អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រូ​ហា​នី​៖ អ៊ីរ៉ង់ កំពុង​ឃ្លាំ​មើល​សកម្មភាព​អាមេរិក​នៅក្នុង​ឈូង​សមុទ្រ​ពែ​រ្ស​
26, Apr 2020 , 7:39 pm        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី។ រូបភាព៖ Reuters
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី។ រូបភាព៖ Reuters
​អ៊ីរ៉ង់​កំពុង​ឃ្លាំមើល​សកម្មភាព​អាមេរិក​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​។ ប៉ុន្តែ​សកម្មភាព​របស់​អ៊ីរ៉ង់​បែបនេះ នឹងមិន​បង្កជម្លោះ​ណាមួយ នៅក្នុង​តំបន់​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រមុខរដ្ឋ​មន្ត្រី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី នា​ថ្ងៃទី​២៥ ខែមេសា​។ នៅក្នុង​បរិបទ​ដែល​អ៊ីរ៉ង់ និង​អាមេរិក កំពុង​ប្រឈម​ភាព​តានតឹង​ជាថ្មី នៅក្នុង​ឈូង​សមុទ្រ​នេះ​។ 


​មួយរយៈ​ចុងក្រោយ​នេះ ទំនាក់ទំនង​អាមេរិក និង​អ៊ីរ៉ង់ មាន​ភាព​រកាំរកូស​ជាថ្មី​។ ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​បើកដៃ​ឲ្យ​កប៉ាល់​ទ័ពជើងទឹក​របស់ខ្លួន ដែលមាន​វត្ត​មាននៅ​ឈូង​សមុទ្រ​ពែ​រ្ស មាន​សិទ្ធិ​បាញ់​កាណូត​កងទ័ព​អ៊ីរ៉ង់ ដែល​បើក​ចូលមក​កៀក​ខ្លួន​។ ការបញ្ជា​របស់​ប្រធានាធិបតី​អាមេរិក​បែបនេះ កើតឡើង​បន្ទាប់ពី​កាណូត ១១​គ្រឿង​របស់​កងទ័ព​អ៊ីរ៉ង់ បានធ្វើ​ដំណើរ​ជិត​ខ្លាំង​នឹង​កប៉ាល់ចម្បាំង​របស់​ក​ង​ទ័ពជើងទឹក​អាមេរិក​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​កាលពី​ថ្ងៃទី​២១ ខែមេសា​កន្លងទៅ​។ 
 
​តាមរយៈ​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​លោក Emir Sheikh Tamim bin Hamad Al Thani ប្រមុខរដ្ឋ​កាតា លោក រូ​ហា​នី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សាធារណរដ្ឋ​អ៊ីរ៉ង់ កំពុង​ឃ្លាំមើល​សកម្មភាព​អាមេរិក​យ៉ាង​ម៉ត់ចត់​បំផុត​, ប៉ុន្តែ​សកម្មភាព​បែបនេះ នឹងមិន​បង្ក​ឲ្យ​ក្លាយជា​ជម្លោះ និង​អស្ថេរភាព​នៅក្នុង​តំបន់​ឡើយ​»​។ នេះ​បើតាម​ការ​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ នា​ថ្ងៃទី​២៥ ខែមេសា​។ 
 
​ការលើកឡើង​របស់​ប្រមុខរដ្ឋ​អ៊ីរ៉ង់​បែបនេះ ទំនងជា​ចង់​សំដៅ​ដល់​កាណូត​ចំនួន ១១​គ្រឿង​របស់ខ្លួន ដែល​បើក​ទៅ​កៀកក​ប៉ាល់​របស់​អាមេរិក គឺ​គ្រាន់តែ​ដើម្បី​ពិនិត្យមើល​សកម្មភាព​អាមេរិក​នៅក្នុង​តំបន់​ឈូង​សមុទ្រ​តែប៉ុណ្ណោះ ប៉ុន្តែ​វា​មិនមែនជា​សកម្មភាព​ចង់​បង្ក​ឲ្យ​មាន​ជម្លោះ​អ្វី​ទេ​។ 
 
​មុខ​ថ្ងៃ​ប្រកាស​របស់លោក​ត្រាំ ឲ្យ​កងទ័ពជើងទឹក​អាមេរិក​មាន​សិទ្ធិ​បាញ់​កាណូត​កងទ័ព​អ៊ីរ៉ង់ ១​ថ្ងៃ មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ លោក Hossein Salami បានទាមទារ​ឲ្យ​អាមេរិក​ផ្តោត​សំខាន់​លើ​កងទ័ពជើងទឹក​រប​ស់​ខ្លួន​កើត ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជាជាង​បង្កជម្លោះ និង​ភាព​តានតឹង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏ដូចជា​ឈូង​សមុទ្រ​។ 
 
​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់ មាន​ភាព​ធូរស្រាល​បន្តិច ចាប់តាំងពី​មាន​ករណី​ផ្ទុះ COVID-19 មក ព្រោះ​ប្រទេស​ទាំងពីរ កំពុង​ជាប់ដៃ​ដោះស្រាយ​ជំងឺឆ្លង​សកល​មួយ​នេះ​។ ប៉ុន្តែ​ភាពចម្រូងចម្រាស់​បានកើត​ឡើងជា​ថ្មី បន្ទាប់​កាណូត​កងទ័ព​អ៊ីរ៉ង់​ចំនួន ១១​គ្រឿង បាន​បើក​ទៅ​កៀកក​ប៉ាល់​របស់​អាមេរិក​៕ 

Tag:
 អ៊ីរ៉ង់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com