កីឡាជាតិ
ជាតិ
ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​នាំចូល​កីឡាករ​១២​រូប ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​
30, Dec 2018 , 7:59 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប បានបង្ហាញ​កីឡាករ​ថ្មី​១២​រូប ដែល​បាន​ចុះកិច្ចសន្យា ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ពាន់រង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​លី​គ​កំពូល​។ ក្នុងចំណោម​កីឡាករ​ទាំង​១២​រូបនេះ ភាគច្រើន​មកពី​ក្លិប​នៃ​ក្របខណ្ឌ​លី​គ​កំពូល លើកលែងតែ​១​ម្នាក់​ប៉ុណ្ណោះ​មកពី​ក្លិប​ពាក់កណ្តាល​អាជីព​។

 
 
​ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល ដែល​នឹង​បើក​រដូវ​កាល​ថ្មី​នា​អំឡុង​ខែមីនា ខាងមុខ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៩ ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​បាន​នាំចូល​កីឡាករ​ថ្មី​ចំនួន​១២​រូប​។ ក្នុងចំណោម​កីឡាករ​ទាំងនេះ ៤​រូប​មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​, ២​រូប​មកពី​សូល​ទី​ឡូ​អង្គរ​, ២​រូប​ពី​យុវជន​ក្រសួងការពារជាតិ​, ១​រូប​ពី​វេ​ស្ទើ​ន​ភ្នំពេញ​, ១​រូប​ពី​ណាហ្គា​វើ​ល​, ១​រូប​មកពី​វិសាខា និង​១​រូប​មកពី​ក្រុម​ពាក់កណ្តាល​អាជីព​អាណាចក្រ​បៃតង​។​
 
​កីឡាករ​ទាំង​១២​រូប ដែល​ក្លិប​នេះ​បានបង្ហាញ​កាលពី​ចុង​សប្តាហ៍​មុន​រួមមាន​អ្នកចាំទី គុយ សម្បត្តិ​, ខ្សែបម្រើ វី ចាន់​តារា​, ខ្សែបម្រើ អ៊ុំ ឧ​ត្ត​ម​, ខ្សែការពារ កែវ រចនា​, ខ្សែបម្រើ ម៉ន កក្កដា​, ខ្សែការពារ កែវ សា​រ៉ា​ត​, ខ្សែការពារ ឡាយ រស្មី​, ខ្សែការពារ ឡូង បូរ៉ាន​, ខ្សែបម្រើ ចាន់ ថុល​វាស្នា​, ខ្សែការពារ ចាន់ ភារ​ម្យ​, ខ្សែបម្រើ សួន ឈុន​សេង និង​ខ្សែប្រយុទ្ធ រុន រា​នី​។ 
 
​ក្លិប​បាល់ទាត់​សកល​វិទ្យាល័យ​មួយ​នេះ បាន​ឡើង​មកលេង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​នៅ​ឆ្នាំ​២០១៣​។ សម្រាប់​ការប្រកួត​រដូវ​កាល​ឆ្នាំ​២០១៨ ក្លិប​នេះ​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧ ដែលជា​លទ្ធផល​ល្អ​បំផុត​សម្រាប់​ក្លិប​នេះ​៕ 
 

Tag:
 បាល់ទាត់​
  អាស៊ី​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com