ជាតិ
សេដ្ឋកិច្ច
Amcham៖ ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ធ្វើ​ឲ្យខូចខាត​ការខិតខំ​របស់​អាមេរិក​នៅ​កម្ពុជា​
13, Mar 2019 , 5:16 pm        
រូបភាព
លោក Allen Dodgson Tan, ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្ម អាមេរិកប្រចាំកម្ពុជា។ រូបថតហ្វេសប៊ុក Amcham Cambodia
លោក Allen Dodgson Tan, ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្ម អាមេរិកប្រចាំកម្ពុជា។ រូបថតហ្វេសប៊ុក Amcham Cambodia
ដោយ: ថ្មីៗ
​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា (Amcham Cambodia) បាន​ប្រឆាំងនឹង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​២​រូប និង​សមាជិក​រដ្ឋសភា​២​រូប​ទៀត ដែល​បានធ្វើ​ច្បាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​បាល​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ Amcham Cambodia វាយតម្លៃថា ការសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​កម្ពុជា នឹងធ្វើ​ឲ្យ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាមេរិក​ទាំង​ជាច្រើន​ទស្សវត្សរ៍​ត្រូវ​បាត់បង់​ទៅវិញ​។​

 
សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា បានបង្ហាញ​កង្វល់​សារជាថ្មី​អំពី​ការបាត់បង់​ប្រយោជន៍​អាមេរិក​នៅ​កម្ពុជា បន្ទាប់​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Ted Cruz និង​លោក Chris Coons  និង​សមាជិក​រដ្ឋសភា​អាមេរិក លោក Alan Lwoenthal និង​លោក Steve Chabot បានស្នើ​ច្បាប់​បន្តបន្ទាប់​គ្នា​ក្នុង​ខែមករា និង​កុម្ភៈ ស្តីពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក​ពី​កម្ពុជា​។ 
 
 
​ការព្រួយបារម្ភ​នេះ​ត្រូវបាន​សរសេរ​រួមគ្នា​ដោយ ក្រុមប្រឹក្សាភិបាល​របស់​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​១៣​ខែមីនា​នេះ ដោយ​ផ្ញើ​ទៅ​ព្រឹទ្ធសភា និង​រដ្ឋសភា​របស់​អា​មេ​រិ​ក​។​
 
​ក្រុម​តំណាង​វិនិយោគិន​អាមេរិក​ដែល​កំពុង​ធ្វើ​ជំនួញ​នៅ​កម្ពុជា​បាន​សរសេរ​ពន្យល់​ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នឹង​ប៉ះពាល់​ភ្លាម​ដល់​ជីវភាព​របស់​កម្មករ និង​គ្រួសារ​របស់​ពួកគេ​។ លិខិត​ដដែល​ក៏បាន​គូសបញ្ជាក់​ថែម​ទៀតថា បើសិន​ជាមាន​ការដក​ភាពអនុគ្រោះ​ពន្ធ​មែន​នោះ ជំនួញ​របស់​ក្រុមហ៊ុន​អាមេរិក​ក៏​នឹងរង​ផលប៉ះពាល់​ពី​ស្ថានភាព​នៃ​អស្ថិរភាព​ក្នុង​បរិបទ​សេដ្ឋកិច្ច រួមទាំង​ការធ្លាក់ចុះ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។
​លិខិត​សភាពាណិជ្ជកម្ម​អាមេរិក​សរសេរ​យ៉ាង​ដូច្នេះ​ទៀត​៖«​យើង​ជឿជាក់ថា ការប្រើប្រាស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដោយ​គ្រាន់តែ​ដើម្បី​ផ្ញើ​សារ​នយោបាយ​នោះ នឹង​ធ្វើឱ្យ​ធ្លាក់ចុះ​នូវ​ឆន្ទៈ និង​ការរីកចម្រើន​របស់​ប្រព័ន្ធ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជា​ប្រយោជន៍​របស់​ពលរដ្ឋ​ធម្មតា​។ វា​ក៏​នឹងធ្វើ​ឲ្យ​ខូចខាត​ដល់​ការខិតខំ​របស់​កម្មវិធី​ជំនួយ អង្គការ ធុរកិច្ច និង​ពលរដ្ឋ​អាមេរិក​ដែល​បានធ្វើ​ជាច្រើន​ទស្សរ​ត្ស​រ៍​កន្លងមក​ដែរ​»​។​
 
​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​ពី​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក​ទាំងមូល ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​បាន​រំឭក​ដល់​ស្មារតី​នៃ​ច្បាប់​ស្តី​ពាណិជ្ជកម្ម​អាមេរិក​ឆ្នាំ​១៩៧៤ ដែល​ត្រូវ​ផ្តល់ឱកាស​ដល់​រាល់​ប្រទេស​ក្រីក្រ ក្នុងការ​ប្រើប្រាស់​ការធ្វើ​ពាណិជ្ជកម្ម​ដើម្បី​ភាព​រីកចម្រើន និង​ងើប​ចេញពី​ភាពក្រីក្រ​។ ក្រុម​អ្នកជំនួញ​អាមេរិក​បញ្ជាក់ថា ស្មារតី​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ​នៅ​កម្ពុជា​។​
 
«​តាមរយៈ​ស្មារតី​នេះ សហរដ្ឋអាមេរិក​បាន​រួមចំណែក​ដោយផ្ទាល់​ក្នុងការ​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់​ដែលមាន​ចំណូល​ទាប​។ ពួកគេ​ម្នាក់ៗ​បាន​ប្រើប្រាស់​ប្រាក់បៀវត្សរ៍​របស់​ពួកគេ ដើម្បី​ចិញ្ចឹម​គ្រួសារ​ដែលមាន​សមាជិក​៥​នាក់​ផ្សេងទៀត​។ ក្រុមហ៊ុន​អាមេរិក​ផលិត​ទំនិញ​នៅក្នុង​រោងចក្រ​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​កម្ពុជា ក៏បាន​ទទួលផល​ដ៏​សម្បើម​ផងដែរ​»​។ នេះ​ជា​សេចក្តី​លើកឡើង​របស់​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អាមេរិក ដោយបាន​អះអាង​ផងដែរ​ថា ការអនុវត្ត​សិទ្ធិ​កម្មករ និង​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ការកែទម្រង់​ក៏​នៅតែមាន​បន្ត​ដែរ​។​
 
​ដើម្បី​បានបង្ហាញ​ហេតុផល​ខាងលើ​ទាំង​អម្បាល​មាន​នេះ សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ក៏បាន​អញ្ជើញ​សមាជិក​ព្រឹទ្ធសភា​ទាំង​ពីររូប និង​សមាជិក​រដ្ឋសភា​ទាំង​ពីររូប​ដែលជា​អ្នកស្នើ​ច្បាប់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នោះ មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​បាន​ស្ថានភាព​ទាំងនេះ​ដោយផ្ទាល់​ភ្នែក​របស់​ពួកគេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com