ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ចំអក​លោក​សម រង្ស៊ី តាម​ចម្រៀង ឯ​លោក​សម រង្ស៊ី បង្អាប់​សម្តេច​តាម​រូប​ត្លុក​
23, Feb 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​អំណាច និង លោក សម រង្ស៊ី មេ​ប្រឆាំង តែងតែ​ប្រើ​ពាក្យសម្តី​វាយប្រហារ​គ្នា​ចំៗ​។ តែ​ពេលនេះ អ្នក​ទាំងពីរ បែរជា​ប្តូរ​មក​ឌឺដង​គ្នា​តាមរបៀប​ផ្សេង​វិញ ដោយ​ម្នាក់ តែង​ជា​បទ​ចម្រៀង ហើយ​ម្នាក់ទៀត គូររូប​ត្លុក (Cartoon)​។​


 
​សម្តេច ហ៊ុន សែន បាន​និពន្ធ​ចម្រៀង​ដល់​ទៅ​ពីរ​បទ​នាពេល​ថ្មីៗ​នេះ ដែល​គេ ដឹងថា បទ​ចម្រៀង​ទាំងនោះ សុទ្ធតែ​បង្កប់ន័យ​បែប​ចំអក​ឲ្យ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស ហើយ​មិនទាន់​ហ៊ាន​ចូល​ស្រុក​តាម​ការសន្យា​។ ចម្រៀង​ទាំងពីរ​បទ​នោះ ត្រូវបាន​ក្រុម​តន្ត្រី​គ្រួសារ​ខ្មែរ យកទៅ​ច្រៀង​។  
 
​សម្តេច ហ៊ុន សែន សរសេរ​បទ​ចម្រៀង​ទាំងនោះ ស្របពេល​កាលបរិច្ឆេទ​នៃ​ការ​ភ្នាល់​ចាញ់​-​ឈ្នះ​ជាមួយ​លោក សម រង្ស៊ី ជិត​ឈាន​មកដល់​។  
​ក្រោយ​ចម្រៀង​ទាំងពីរ​បទ ត្រូវបាន​តែង​ឡើង លោក សម រង្ស៊ី មិន​ស្ងៀម​ទេ ដោយ​លោក បានធ្វើ​រូប​ត្លុក ដើម្បី​បង្អាប់​សម្តេច ហ៊ុន សែន វិញ​។ រូប​ត្លុក​នោះ គឺជា​រូប​ប្រកួត​គ្នា​រវាង​លោក សម រង្ស៊ី ជា​បង្គោល​ខៀវ និង សម្តេច ហ៊ុន សែន ជា​បង្គោល​ក្រហម​។ 
 
​រូប​ត្លុក​នោះ មិន​បង្ហាញ​ពី​សមភាព​នៃ​ការប្រកួត​ទេ ដោយ​រូបលោក សម រង្ស៊ី នៅ​ខាងក្រៅ​សង្វៀន ហើយ​រូប​សម្តេច ហ៊ុន សែន នៅ​ខាងក្នុង​សង្វៀន​តែម្នាក់ឯង​។ លើសពីនេះ លោក សម រង្ស៊ី ថែមទាំង​គូររូប​កងកម្លាំងប្រដាប់អាវុធ​ថែមទៀត ដែល​ស្ថិតក្រោម​ការបញ្ជា​របស់​សម្តេច ហ៊ុន សែន​។ លោក សម រង្ស៊ី ចង់​មានន័យថា សម្តេច ហ៊ុន សែន មិន​ហ៊ាន​ឲ្យ​លោក ចូល​ប្រ​កួន​ក្នុង​សង្វៀន​ឡើយ​។  
 
​លោក បាន​សរសេរ​សារ​អម​ជាមួយនឹង​រូប​ត្លុក​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​មនុស្ស​កំសាក គឺ​អ្នក​ដែល​មិន​ហ៊ាន​តទល់ [​ជាមួយ​] គូបដិបក្ខ​របស់ខ្លួន​មួយ​ទល់នឹង​មួយ​»​។ 
 
 
 
​លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន បាន​ភ្នាល់​គ្នា​ពី​រឿង​ដោះលែង​និង​មិន​ដោះលែង​លោក កឹម សុខា​។ លោក សម រង្ស៊ី អះអាងថា លោក កឹម សុខា នឹង​ត្រូវបាន​ដោះលែង​នៅត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​នេះ​។ តែបើ​ការអះអាង​នេះ​ខុស លោក នឹង​វិល​ចូល​ស្រុក​ឲ្យ​សមត្ថកិច្ច​ចាប់​តែម្តង​។ 
​ឯ​សម្តេច ហ៊ុន សែន តប​ថា នឹង​ចុះ​ចេញពី​តំណែង បើ​លោក កឹម សុខា ពិតជា​ត្រូវបាន​ដោះលែង ដូច​ការអះអាង​របស់​លោក សម រង្ស៊ី​។ ប៉ុន្តែ សម្តេច ហ៊ុន សែន ទាមទារ​ឲ្យ​លោក សម រង្ស៊ី ចូលមក​កម្ពុ​ជាតា​មកា​រស​ន្យា បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​៕ 
 
 

Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com