COVID-19
អន្តរជាតិ
ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ៥០០​នាក់ ជាប់​កណ្តាល​សមុទ្រ ខណៈ​គ្មាន​ប្រទេស​ណាមួយ​ព្រម​ទទួល​
26, Apr 2020 , 4:35 pm        
រូបភាព
រូពភាព៖ AFP
រូពភាព៖ AFP
ដោយ:
​យ៉ាងហោចណាស់ មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៥០០​នាក់ ដែល​គេ​ជឿជាក់ថា​បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា បាន​ជាប់គាំង​លើ​ទូក​នេសាទ​នៅ​កណ្តាល​សមុទ្រ​ទឹក​ជ្រៅ នៃ​ឆ្នេរ Bengal​។ ជនភៀសខ្លួន​ទាំងនេះ បាន​ជាប់គាំង​ច្រើន​សប្តាហ៍​មកហើយ បន្ទាប់ពី​គ្មាន​ប្រទេស​ណាមួយ​ក្នុង​តំបន់ ព្រម​ទទួល​ផ្តល់​ទីជម្រក ខណៈ​ប្រទេស​នីមួយៗ ក៏មាន​ការភ័យខ្លាច​ពី​ការឆ្លង​វីរុស Covid-19 ផងដែរ​នោះ​។​

 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Aljazeera នៅ​ថ្ងៃ​២៥ មេសា ទូក​នេសាទ​ពីរ​គ្រឿង ដែល​ផ្ទុក​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជាង​៥០០​នាក់ ដែលមាន​រាប់បញ្ចូល​ទាំង​មនុស្ស​ចាស់ និង​កុមារ មិនមាន​ទិសដៅ​ពិតប្រាកដ​ឡើយ បន្ទាប់​ម៉ាឡេស៊ី បាន​បដិសេធ​ឲ្យ​ចូល​ចត ក្រោម​ហេតុផល​នៃ​ការ​រឹតបន្តឹង​វិធានការ​ទប់ស្កាត់ នៃ​ការឆ្លង​វីរុស Covid-19​។​
 
​ជាមួយគ្នានេះ​តាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​ទទួលបន្ទុក​ការងារ​ជនភៀសខ្លួន របស់​អង្គការសហប្រជាជាតិ ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុងតែ​ជាប់គាំង​នៅ​កណ្តាល​សមុទ្រ​នោះ ទំនងជា​នៅលើ​សមុទ្រ​ច្រើន​សប្តាហ៍​មកហើយ ដោយ​គ្មាន​អាហារ និង​ទឹក​គ្រប់គ្រាន់​ផង​។​
 
​ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស ( HRW) បានស្នើ​ឲ្យ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​ជួយ​ស្រោចស្រង់​ក្រុម​ជាប់គាំង​ទាំងនោះ​ឲ្យ​ស្នាក់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​របស់ខ្លួន ហើយ​ផ្តល់​អាហារូបត្ថម្ភ និង​ការថែទាំ​ដល់​ពួកគេ​។ ក្រុម​សិទ្ធិមនុស្ស លើកឡើងថា បង់​ក្លា​ដែ​ស គួរតែ​បន្ត​អំពើ​មនុស្សធម៌​នេះ​តទៅទៀត ជាពិសេស​សម្រាប់​ក្រុម​ដែល​កំពុងតែ​ត្រូវការ​ជំនួយ​បន្ទាន់​បែបនេះ​។​
 
​យ៉ាងណាក៏ដោយ បង់​ក្លា​ដែ​ស បាន​បដិសេធ​សំណើ​នេះ​រួចហើយ​។ តាម​ការអះអាង​របស់​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស AK Abdul Momen បង់​ក្លា​ដែ​ស មិនអាច​ទទួល​ជនភៀសខ្លួន​បាន​ទៀតឡើយ ព្រោះ​បច្ចុប្បន្ន ប្រទេស កំពុង​តែមាន​បន្ទុក​ធ្ងន់​រួចទៅហើយ​ក្នុងការ​ទទួល​ផ្គត់ផ្គង់​ជនភៀសខ្លួន​ជាង​មួយ​លាន​នាក់់​។ រដ្ឋមន្ត្រី​រូបនេះ សង្កត់ធ្ងន់ថា ចិត្តសប្បុរសរ​បស់បង់​ក្លា​ដែ​ស បាន​មាន​លើសលុប​ហើយ​។​
 
​ប្រមុខ​ការទូត​ដដែល​នេះ បាន​ចោទ​ជា​សំណួរ ថា​តើ​ហេតុអ្វី​បានជា​ត្រូវ​បង់​ក្លា​ដែ​ស ដែល​ត្រូវ​ទទួលខុសត្រូវ​លើ​បញ្ហា​ទាំងនេះ ? ហេតុអ្វី​ក្រុម​សិទ្ធិមនុស្ស មិន​ស្នើ​ដល់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ជាមុនសិន ព្រោះ​ប្រភព​នៃ​ក្រុម​ជនភៀសខ្លួន​គឺ​មកពី​មី​យ៉ាន់​ម៉ា​នោះទេ ?
 
​គួរ​ជម្រាប​ថា បញ្ហា​នៃ​ការជាប់គាំង​របស់​ជន​ជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​កណ្តាល​សមុទ្រ មិនមែនជា​រឿង​ថ្មី​ឡើយ​នៅក្នុង​តំបន់ ក៏ប៉ុន្តែ​បញ្ហា​នេះ ហាក់​មិនមាន​ដំណោះស្រាយ​ទាន់ពេល​ផងដែរ​។ មាន​ក្រុម​ជនភៀសខ្លួន​ជាច្រើន ក៏បាន​ស្លាប់​ដោយសារតែ​ការលិចលង់​នៅ​កណ្តាល​សមុទ្រ និង​គ្មាន​ចំណីអាហារ​ហូបចុក​។ បញ្ហា​នេះ ផ្តើមចេញ​ឡើង​ពី​វិបត្តិ​សន្តិសុខ​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា ដែល​ក្រុម​សិទ្ធិមនុស្ស​ចោទថា បង្កដោយ​ក្រុម​យោធា ក្នុងការ​រើសអើង និង​ធ្វើ​ទុក​បុក​ម្នេញ​ទៅ​សហគមន៍​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​៕ 

Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  បង់​ក្លា​ដែ​ស​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com