អន្តរជាតិ
ក្រុមហ៊ុន Vingroup របស់​វៀតណាម​ឈាន​ជើង​ចូល​ក្នុង​អាជីវកម្ម​សន្តិសុខ​តាម​អ៊ីនធឺណិត
10, Feb 2020 , 7:59 pm        
រូបភាព
លោក Pham Nhat Vuong ប្រធាន​ក្រុមហ៊ុនVingroup ធ្វើ​ការ​បង្ហាញ​ដល់​លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ក្នុង​ទស្សនកិច្ច​មួយ​ទៅ​កាន់​រោងចក្រ​ផលិត​រថយន្ត Vinfast នៅ ក្នុង​ក្រុង Hai Phong កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
លោក Pham Nhat Vuong ប្រធាន​ក្រុមហ៊ុនVingroup ធ្វើ​ការ​បង្ហាញ​ដល់​លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ក្នុង​ទស្សនកិច្ច​មួយ​ទៅ​កាន់​រោងចក្រ​ផលិត​រថយន្ត Vinfast នៅ ក្នុង​ក្រុង Hai Phong កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
ដោយ: VOA
មនុស្ស​មួយចំនួន​បាន​លើកឡើងថា ការផ្ញើ​លេខ​កូដ​ទៅ​ទូរស័ព្ទដៃ​ងាយស្រួល​នឹងត្រូវ​បាន​គេ​លួចបាន​ណាស់​។ ផ្ទុយទៅវិញ ពួកគេ​ណែនាំ​ឱ្យប្រើ​ការ​ផ្ទៀ​ត​ផ្ទាត់​តាម​ជីវសាស្ត្រ ដូចជា​ការប្រើ​ស្នាម​ក្រយៅ​មេដៃ​ជាដើម​។​


​ក្រុមហ៊ុន Vingroup ដែលជា​ក្រុមហ៊ុន​ពហុ​អាជីវកម្ម​ដ៏​ធំជាងគេ​បំផុត​របស់​ប្រទេស​វៀតណាម បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ដោយបាន​បន្ថែម​នូវ​សេវាកម្ម​ផ្នែក​សន្តិសុខ​តាម​អ៊ីនធឺណិត​។ ក្រុមហ៊ុន​នេះ​មាន​អាជីវកម្ម​ជាច្រើន​រួចទៅហើយ តាំងពី​អាជីវកម្ម​អចលនទ្រព្យ​រហូត​ទៅដល់​អាជីវកម្ម​រថយន្ត និង​អាជីវកម្ម​ផ្សារ​ទំនើប​ជាដើម​។​
 
​ក្រុមហ៊ុន​នេះ​បានប្រកាស​កាលពីពេល​ថ្មីៗ​នេះ​ថា ខ្លួន​ទទួលបាន​នូវ​ការបញ្ជាក់​ទទួលស្គាល់​ជា​អន្តរជាតិ​សម្រាប់​បច្ចេកវិទ្យា​ដែល​ខ្លួន​ប្រើ​ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់​តាម​អ៊ីនធឺណិត​។ ការបញ្ជាក់​ទទួលស្គាល់​នោះ​ចេញ​ដោយ​ក្រុមហ៊ុន Fast IDentity Online Alliance ដែល​ហៅ​កាត់​ថា FIDO Alliance​។ ក្រុមហ៊ុន FIDO Alliance គឺជា​ក្រុមហ៊ុន​មួយ​ដែល​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន​ស្រដៀង​ទៅនឹង​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Lenovo ក្រុមហ៊ុន LINE និង​ក្រុមហ៊ុន eBay ផងដែរ​។​
 
​សន្តិសុខ​តាម​អ៊ីនធឺណិត​គឺជា​បញ្ហា​នៃ​ក្ដីបារម្ភ​កាន់តែខ្លាំង​ឡើង​សម្រាប់​ប្រទេស​វៀតណាម ដែល​នៅ​ទីនោះ ការប្រើប្រាស់​ជាទូទៅ​នូវ​កម្មវិធី​កុំព្យូទ័រ​លួច​ចម្លង​នានា ធ្វើឱ្យ​កុំព្យូទ័រ​ងាយ​រងគ្រោះ​ដោយសារ​ការវាយប្រហារ​តាម​អ៊ីនធឺណិត​។ ក្រុមហ៊ុន Vingroup បាន​បញ្ជាក់ថា ខ្លួន​ទទួលបាន​ការបញ្ជា​ក់ទ​ទួល​ស្គាល់​សម្រាប់​ក្រុមហ៊ុន​សាខា​របស់ខ្លួន​មួយ​ដែលមាន​ឈ្មោះថា VinCSS Internet Security Services Limited Liability Company​។​
 
​លោក Nguyen Phi Kha ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន VinCSS បាន​និយាយថា​៖ «​ជោគជ័យ​របស់​ក្រុមហ៊ុន VinCSS នេះ​នឹងធ្វើ​ឱ្យមាន​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៅក្នុង​ការការពារ​សុវត្ថិភាព​បណ្ដាញ​តាម​អ៊ីនធឺណិត​សម័យ​ទំនើប​នៅក្នុង​ប្រទេស​វៀតណាម​»​។​
 
​ព័ត៌មាន​នេះ​ជា​ផ្នែក​មួយ​នៃ​និន្នាការ​ដែល​កំពុងតែ​កើនឡើង​នៅ​ទូទាំង​សាកលលោក​ដើម្បី​ធ្វើឱ្យ​ការចូល​ប្រើប្រាស់​អ៊ីនធឺណិត​មាន​សុវត្ថិភាព​ជាង​មុន​។ នៅក្នុង​ប្រព័ន្ធ​ពីមុន​ដែល​ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​មានឈ្មោះ​គណនី និង​លេខ​សម្ងាត់​នោះ ជារឿយៗ​អ្នកប្រើប្រាស់​ភ្លេច​លេខ​សម្ងាត់​របស់ខ្លួន និង​ប្រើ​លេខ​សម្ងាត់​តែមួយ​សម្រាប់​គណនី​ផ្សេងគ្នា ឬក៏​ប្រើ​លេខ​សម្ងាត់​ណា​ដែល​អ្នក​លួច​ទិន្នន័យ​តាម​អ៊ីនធឺណិត​អាច​ទាយ​បាន​ដោយ​គ្រាន់តែ​ប្រើ​កម្មវិធី​ដែល​ប្រើប្រាស់​ពាក្យ​សាមញ្ញ​នៅក្នុង​វចនានុក្រម​ដើម្បី​ចូលទៅ​ប្រើប្រាស់​បាន​។​
 
​ក្រុមហ៊ុន FIDO Alliance មានបំណង​ងាក​ចេញពី​ការពឹងផ្អែក​ហួសហេតុ​ទៅលើ​លេខ​សម្ងាត់​នេះ​។ មនុស្ស​មួយចំនួន​និយាយថា ស្ថាប័ន​នានា​គួរតែ​ប្រើការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ពីរដង ដូចជា​ការផ្ញើ​លេខ​កូដ​ទៅ​ទូរស័ព្ទដៃ បន្ថែម​ពីលើ​ការប្រើប្រាស់​តែ​លេខ​សម្ងាត់​តែមួយ​មុខ​។ ចំណែកឯ​មនុស្ស​មួយចំនួនទៀត​បានលើកឡើង​ថា ការផ្ញើ​លេខ​កូដ​ទៅ​ទូរស័ព្ទដៃ​ងាយស្រួល​នឹងត្រូវ​បាន​គេ​លួចបាន​ណាស់​។ ផ្ទុយទៅវិញ ពួកគេ​ណែនាំ​ឱ្យប្រើ​ការ​ផ្ទៀ​ត​ផ្ទាត់​តាម​ជីវសាស្ត្រ ដូចជា​ការប្រើ​ស្នាម​ក្រយៅ​មេដៃ​ជាដើម​។​
 
​លោក Andrew Shikiar ដែលជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន FIDO Alliance បាន​និយាយ​ពី​និន្នាការ​នេះ​ថា​៖ «​មិន​ធ្លាប់​ដែលមាន​ក្រុមហ៊ុន​ផ្ដល់​សេវា និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​កម្មវិធី​អ៊ីនធឺណិត​ណា​មានលទ្ធភាព​ក្នុងការ​ធ្វើឱ្យមាន​ការផ្ទៀងផ្ទាត់​ដែលមាន​សុវត្ថិភាព និង​មាន​ភាពងាយស្រួល​ដល់​អ្ន​ក​ប្រើប្រាស់​ទូលំទូលាយ​ដូចនេះ​នោះទេ​។ ក្រុមហ៊ុន​ផ្ដល់​សេវា ឥឡូវនេះ​កំពុង​ទាញយក​អត្ថប្រយោជន៍​ពី​សមត្ថភាព​ថ្មីៗ​ទាំងនេះ​ក្នុង​កម្រិត​មួយ​ជា​សាកល​»​។​
 
​ក្រុមហ៊ុន​សាខា​របស់​ក្រុមហ៊ុន Vingroup បាន​និយាយថា ដោយសារតែ​ឥឡូវនេះ​ខ្លួន​មានការ​បញ្ជាក់​ទទួលស្គាល់​ជា​អន្តរជាតិ ខ្លួន​អាច​នឹង​បោះជំហាន​ទៅមុខ​ដោយ​អភិវឌ្ឍ​កម្មវិធី​អ៊ីនធឺណិត​នានា​ដូចជា​កម្មវិធី​សុវត្ថិភាព​សម្រាប់​ឧបករណ៍​ដែលមាន​ភ្ជាប់​អ៊ីនធឺណិត​ជាដើម​។ ឧបករណ៍​ដែលមាន​ភ្ជាប់​អ៊ីនធឺណិត​នេះ​អាចមាន​ដូចជា​ម៉ាស៊ីនកម្ដៅ​នំប៉័ង និង​ព្រី​ភ្លើង​ឆ្លាត​វៃ​ជាដើម​។​
 
​ឧបករណ៍​ភ្ជាប់​អ៊ីនធឺណិត​ទាំងនេះ​ត្រូវបាន​គេ​ចាត់ទុកថា​មិនសូវមាន​សុវត្ថិភាព ដោយសារតែ​ឧបករណ៍​ទាំងនេះ​ភាគច្រើន​ត្រូវបាន​គេ​ផលិត​ក្នុង​ចំនួន​ច្រើន និង​ក្នុងតម្លៃ​ទាប ហើយ​មិនមាន​លេខ​សម្ងាត់ ឬក៏​ប្រើ​លេខ​សម្ងាត់​ដែល​កំណត់​ជាមុន​ខ្សោយ ដែល​មេរោគ​អាច​ចូល​បាន​ដោយ​ងាយស្រួល​។​
 
​ក្រុមហ៊ុន VinCSS ក៏មាន​បំណង​បង្កើត​អ្វីដែល​ខ្លួន​ហៅថា «​ប្រព័ន្ធ Zero Trust Platform» ដែល​មានន័យថា មិនមាន​ការទុកចិត្ត​អ្នកប្រើប្រាស់​ណា​ម្នាក់​នោះទេ ដោយ​តម្រូវ​ឲ្យ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ទាំងអស់ ដែល​ផ្ទុយ​ពី​ប្រព័ន្ធ​ដែល​ទុកចិត្ត​លើ​អ្នកប្រើប្រាស់​ដែលជា​សមាជិក​រួចហើយ​នៃ​ស្ថាប័ន​ណាមួយ​តែមួយ​រួមគ្នា​។​
 
​លោក Nguyen Phi Kha និយាយ​ដូច្នេះ​ថា​៖ «​ដោយសារ​យើង​មាន​ក្រុម​អ្នកជំនាញ​កម្រិត​ពិភពលោក នៅពេល​ខាងមុខ ក្រុមហ៊ុន VinCSS នឹង​បន្ត​បង្ហាញ​នូវ​ផលិតផល និង​សេវាកម្ម​ដែលមាន​ប្រយោជន៍​ជាច្រើន​ទៀត​»​។​
 
​ការប្រកាស​របស់​ក្រុមហ៊ុន VinCSS នេះ​បាន​ធ្វើឡើង នៅពេលដែល​ក្រុមហ៊ុន Vingroup កំពុង​ដកថយ​ចេញពី​អាជីវកម្ម​ផ្សេងទៀត ដែល​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Vingroup នេះ​បាន​បញ្ជាក់ថា ខ្លួន​នឹងមិន​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នោះទេ​។​
 
​កាលពី​ខែធ្នូ ឆ្នាំមុន ក្រុមហ៊ុន Vingroup ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ខ្លួន​នឹង​បញ្ចូល​អាជីវកម្ម​ហាង​ទំនិញ​លក់រាយ អាជីវកម្ម​លក់ទំនិញ​តាម​អ៊ីនធឺណិត និង​អាជីវកម្ម​កសិកម្ម​រប​ស់​ខ្លួន​ជាមួយនឹង​ក្រុមហ៊ុន Masan ដែលជា​ក្រុមហ៊ុន​យក្ស​មួយទៀត​របស់​ប្រទេស​វៀតណាម​។ ការដាក់បញ្ចូល​នេះ​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន Vingroup មិនសូវមាន​ការពាក់​ព័ន្ធ​ដោយផ្ទាល់​នៅក្នុង​វិស័យ​ទាំងនេះ​។​
 
​ក្រុមហ៊ុន​ពហុ​អាជីវកម្ម​ដែល​បោះ​លក់​ភាគហ៊ុន​ជា​សាធារណៈ​មួយ​នេះ​មាន​មូលធន​ទីផ្សារ​ចំនួន ១៣ ពាន់ ៧ រយ​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​វៀតណាម ក៏ដូចជា​ធ្វើឱ្យ​ស្ថាបនិក​របស់​ក្រុមហ៊ុន​នេះ​ក្លាយជា​បុរស​មាន​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​នេះ​ផងដែរ​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com