អន្តរជាតិ
ជប៉ុន គ្រោង​អភិវឌ្ឍ​មី​ស៊ី​លបាញ់​កម្ទេច​នាវា​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​លើកដំបូង
19, Mar 2019 , 8:39 am        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ:
​ក្រុង​តូ​ក្យូ បានសម្រេច​អភិវឌ្ឍ​ជា​លើកដំបូង​នូវ មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​សម្រាប់​បាញ់​កម្ទេច​នាវា  ដែល​នឹងត្រូវ​បំពាក់​លើ​យន្តហោះ​ចម្បាំង​។ បើតាម​ប្រភព​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី​១៧ ខែមីនា មី​ស៊ី​ល​ប្រភេទ​នេះ មាន​សមត្ថភាព​បាញ់ប្រហា​រលើ​នាវាចម្បាំង​ពី​ក្រៅ​រយៈ​ចម្ងាយ​របស់​សព្វាវុធរ​បស់​សត្រូវ​។

 
​ផែនការ​ថ្មី​នេះ មាន​គោលដៅ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​របស់​ជប៉ុន ដោយ​ពង្រីក​លើ​រយៈ​ចម្ងាយ​នៃ​ការបាញ់​មី​ស៊ី​លពី​យន្តហោះ​ចម្បាំង​ទៅលើ​នាវាចម្បាំង​រហូតដល់​ជាង ៤០០​គីឡូម៉ែត្រ​។ នេះ​បើតាម​សារព័ត៌មាន Japan Time ដកស្រង់​ពី​ប្រភពពី​រដ្ឋាភិបាល​ជប៉ុន​។ 
 
​អ្នកជំនាញ យល់ឃើញថា គម្រោង​ថ្មី​របស់​រដ្ឋបាល​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នេះ គឺធ្វើឡើង​ខណៈ​ក្រុង​ប៉េកាំង​ផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ពជើងទឹក​ខ្លួន ដែល​ក្រុង​តូ​ក្យូ​ចាត់​ថា ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ខ្លួន​។  
 
​បើតាម​ប្រភព​ដដែល​នេះ ការអភិវឌ្ឍ​ថ្មី នឹងត្រូវ​ធ្វើឡើង​ដោយ​ផ្អែកលើ​មី​ស៊ី​លបាញ់​កម្ទេច​នាវា​ប្រភេទ Supersonic XASM-3 របស់​ជប៉ុន ដែលមាន​សមត្ថភាព​បា​ញ់​ទៅលើ​គោលដៅ ក្នុង​រយៈ​ចម្ងាយ​ត្រឹម ២០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ទាក់ទិន​នឹង​សំណើ​ស្តីពី​ការអភិវឌ្ឍ​មី​ស៊ី​ល​នេះ​វិញ ក្រសួងការពារជាតិ​ជប៉ុន បាន​ឲ្យ​ដឹងថា ខ្លួន​ក៏​នឹង​បញ្ចូល​លុយ​ចំណាយ​ចាំបាច់​នានា​សម្រាប់​គម្រោង​ថ្មី​នេះ​ទៅក្នុង​សេចក្តីព្រាង​ថវិកា​នាពេល​ឆាប់ៗ​នេះ​។ 
 
​សូម​រម្លឹក​ផងដែរ​ថា កាលពី​ខែមករា​កន្លងទៅ នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ និយាយ​នៅក្នុង​រដ្ឋសភា​ថា លោក​ជឿជាក់ថា មី​ស៊ី​លបាញ់​នាវា​រយៈ​ចម្ងាយ​វែង ពុំមែន​ជា​សព្វាវុធ ដែល​ត្រូវ​ហាមឃាត់​ក្នុង​រដ្ឋធម្មនុញ​ជប៉ុន​នោះទេ​។ យ៉ាងណាមិញ មាត្រ​ទី ៩ នៃ​ច្បាប់កំពូល​របស់​ជប៉ុន ចែងថា ជប៉ុន​បោះបង់​សិទ្ធិ​ក្នុងការ​ធ្វើសង្គ្រាម ដែលជា​សិទ្ធិ​អធិបតេយ្យ​របស់​រដ្ឋ​នីមួយៗ​, ហាមឃាត់​ការ​មាន​កងកម្លាំង​យោធា​នានា និង​អ្វី​ផ្សេងទៀត ដែល​ចាត់ទុកថា អាច​យកទៅ​ធ្វើសង្គ្រាម​បាន​៕
 

Tag:
 ជប៉ុន​
  ការពារជាតិ​
  រដ្ឋធម្មនុញ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com