ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ ហ៊ុន ម៉ានី កត់ចំណាំទុកអ្នកណាបន្ទាបបន្ថោកកម្ពុជា
30, Oct 2020 , 10:55 pm        
រូបភាព
បន្ទាប់ពីមានប្រតិកម្មពីក្រុមអតីតអ្នកការទូតខ្មែរប្រឆាំងនឹងអតីតអ្នកការទូតសឹង្ហបុរី ដែលបានធ្វើសេចក្តីថ្លែងការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលឱ្យអាស៊ានដកកម្ពុជា និងឡាវ ពីសមាជិកភាព លោក ហ៊ុន ម៉ានី ក៏មិនបាននៅស្ងៀមឡើយ។



អត្ថបទទាក់ទង


លោក ហ៊ុន ម៉ានី បានថ្លែងថា លោកបានកត់ចំណាំទុកនូវករណីដែលអ្នកការទូតចូលនិវត្តរបស់សិង្ហបុរី  លោក   Bilahari Kausikan ដែលបានថ្លែងជាសាធារណៈកាលពីពេលថ្មីៗនេះចង់ឱ្យអាស៊ានកាត់កម្ពុជា និងឡាវចេញពីសមាជិកភាពអាស៊ាន។

ប្រតិកម្មជាភាសាអង់គ្លេសរបស់លោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ត្រ និងជាប្រធានចលនាយុវជនកម្ពុជាដ័ធំរបស់កម្ពុជា ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៩ខែតុលា។ ថ្ងៃទី២៩តុលានេះ ជាថ្ងៃដែលប្រជាជាតិកម្ពុជាប្រារព្ធខួបនៃការយាងសោយរាជ្យរបស់ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី។ ហេតុដូច្នេះហើយបានជាលោក ហ៊ុន ម៉ានី សរសេរថា លោកមិនចង់ផ្តល់តម្លៃលើរឿងអ្វីផ្សេងឱ្យខ្ពស់ជាងការគោរពព្រះករុណារបស់កម្ពុជានោះឡើយ។

លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះ៖«ប៉ុន្តែ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ និងជាយុវជនខ្មែរម្នាក់ដែលធ្លាប់រៀនសូត្រពីកិច្ចការនយោបាយ នៅពេលដែលមោទនភាពរបស់ជាតិ ត្រូវបានជនបរទេសណាម្នាក់បន្ទាបបន្ថោក ខ្ញុំត្រូវតែប្រាប់ឱ្យគេដឹងថា ខ្ញុំបានកត់ចំណាំរឿងនេះទុកយ៉ាងហ្មត់ចត់។ ខ្ញុំដឹងច្បាស់ថា វាក៏មិនមានខ្ញុំតែម្នាក់ឯង ដែលធ្វើដូច្នេះ»។

ម្យ៉ាងវិញទៀត សម្រាប់អ្នកតំណាងរាស្ត្ររូបនេះដែលមានជំនាញផ្នែកទំនាក់ទំនងអន្តរជាតិដែរនោះ លោកក៏បញ្ជាក់បន្ថែមផងដែរថា កម្ពុជានៅតែមានភាពចាស់ទុំក្នុងអាជីពការទូត ប៉ុន្តែ«យើងនឹងមិនភ្លេច [ការមើលងាយនេះ] ឡើយ»។

កាលពីថ្ងៃទី២៣ខែតុលា លោក Bilahari Kaushikan ដែលធ្លាប់ជាមន្ត្រីការទូតជើងចាស់នៃក្រសួងការបរទេសសិង្ហបុរី បានធ្វើសុន្ទរកថា នៅក្នុងកិច្ចប្រជុំតុមូលមួយស្តីពី«ភ្នាក់ងារអាស៊ាននៅចំកណ្តាលនៃការប្រកួតប្រជែងរបស់មហាអំណាច» ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាអាស៊ាន។

តាមរយៈការចុះផ្សាយរបស់គេហទំព័រ Mothership លោក Bilahari Kausikan បាននិយាយថា៖«និយាយដោយត្រង់ ខ្ញុំមើលឃើញថា កម្ពុជានិងឡាវមានទំនោរឃ្លេងឃ្លោង ងាកទៅរកកំហុសដូចគ្នា ដែលនាំឱ្យមានលទ្ធផលគួរឱ្យខ្លោចផ្សាបំផុត សម្រាប់ប្រទេសរបស់ពួកគេ នៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០»។ អតីតអ្នកការទូតសិង្ហបុរីបន្តទៀតថា ៖«កំហុសទាំងនោះ នឹងធ្វើឱ្យប្រទេសទាំងពីរ ប្រគល់សិទ្ធិអំណាច ដល់មហាអំណាចខាងក្រៅ ឬព្យាយាមធ្វើខ្លួនមិនអព្យាក្រិតភាព»។ នេះជាការលើកឡើងរបស់លោក Bilahari Kausikan ដែលស្នើឱ្យអាស៊ាន ពិចារណាទម្លាក់កម្ពុជា និងឡាវ ចេញពីសមាជិកភាព ដើម្បីសុវត្ថិភាពរបស់សមាជិក៨ផ្សេងទៀតនោះ។

សម្រាប់លោក ហ៊ុន ម៉ានី ការអត្ថាធិប្បាយរបស់អតីតអ្នកការទូតសិង្ហបុរី បានប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ដែលលោកយល់ឃើញថា គឺមានតែកម្ពុជាខ្លួនឯងដែលជាអ្នកកំណត់ជោគវាសនា និងអនាគតរបស់កម្ពុជា និងប្រជាជនរបស់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com