ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រឹទ្ធសភា យល់ព្រម​ទាំងស្រុង​លើ​ការកែ​ច្បាប់ ដែល​បើកផ្លូវ​ឲ្យ​ក្រុមប្រឆាំង​វិល​មកវិញ​
25, Dec 2018 , 9:53 am        
រូបភាព
ដោយ: ថ្មីៗ
​តាមរយៈ​កិច្ចប្រជុំពេញអង្គ​នា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ព្រឹទ្ធសភា បានអនុម័ត​លើ​សំណើ ដែល​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។


 
​ជា​ដំណាក់កាល​បន្ទាប់ ច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ​បន្ត​។ ក្រោយ​ក្រុមប្រឹក្សាធម្មនុញ្ញ  ពិនិត្យ​និង​អនុម័ត​រួច ច្បាប់​នេះ នឹង​ឈានដល់​ជំហាន​ចុងក្រោយ គឺ​ត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ចេញ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើប្រាស់​។ 
 
​មាត្រ​៤៥​ថ្មី (​ស្ទួន​) បានប្រគល់​អំណាច​ឲ្យ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​ណាមួយ ហើយក៏​អាច​ហាម​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នោះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផងដែរ​។ ដូច្នេះ បើ​បុគ្គល​ណា ជាប់​បម្រាម​នេះ បុគ្គល​នោះ នឹងត្រូវ​ខាត​ពេល​ដល់​ទៅ​៥​ឆ្នាំ ក្នុង​ការធ្វើ​នយោបាយ​។ 
 
​ប៉ុន្តែ មាត្រា​៤៥​ថ្មី (​ស្ទួន​១) ដែល​ក្លាយ​មកពី​មាត្រា​៤៥​ថ្មី (​ស្ទួន​) តាមរយៈ​ការធ្វើ​វិសោធនកម្ម អាចធ្វើ​ឲ្យ​បុគ្គល​ទាំងនោះ រួច​ផុតពី​បម្រាម​របស់​តុលាការ​កំពូល​។ មាត្រា​៤៥​ថ្មី (​ស្ទួន​១) បានផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី ក្នុងការ​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ អនុញ្ញាត​ឲ្យ​បុគ្គល ដែល​ជាប់​បម្រាម បាន​វិល​មកកាន់​ឆាកនយោបាយ​វិញ មុន​កាលកំណត់​របស់​តុលាការ​កំពូល​។ 
 
​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាសថា ទោះជា​ច្បាប់​នេះ ត្រូវបាន​កែប្រែ​រួច ហើយ​ចូល​ជា​ធរមាន​ក៏ដោយ ក៏​មិនមែន​ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​អតីត​គណបក្សប្រឆាំង បានទទួល​សិទ្ធិ​នយោបាយ​វិញ ដោយ​ស្វ​យ​ប្រវត្តិ​នោះទេ​។ នាយករដ្ឋមន្ត្រី បញ្ជាក់ថា បើ​ចង់បាន​សិទ្ធិ​នយោបាយ​វិញ អ្នក​ទាំងនោះ ត្រូវ​ធ្វើសំណើ​ម្នាក់​ម្តង ឬក៏​ធ្វើសំណើ​ជា​កញ្ចប់ ដែលមាន​គ្នា​៤​ទៅ​៥​នាក់​។  
 
​ថ្វីបើ​ប្រមុខ​រដ្ឋាភិបាល និយាយ​បើកផ្លូវ​បែបនេះ​ក្តី ប៉ុន្តែ ក្នុងចំណោម​ថ្នាក់ដឹកនាំ​ជាង​១០០​នាក់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​បម្រាម​របស់​តុលាការ​កំពូល មានតែ​២​នាក់​ប៉ុណ្ណោះ គឺ​លោក គង់ គាំ និង លោក គង់ បូរ៉ា ដែល​បានប្រកាសថា នឹងធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​។ 
 
​លោក សម រង្ស៊ី អំពាវនាវ​ពី​ក្រៅប្រទេស​មក​ថា ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនគួរ​ឱនលំទោន​ទៅសុំ​សិទ្ធិ​នយោបាយ ពី​រដ្ឋាភិបាល​នោះទេ​។ លោក ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ទាំងនោះ បន្ត​រួមគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា ជាមុនសិន ហើយ​ចាំ​គិតពី​ដំណោះស្រាយ​ផ្សេងទៀត​តាម​ក្រោយ​៕ 
 
 

Tag:
 ច្បាប់​នយោបាយ​
  ព្រឹទ្ធសភា​
  អនុម័ត​
© រក្សាសិទ្ធិដោយ thmeythmey.com