ការសិក្សា​ថ្មី​រកឃើញថា​ការវាយប្រហារ​របស់លោក​ត្រាំ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការសិក្សា​ថ្មី​រកឃើញថា​ការវាយប្រហារ​របស់លោក​ត្រាំ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​
25, Apr 2020 , 1:30 pm        
រូបភាព
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី៣ មីនា ២០២០។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី៣ មីនា ២០២០។
ដោយ: VOA
​វ៉ាស៊ីនតោន — ​ការវាយប្រហារ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ទៅលើ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ចុះខ្សោយ​នូវ​កិត្តិនាម​នៃ​ស្ថាប័ន​នេះ ហើយ​ធ្វើ​ឲ្យ​ខ្វះ​ឯកភាពគ្នា​រវាង​ស្ថាប័ន​សារព័ត៌មាន​នៅពេលដែល​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​១៩ នៅតែ​បន្ត​ឆក់យក​ជីវិត​ពលរដ្ឋ​អាមេរិកាំង​រាប់រយ​នាក់​ក្នុង​មួយថ្ងៃៗ​។ នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ការពា​រ​អ្នកកាសែត​Committee to Protect Journalists (CPJ)​។​

 
​អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ញូវយ៉ក​នេះ បាន​កត់ត្រា​ករណី​កើនឡើង​នូវ​ការ​ប្តឹងផ្តល់​ប្រភពព័ត៌មាន ករណី​ប្តឹងផ្តល់​ពីបទ​បរិហារកេរ្តិ៍ និង​ការ​ធ្វើទុក្ខបុកម្នេញ​អ្នកកាសែត​ដែល​ចុះ​បំពេញការងារ និង​នៅតាម​ច្រកព្រំដែន​សហរដ្ឋអាមេរិក​។​
 
​អង្គការ​នេះ ក៏បាន​ស្រង់​សម្តី​ដើម​របស់​អ្នកកាសែត​ជាង​៤០​នាក់ អ្នកជំនាញ​ខាងច្បាប់​ស្តីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកសិក្សា​និង​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ផងដែរ​។​
​ការសិក្សា​ដែល​ពិនិត្យមើល​អំពី​របៀប​ដែល​ការវាយប្រហារ​«​បានផ្តល់​អំណាច​ដល់​មេដឹកនាំ​ផ្តាច់​ការបរទេស ក្នុងការ​បង្ខូច​កិត្តិនាម និង​រឹតត្បិត​សារព័ត៌មាន​ក្នុងប្រទេស​របស់​ពួកគេ​» បានសរសេរថា​៖ «​អ្នកជំនាញ​មួយចំនួន​ដែល​ឃ្លាំមើល​ការវាយប្រហារ​នេះ បារម្ភ​អំពី​ការគំរាមកំហែង​ដែលមាន​ស្រាប់​ចំពោះ​សេរីភាព​សារព័ត៌មាន​អាមេរិកាំង​»​។​
 
​អ្នកនិពន្ធ​របាយការណ៍​សិក្សា​នេះ គឺ​លោក Leonard Downie Jr ដែលជា​អតីត​និពន្ធ​នាយក​ប្រតិបត្តិ​នៃ​កាសែត The Washington Post បាន​ប្រាប់ VOA​ថា​៖ «​លោកអ្នក​បានឃើញ​ស្រាប់​ហើយពី គំរូ​នៃ​ការវាយប្រហារ​នេះ​។ លោកអ្នក​មើលឃើញ​ពី​របៀប​ដែល​មេដឹកនាំ​ផ្តាច់ការ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក កំពុង​ទៅ​ហួស​ពីអ្វី​ដែល​លោក​ត្រាំ បានធ្វើ​ទៅទៀត ដោយ​ដាក់​ការ​រឹតត្បិត​ទៅលើ​សារព័ត៌មាន និង​ចាប់ខ្លួន​អ្នកយកព័ត៌មាន​ជាដើម​»​។​
 
​លោក Downie បន្តទៀតថា​៖ «​ក្នុងករណី​ជាច្រើន មេដឹកនាំ​ទាំងនោះ បាន​ប្រើប្រាស់​ភាសា​ដូច​ភាសា​លោក​ត្រាំ​បេះបិទ​តែម្តង​គឺ​ពួកគេ​និយាយ​អំពី​«​ព័ត៌មាន​ក្លែងក្លាយ​»​។​
​លោក Downie ដែល​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​សារព័ត៌​មាននៃ​មហាវិទ្យាល័យ​វិជ្ជាជីវៈ​សារព័ត៌មាន​និង​សារគមនាគមន៍​មហាជន (Walter Cronkite School of Journalismand Mass Communication) នៃ​សាកលវិទ្យាល័យ​Arizona State បាន​បន្ថែមទៀតថា​៖ «​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ​អំពី​ប្រទេស​ទាំងនោះ​ដែល​ប្រើប្រាស់​សហរដ្ឋអាមេរិក​ជា​ឧទាហរណ៍​ចំពោះ​អ្វីដែល​ពួកគេ​កំពុងតែ​ធ្វើ​នេះ​គឺថា នៅ​សហរដ្ឋអាមេរិក យើង​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១​ដែល​ការពារ​សេរីភាព​សារព័ត៌មាន តែ​ប្រទេស​ទាំងនោះ​គ្មានទេ​»​។​
 
​ការសិក្សា​ដែល​រួមបញ្ចូល​ទាំង​ការស្រាវជ្រាវ​របស់លោក Stephanie Sugars​នៃ​អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​សហរដ្ឋអាមេរិក (U.S. Press Freedom Tracker) ដែលជា​សម្ព័ន្ធ​អង្គការ​សារព័ត៌មាន​ដែល​បាន​ចងក្រង​ការវាយប្រហារ​និង​ការ​ធ្វើទុក្ខបុកម្នេញ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ​នោះ ក៏បាន​រ៉ា​យ​រាប់​លម្អិត​អំពី​ការ​រឹតត្បិត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ត្រាំ ទៅលើ​ការទទួលបាន​ព័ត៌មាន​អំពី​រដ្ឋាភិបាល​។​
 
​ការសិក្សា​នេះ ក៏បាន​រៀបរាប់​អំពី​ការតទ​ប់​ផ្លូវច្បាប់​របស់​សេត​វិមាន ប្រឆាំងនឹង​សារព័ត៌មាន និង​ការអំពាវនាវ​របស់លោក​ត្រាំ ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​ការបរិហារកេរ្តិ៍ និង ការចោទប្រកាន់ថា «​លោក​ប្រធានាធិបតី ប៉ុនប៉ង​ជ្រៀតជ្រែក​ចូលក្នុង ឯករាជ្យភាព​ហិរញ្ញវត្ថុ​របស់​ម្ចាស់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ផងដែរ​»​។​
​សេត​វិមាន មិនបាន​ឆ្លើយតប​នឹង​សំណើរ​សុំ​អត្ថាធិប្បាយ​របស់​វី​អូ​អេ​ទេ​។​
 
​របាយការណ៍​នេះ ក៏បាន​ដកស្រង់​ករណី​អ្នកកាសែត​ដែល​ត្រូវ​រង​ការគំរាមកំហែង​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្នុងនោះ អ្នកយកព័ត៌មាន​រប​ស់​ស្ថាប័ន​កាសែត Boston Globe​និង​ទូរទស្សន៍​CNN បាន​រង​ការ​គំរាម​សម្លាប់ ហើយ​នៅ​ឆ្នាំ​២០១៨ មាន​ការផ្ញើ​គ្រាប់បែក​ច្នៃ ទៅកាន់​ការិយាល័យ CNN ប្រចាំ​នៅ​បុរី​ញូវយ៉ក និង​ទៅ​ឲ្យ​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ ព្រមទាំង​មន្ត្រី​ផ្សេងៗ​ទៀតផង​ដែរ​។​
 
​អតីត​នាយក​ផ្នែក​ទំនាក់ទំនង​នៃ​សេត​វិមាន​គឺ​លោក Michael Dubke ក៏ត្រូវ​បាន​ស្រង់​សម្តី​នៅក្នុង​របាយការណ៍​សិក្សា​នេះ​ផងដែរ ដោយ​លោក​និយាយថា លោក​ប្រធានាធិបតី ព្រលះ​ដោយ​ប្រើ​ពាក្យសម្តី​ធ្ងន់ធ្ងរ​ដាក់​ស្ថាប័ន​សារព័ត៌មាន ដោយសារតែ​ការរាយការណ៍​ព័ត៌មាន​របស់​ស្ថាប័ន​ទាំងនោះ ជា​ញឹកញាប់​មាន​លក្ខណៈ​អវិជ្ជមាន​ពេក​។​
​លោក Dubke ត្រូវបាន​ស្រង់​សម្តី ដោយ​និយាយថា​៖ «​គ្មាន​រឿង​ណាមួយ​និយាយ​អំពី​ការរីកចម្រើន​ដែល​លោក​ប្រធានាធិបតី​បានសម្រេច​បាន​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​គោលនយោបាយ​ការបរទេស​សោះ​»​។​
 
​លោក​បន្ថែមថា​ការរាយការណ៍​រិះគន់ បានធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ភ្ញាក់ផ្អើល ដោយសារ​លោក​ត្រាំ «​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័ន​សារព័ត៌មាន​ជា​យូរណាស់​មកហើយ ក្នុងនាម​លោក​ជា​អ្នកជំនួញ​ខាង​អចលនទ្រព្យ​ក្នុង​បុរី​ញូវយ៉ក​»​។​
 
​លោក Dubke និយាយថា​៖ «​លោក​ត្រាំ តែងតែមាន​ពេល​និយាយ​ជាមួយ​សារព័ត៌មាន​ជានិច្ច​»​។​ ​ប៉ុន្តែ នៅក្នុង​របាយការណ៍​សិក្សា​ដដែល លោក Dubke ក្រោយមក ក៏បាន​សម្តែង​ការព្រួយបារម្ភ​អំពី​មេដឹកនាំ​ផ្តាច់ការ ដែល​ប្រើប្រាស់​«​ពាក្យសម្តី​របស់លោក​ត្រាំ ដើម្បី​ធ្វើជា​សំអាង​ចំពោះ​អ្វីដែល​ពួកគេ​កំពុង​ធ្វើ ដាក់​អ្នកកាសែត​ក្នុងប្រទេស​របស់​ពួកគេ​ផ្ទាល់​»​។​
​លោក Downie ដែល​បាន​សរសេរ​របាយការណ៍​កាលពី​ឆ្នាំ​២០១៣ របស់​អង្គការ CPJ ស្តីពី​ទំនាក់ទំនង​របស់​អតីត​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជាមួយ​ស្ថាប័ន​សារព័ត៌មាន ក៏បាន​ប្រៀបធៀប​ទៅនឹង​រដ្ឋបាល​មុនៗ​ផងដែរ​។​
 
​ការចោទប្រកាន់​របស់​លោក​ត្រាំ ទៅលើ មន្ត្រី​រដ្ឋាភិបាល​ចំនួន​៨​នាក់​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ពីបទ​ធ្វើ​ឲ្យ​លេច​ធ្លាយ​ការសម្ងាត់​របស់​រដ្ឋាភិបាល​ដល់​បណ្តាញសារព័ត៌មាន គឺមាន​ល្បឿន​លឿន​ជាង​ចំនួន​អ្នក​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​លួច​បញ្ចេញ​ការណ៍​សម្ងាត់​ក្នុងសម័យ​លោក អូ​បា​ម៉ា (​ដែលមាន​មន្ត្រី​រដ្ឋាភិបាល​និង​បុគ្គលិក​ជាប់កិច្ចសន្យា​១០​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​កាត់ទោស​ក្នុង​រយៈពេល​៨​ឆ្នាំ​)​។​
 
​អ្នកសរសេរ​ខ្ទង់​អត្ថាធិប្បាយ​នៃ​កាសែត Washington Post​គឺ​អ្នកស្រី Margaret Sullivan បាន​និយាយ​ក្នុង​របាយការណ៍​សិក្សារ​បស់​អង្គការ​CPJ ថា​៖ «​ចំនួន​នៃ​ការកាត់ទោស​ដ៏​ច្រើន​ដោយ​ក្រសួងយុត្តិធម៌​ក្នុង​រដ្ឋបាល​លោក​ត្រាំ លើ​ប្រភព​ផ្តល់ព័ត៌មាន គឺជា​កំហុស​របស់​រដ្ឋបាល​លោក​អូ​បា​ម៉ា​។ រដ្ឋបាល​នោះ បាន​បង្កើត​គំរូ​មួយ​ដែល​ងាយស្រួល​ឲ្យ​រដ្ឋបាល​លោក​ត្រាំ ធ្វើតាម​»​។​
​លោក​Michael Conway ដែលជា​មេធាវី​តំណាង​គណៈកម្មការ​យុត្តិធម៌​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក​នៅក្នុង​ការសួរដេញដោល​ក្នុង​សវនាការ​ដកតំណែង​អតីត​ប្រធានាធិបតី Richard Nixon​ត្រូវបាន​ដកស្រង់​សម្តី​ដោយបាន​ហៅ​ការវាយប្រហារ​របស់លោក​ត្រាំ​ទៅលើ​ស្ថាប័ន​សារព័ត៌មាន​ថា​«​គ្រោះថ្នាក់​និង​អន្តរាយ​ចំពោះ​សារព័ត៌មាន​សេរី​» ជាង​ការវាយប្រហារ​របស់លោក Nixon​ទៅទៀត​។​
 
​លោក Downie​ដែល​បាន​ជួយ​កែសម្រួល​របាយការណ៍​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​អាស្រូវ Watergate ឲ្យ​កាសែត​Washington Post បាន​និយាយថា ការវាយប្រហារ​របស់​លោក មាន​លក្ខណៈ​អាក្រក់​ជាង​។​
 
​លោក Downie បាន​ប្រាប់​វី​អូ​អេ​ថា​៖ «​អស់​រយៈពេល​ជាច្រើន​ខែ ការវាយប្រហារ​ភាគច្រើន​ទៅលើ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​រជ្ជកាល​លោក Nixon ផ្តោត​តែ​លើ​កាសែត Washington Post​តែប៉ុណ្ណោះ​»​។​
 
​លោក​បន្ថែមថា​៖ «​វា​ជា​រឿង​អកុសល​សម្រាប់​ពួកយើង​នៅ​គ្រានោះ ប៉ុន្តែ ការវាយប្រហារ​នោះ គ្មាន​ប្រសិទ្ធភាព​ក្នុងការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាធារណមតិ​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ដូច​ពេលនេះ​ទេ​»​។​
 
​លោក Downie និយាយថា កាសែត Washington Post មិនទាន់​ត្រូវបាន​ចែកចាយ​ទូទាំងប្រទេស​ទេ​នៅពេលនោះ ហើយ​ប្រជាជន​ពិបាក​ក្នុងការ​វិនិច្ឆ័យ​រវាង​អ្វីដែល​លោក Nixon បាន​និយាយ​និង​អ្វីដែល​កាសែត​Washington Post បាន​រាយការណ៍​។​
 
​លោក Downie បាន​ប្រាប់​វី​អូ​អេ​ថា ដោយសារ​កត្តា​នោះ​ហើយ​ដែល​លោក «​មិនបាន​ឃើញ​មានការ​រីកសាយ​ភាពដូចគ្នា​នូវ​ការមិនទុកចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាទូទៅ​នោះ​»​។​
​លោក Downie និយាយថា​៖ «​ពិតណាស់ មាន​អ្នកគាំទ្រ​លោក​ប្រធានាធិបតី Nixon​ដែល​មិន​សប្បាយ​ចិត្តនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ប៉ុន្តែ មិនមាន​ការសង្ស័យ​ច្រើន​ទៅលើ​ភាព​គួរ​ឲ្យ​ទុកចិត្តបាន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដូច​ពេលនេះ​ទេ​»​។​
 
​លោក​បន្តថា «​សម្តី​អាក្រក់​បំផុត​ដែល​លោក​ប្រធានាធិបតី បាន​និយាយ​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន មិនត្រូវ​បាន​និយាយ​ជា​សាធារណៈ​នោះទេ​។ នៅពេលដែល​ពាក្យសម្តី​ទាំងនោះ ត្រូវបាន​និយាយ​ចេញ ឥឡូវ យើង​ដឹង​តាមរយៈ​ខ្សែអាត់​របស់​សេត​វិមាន ក្នុង​រង្វង់​ការិយាល័យ​របស់​ប្រធានាធិបតី​»៕
 
​ប្រែ​សម្រួល​ដោយ លោក សាយ មុន្នី
 

© រក្សាសិទ្ធិដោយ thmeythmey.com