ជាតិ
​​​ន​យោ​បាយ​ជាតិ​
២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស...
23, Oct 2020 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឈានដល់ខួបលើកទី២៩ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ។ អ្នកនយោបាយ បានបន្តបញ្ចេញទស្សនៈរៀងៗខ្លួន ទាក់ទងនឹងជំនួប៤ភាគីកាលពីឆ្នាំ១៩៩១។ នៅថ្ងៃនេះផងដែរ ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍ និងសម្ព័ន្ធសហជីពបានជួបជុំគ្នា ប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខួបទី២៩ នៅភោជនីយដ្ឋាន សួនចំប៉ី។



អត្ថបទទាក់ទង


ដូចជារៀងរាល់ឆ្នាំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេររំលឹកពីដំណាក់កាលចរចារបស់ភាគីទាំង៤បីក្រុងប៉ារីស ប្រទេសបារាំងក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។



ភាគីទាំង៤ របស់កម្ពុជានោះពេលនោះ មាន សម្តេច ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន។

សម្តេចលើកឡើងពីតំណាក់កាលដែលផ្តើមចេញពីការជួបពិភាក្សាដំបូងបំផុតរវាងសម្តេចជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ហើយបន្តទៅជំនួបលើកទី ២ នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

«ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ នយោបាយ ឈ្នះ-ឈ្នះ បានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ»។

ងាកទៅលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងឯណោះវិញ លោកបានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ខ្មែរដែលមិនអាចប្រកែកបាន។



«យើងគួរគិតពិចារណា ពិនិត្យមើលមូលហេតុ កុំឲ្យជាន់ដានអាក្រក់ ហើយយើងត្រូវវាយតម្លៃនូវអ្វីដែលយើងបានសន្យា»។ នេះជាការគូសបញ្ជាក់របស់លោក កឹម សុខា ដោយបានបន្ថែមថា ថា មានតែការរួបរួមគ្នារវាងខ្មែរនិងខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ យកស្មារតីនៃកិច្ចព្រមព្រៀងនេះ បន្តធ្វើនូវអ្វីដែលមិនទាន់សម្រេចបាន ដើម្បីឲ្យកាន់តែប្រសើរឡើង ជាជាងការយកប្រជាពលរដ្ឋខ្មែរ និងទឹកដីកម្ពុជា ដែលរងទុក្ខវេទនាជាច្រើនណាស់មកហើយ បម្រេីតាមមហិច្ឆតារៀងៗខ្លួនតទៅទៀត។


នៅថ្ងៃនេះផងដែរ តាមរយៈវីដេអូខនហ្វើរិន ពីបរទេស លោក ធន សារាយ ប្រធានសមាគមអាដហុក ក៏បានថ្លែងទៅកាន់អ្នកចូលរួមរាប់រយនាក់ក្នុងទិវាអបអរកិច្ចព្រមព្រៀងសន្តិភាពនៅរាជធានីភ្នំពេញ។

លោក ធន សារាយ បានកត់សម្គាល់ថា ២៩ឆ្នាំកន្លងមកនេះ ពលរដ្ឋខ្មែរមានការយល់ដឹងច្រើន ដូច្នេះអ្នកនយោបាយមិនអាចមើលស្រាលការចេះដឹងរបស់ពួកគាត់នោះឡើយ។ លោកបានស្នើឲ្យអ្នកនយោបាយ ត្រឡប់ទៅគោរពស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស លើការដោះស្រាយបញ្ហាជាតិ។

«សូមអ្នកនយោបាយគិតផលប្រយោជន៍ជាតិជាទូទៅ ស្រុះស្រួល និងល្អូកល្អឺនគ្នា ដោយចាត់ទុកគ្នាជាដៃគូ សូមកុំចាត់ទុកគ្នាជាសត្រូវ។ ត្រូវស្តាប់ពីការឈឺចាប់របស់ប្រជារាស្ត្រ។ កុំមើលស្រាលឲ្យសោះ សង្គ្រាមត្រជាក់ រវាងលោកខាងលិច និងខាងកើត សមុទ្រចិនខាងត្បូង និងតំបន់អាស៊ាន ដែលប្រទាញប្រទង់របស់មហាអំណាច»។ នេះជាការទទូចរបស់លោក ធន សារាយ។



សម្រាប់លោក មាស នី អ្នកវិភាគសង្គម ដែលមានវត្តមានផ្ទាល់ក្នុងពិធីអបអរសាទរ បានស្នើឲ្យរដ្ឋាភិបាលផ្តល់តម្លៃសន្តិភាពក្រុងប៉ារីស ឲ្យដូចជា៧មករាផងដែរ។ លោកមិនយល់ស្របនោះឡើយ ចំពោះការដកចេញថ្ងៃប្រវត្តិសាស្ត្រនេះ ចេញពីប្រតិទិននៃថ្ងៃឈប់សម្រាក។

ចំពោះចលនាលើកឡើងពីពាក្យ «អរគុណសន្តិភាព» ដ៏ផុសផុលនោះ លោក មាស នី រំពឹងថា  គេគួរតែគិតដល់២៣តុលា ផងដែរ ពីព្រោះវាជារឿងដែលមិនអាចប្រកែកបានក្នុងការចាប់ផ្តើមសាងសន្តិភាពនៅកម្ពុជា៕





© រក្សាសិទ្ធិដោយ thmeythmey.com