៃ CDC អនុម័ត​លើ​គម្រោង​វិនិយោគ​ជាង​១០ ក្នុង​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ
24, Dec 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ឲ្យ​ក្រុមហ៊ុន “XINZHONGYING EMBROIDERY & TEXTILE CO.,LTD បោះទុន​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ប៉ាក់​សម្លៀកបំពាក់​នៅ​កម្ពុជា តាម​ការស្នើសុំ នៅ​ថ្ងៃទី​២៤ ធ្នូ​នេះ​។ ក្នុង​រយៈពេល​៤​ថ្ងៃ​មកនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​លើ​គម្រោង​វិនិយោគ​ជាង​១០ ក្នុង​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ​។​


 
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់​នៅ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន​ថា ក្រុមហ៊ុន​វិនិយោគ​ខាងលើនេះ នឹង​បោះទុន​ប្រមាណ ៤,៣៨​លាន​ដុល្លារ​អាមេរិក ដែល​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧១​កន្លែង​។​ទីតាំង​វិនិយោគ​នេះ ស្ថិតនៅ​ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ​។​
 
​គិត​ត្រឹម​រយៈពេល​៤​ថ្ងៃនេះ ពោលគឺ​ចាប់ពី​ថ្ងៃទី​២១​ដល់​២៤​ធ្នូ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ឲ្យ​ក្រុមហ៊ុន​ជាង​១០ វិនិយោគ​លើ​គម្រោង​ដែលមាន​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ ក្នុង​វិស័យ​ផ្សេងៗ​គ្នា​។ ក្រុមហ៊ុន​ដែល​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​នេះ​រួមមាន​៖ ក្រុមហ៊ុន FAR EAST IMPOREXPORT CO.,LTD. ដែលមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា និង​ស្រា​បៀរ (​ទីតាំង​រាជធានី​ភ្នំពេញ​) មាន​ទុនវិនិយោគ​ប្រមាណ ១៣,១៨​លាន​ដុល្លារ​អាមេរិក ។ ក្រុមហ៊ុន GO FRESH F & B CO.,LTD. គ្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកក្រូច ទឹក​ផ្លែឈើ ទឹកបរិសុទ្ធ និង​នំ​ស្រួយ ( ខេត្តតាកែវ​) មាន​ទុនវិនិយោគ​ប្រមាណ ១៧,៥៨​លាន​ដុល្លារ​អាមេរិក ។ ក្រុមហ៊ុន LIEFENG OUTDOORS (CAMBODIA) CO.,LTD. គ្រោង​បង្កើត​រោងចក្រ​ដេរអាវ​សុវត្ថិភាព តង់ និង​កាបូប​គ្រប់​ប្រភេទ (​ខេត្តតាកែវ ) មាន​ទុនវិនិយោគ​ប្រមាណ ៥,៤​លាន​ដុល្លារ​អាមេរិក ។ 
 
CDC បានបញ្ជាក់​ទៀតថា ក្រុមហ៊ុន LAMUES LIGHT ENTERPRISE CO.,LTD. ដែល​នឹង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​អំពូល​ភ្លើងពណ៌​សម្រាប់​តាំង​លម្អ​គ្រប់​ប្រភេទ (​រាជធានី​ភ្នំពេញ​) នឹង​បោះទុន​វិនិយោគ​ប្រមាណ ៥,៦៩​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា ។ ចំណែក​ក្រុមហ៊ុន ALEX CORPORATION នឹង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០KV ពី​ស្ថានីយ​វា​រី អគ្គិសនី​ស្ទឹង​តា​តៃ (​ខេត្តកោះកុង​) មក​រាជធានី​ភ្នំពេញ (​ស្ថានីយ​បែក​ចាន​) តាម​រូបភាព សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​ទុនវិនិយោគ​ប្រមាណ ១៣៦,៦៩​លាន​ដុល្លារ​អាមេរិក ។ ដោយឡែក​ក្រុមហ៊ុន LAN KAY PLASTIC TECHNOLOGY (CAMBODIA) CO.,LTD ត្រៀម​ទុនវិនិយោគ​ប្រមាណ ២,៩៥​លាន​ដុល្លារ​អាមេរិក សម្រាប់​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក “​កែវ ដប ចាន ប្រអប់ ថង់​...​នៅ​រាជធានី​ភ្នំពេញ ។ រីឯ ក្រុមហ៊ុន DER SHENG FA PACKAGING INDUSTRIAL CO.,LTD ឯណេះ​វិញ ក៏មាន​ទុនវិនិយោគ​ប្រមាណ ២,២៣​លាន​ដុល្លារ​អាមេរិក ដែល​គ្រោង​បង្កើត​រោងចក្រ​ផលិត​ស្បោង ប្លា​ស្ទិ​ក និង​បោះពុម្ព ( រាជធានី​ភ្នំពេញ​) ។ 
 
​ក្រៅពីនេះ​ក៏មាន​ក្រុមហ៊ុន S.H.R.N.G INVESTMENT CO.,LTD. គ្រោង​ធ្វើ​អាជីវកម្ម​ថ្ម​អារ ឬ​ថ្ម​ម៉ាប (​ខេត្តកំពង់ឆ្នាំង​) ដែលមាន​ទុនវិនិយោគ​ប្រមាណ ៤,៦៤​លាន​ដុល្លារ​អាមេរិក ។ ចំណែក​ក្រុមហ៊ុន DONGLIANG PAPER MILL INDUSTRY TECHNOLOGY (CAMBODIA) CO.,LTD ដែល​បង្កើត​រោងចក្រ​ផលិត​ក្រដាស​វេច​ខ្ចប់​គ្រប់​ប្រភេទ (​ខេត្តបាត់ដំបង​) មាន​ទុនវិនិយោគ​ប្រមាណ ១១,១១​លាន​ដុល្លារ​អាមេរិក ខណៈ​ក្រុមហ៊ុន SCORPIO CAMTRIP CO.,LTD. ដែលមាន​ទុនវិនិយោគ​ប្រមាណ ៩៤,៥​លាន​ដុល្លារ​អាមេរិក គ្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៦០០​បន្ទប់ នៅ​ខេត្តកណ្តាល ។​
 
​ក្រុមហ៊ុន​ទាំង​១០​ខាងលើនេះ នឹង​អាច​ផ្ដល់​ការងារ​សរុប​ដល់​ពល​រដ្ឋ​បាន​៥,៤៦៧​កន្លែង​។ នេះ​បើតាម CDC ដែល​បាន​បន្ថែមថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រេច​ឯកភាព​ឱ្យមាន​ការវិនិយោគ តែ​ពុំមាន​ការលើកទឹកចិត្ត​សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន XIAMENT TOBACCO (CAMBODIA) CO.,LTD. ដែលមាន​ទុនវិនិយោគ​ប្រមាណ ២,៧៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧១​កន្លែង​ឡើយ​៕
 

Tag:
 CDC
  សេដ្ឋកិច្ច​
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com