កីឡាជាតិ
ជាតិ
កីឡា​ប្រពៃណី​និង​ទំនើប​ជាង​១០​ប្រភេទ​ចូលរួម​ប្រកួត​និង​សម្តែង នា​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ​
26, Dec 2018 , 7:59 am        
រូបភាព
ដោយ:
​កីឡា​វប្បធម៌​ប្រពៃណី​និង​ទំនើប​ជាង​១០​ប្រភេទ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​និង​សម្តែង​ដើម្បី​អបអរ​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ និង​ខួប​លើក​ទី​២០​នៃ​នយោបាយ​ឈ្នះៗ​របស់​សម្តេច ហ៊ុន សែន និង​បុណ្យចូលឆ្នាំ​សកល​។ ការប្រកួត និង​សម្តែង​កីឡា​នេះដែរ ក៏​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ រឹតចំណង​សាមគ្គីភាព មិត្តភាព និង​ផ្សព្វផ្សាយ​ពី​កីឡា​ទាំងនេះ​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់​កាន់តែច្បាស់​ផងដែរ​។​

 
​កីឡា​វប្បធម៌​ប្រពៃណី​និង​ទំនើប​ជាង​១០​ប្រភេទ​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ប្រកួត​និង​សម្តែង​ក្នុង​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះៗ​ចន្លោះ​ពីថ្ងៃ​ទី​២៨-៣១ ខែធ្នូ ឆ្នាំ​២០១៨​។ ការប្រកួត​និង​សម្តែង​កីឡា​ទាំងនេះ ភាគច្រើន​រៀបចំ​នៅ​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​នៅ​ស្តូប​វិមាន​ឈ្នះៗ​នៅ​តំបន់​អភិវឌ្ឍន៍​របស់លោក លី យ៉ុង​ផាត់​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រៅពី​ការប្រកួត និង​សម្តែង​កីឡា​មហាជន ក៏មាន​ការប្រកួត​ផ្លូវការ​មិត្តភាព​ជាតិ​និង​អន្តរជាតិ ដើម្បី​ដណ្តើម​ជើងឯក​និង​ខ្សែក្រវាត់​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ កីឡា​ទាំងនេះ​រួមមាន​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ អុកចត្រង្គ ប្រណាំង​កង់ និង​វាយកូនគោល​ជាដើម​។ 
 
«​យើង​មាន​ភារកិច្ច​ទទួលខុស​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​កីឡា ដើម្បី​អបអរ​ក្នុង​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះៗ និង​ខួប​២០​ឆ្នាំ​នៃ​ការដាក់ចេញ​នយោបាយ​ឈ្នះៗ​របស់​សម្តេច ហ៊ុន សែន​។ ក្នុងនោះ​យើង​នឹង​រៀបចំ​កីឡា​ប្រពៃណី​ភាគច្រើន និង​កីឡា​ទំនើប​បែប​មហាជន ដោយមាន​ការប្រកួត​និង​សម្តែង​មិត្តភាព​ជាតិ និង​អន្តរជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក វ៉ា​ត់ ចំរើន​។​
 
«​យើង​មានការ​ប្រកួត​ចំបាប់​បុរាណ ដោយ​យើង​នឹង​បើក​ឲ្យ​មហាជន​ចូលរួម​លេង​ឲ្យ​បាន​ច្រើន​។ យើង​មានការ​សម្តែង​កីឡា​គុន​ល្បុក្កតោ​ជា​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​ពី​កីឡា​នេះ​ឲ្យ​កាន់តែខ្លាំង​។ ព្រោះ​យើង​កំពុង​ត្រៀមលក្ខណៈ​ដាក់​កីឡា​នេះ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ បន្ទាប់ពី​ល្ខោនខោល ដែល​ទើប​ដាក់​កាលពីពេល​ថ្មីៗ​»​។ លោក វ៉ា​ត់ ចំរើន លើកឡើង​បែបនេះ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជិះ​កង់​ឆ្ពោះទៅកាន់​វិមាន​ឈ្នះ​-​ឈ្នះ​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​។ 
 
​ក្រៅពី​អបអរ​ការសម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ និង​ខួប​លើក​ទី​២០​នៃ​នយោបាយ​ឈ្នះៗ​របស់​សម្តេច ហ៊ុន សែន និង​បុណ្យចូលឆ្នាំ​សកល ការប្រកួត​និង​សម្តែង​កីឡា​នេះ ក៏​ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​ពី​កីឡា​វប្បធម៌​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់​កាន់តែច្បាស់​ផងដែរ​។ លើសពីនេះ ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​។ ក្រៅពី​ការប្រកួត​និង​សម្តែង​កីឡា ក៏មាន​ការសម្តែង​សិល្បៈ ប្រគំ​តន្ត្រី និង​តាំង​បង្ហាញ​ស្តង់​ពិព័រណ៍​ផលិតផល​ជាតិ​និង​អន្តរជាតិ​ផងដែរ​។  
 
​កីឡា​ដែល​គ្រោង​ដាក់​ឲ្យ​ប្រកួត​និង​សម្តែង​ទាំងនោះ​រួមមាន​គុន​ល្បុក្កតោ ចំបាប់ អុកចត្រង្គ ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ប្រណាំង​គោ ក្របី​និង​សេះ ប្រណាំង​កង់​អាជីព​និង​មហាជន រត់​កម្សាន្ត វាយកូនគោល កាយ​វប្បកម្ម និង Martial Art ដែលមាន​កីឡា​ជាតិ​និង​អន្តរជាតិ​ជាង​១០​ប្រភេទ​សម្តែង​រួមគ្នា​៕  
 

Tag:
 វ៉ា​ត់ ចំរើន​
  វិមាន​ឈ្នះ​-​ឈ្នះ​
  ល្បុក្កតោ​
  ចំបាប់​
  ប្រដាល់​គុន​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com