អន្តរជាតិ
ហេតុការណ៍​បាញ់រះ​នៅ​ហូ​ឡង់ សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ដែល​សម្លាប់​មនុស្ស​បីនាក់
19, Mar 2019 , 2:19 pm        
រូបភាព
ដោយ:
​បុរស​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ហូ​ឡង់​ចាប់ខ្លួន ក្រោយពី​មនុស្ស​៣​នាក់​ស្លាប់ និង​៥​នាក់​រងរបួស ក្នុង​ហេតុការណ៍​បាញ់រះ​លើ​រថភ្លើង​អគ្គិសនី​ក្នុង​ទីក្រុង Utrecht កាលពី​ថ្ងៃទី ១៨​ខែមីនា​។ ការបាញ់រះ​នេះ បាន​បង្ក​ឲ្យ​មានការ​ប្រមាញ់​ចាប់​នៅ​ទូទាំង​ទីក្រុង និង​បិទ​សាលារៀន​ថែមទៀត​ផង​។​

 
​ជនសង្ស័យ​រូបនោះ​ឈ្មោះថា Gokmen Tanis អាយុ ៣៧​ឆ្នាំ មាន​ដើមកំណើត​តួ​ក​គី ត្រូវបាន​រកឃើញ និង​ឃាត់ខ្លួន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្នុង​អគារ​មួយកន្លែង ដែលមាន​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​។ បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​រួច សមត្ថកិច្ច​ពុំទាន់​ប្រាកដ​នៅឡើយ​ទេ​ចំពោះ​មូលហេតុ​នៃ​បើក​ការបាញ់រះ​របស់​បុរស​ដើមកំណើត​គួ​ក​គី​ម្នាក់នេះ​។​
 
​តើ​ហេតុការណ៍​បាញ់រះ​នេះ​កើតឡើង​ដោយ​របៀប​ណា​? នៅ​ប្រហែល​ម៉ោង ១០:៤៥​នាទី​ព្រឹក (​ម៉ោង​នៅ​ហូ​ឡង់​) សមត្ថកិច្ច​ទទួលដំណឹង​ជុំវិញ​ការបាញ់រះ​មួយ​ករណី​នៅលើ​រថភ្លើង​អគ្គិសនី​មួយ​ក្នុង​ទីក្រុង Utrecht ដែលជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​បួន​របស់​ហូ​ឡង់​។ សាក្សី​ម្នាក់​បាន​ប្រាប់​សារព័ត៌​ក្នុងស្រុក​ថា បុរស​ម្នាក់​បានចាប់ផ្តើម​បាញ់រះ​យ៉ាង​ព្រៃផ្សៃ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស និង​ស្លាប់​ទៀតផង​។​
 
​បុរស​ជា​ជនដៃដល់​បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ ទើប​បង្ក​ឲ្យ​មាន​ប្រតិបត្តិការ​តាម​ចាប់​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​ចន្ទ​។ សាលារៀន ត្រូវបាន​បិទទ្វារ ហើយ​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​នៅ​អាកាសយានដ្ឋាន និង​វិហារ​សាសនា ខណៈ​សមត្ថកិច្ច​ប្រឆាំង​អំពើ​ភេរវកម្ម​ព្យាយាម​តាម​ប្រមាញ់​ជនសង្ស័យ​ដើមកំណើត​តួ​ក​គី​នោះ​។ រូបថត​សន្លឹក​ដែល​បង្ហាញមុខ​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ប​ង្ហោះ​នៅលើ​បណ្តាញ​សង្គម ព្រមទាំង​សរសេរ​សារ​ព្រមាន​ប្រជាជន​ជៀស​ឲ្យ​ឆ្ងាយ​ពី​បុរស​នេះ​ទៀតផង​។ 
 
​សូមបញ្ជាក់ថា ហេតុការណ៍​បាញ់រះ​នៅ​ហូ​ឡង់​នេះ បានកើត​ឡើង​មិន​ដល់​មួយ​សប្តាហ៍​ស្រួលបួល​ផង ក្រោយ​ការបាញ់ប្រហារ​បង្ហូរឈាម​មួយ​នៅ​វិហារ​ឥស្លាម​ចំនួន​២​ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​៥០​នាក់​៕
 

Tag:
 ហូ​ឡង់​
  ភេរវកម្ម​
  តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com