ជាតិ
រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោកស្រី ភឿង ស​កុ​ណា​៖«​សៀវភៅ​គឺជា​មិត្ត​ដ៏​ស្មោះត្រង់​»
14, Dec 2020 , 4:46 pm        
រូបភាព
​ភ្នំពេញ​៖ អ្វី​ទាំងអស់​ដែលមាន​ក្នុង​សៀវភៅ គឺ​បានផ្ដល់​ចំណេះដឹង​ដ៏​ល្អិតល្អន់ ដ៏​ទូលាយ ហើយនឹង​ជ្រៅជ្រះ​។ ការរៀនសូត្រ ក៏ដូចជា​ការអាន​សៀវភៅ​នីមួយៗ រមែង​ទទួលបាន​នូវ​ការរីករាយ និង​ផ្ដល់​ចំណេះដឹង​ពិតប្រាកដ សម្រាប់​អ្នកអាន​គ្រប់​ប្រភេទ​។ នេះ​ជាការ​ថ្លែង​របស់​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុងឱកាស សប្ដាហ៍​សៀវភៅ ក្រោម​ប្រធានបទ “​សម័យ​កូ​វីដ កាន់តែ​ស្និទ្ធ​នឹង​សៀវភៅ​”​។​


​ក្នុង​វីដេអូ​ខ្លី​ដែលមាន​រយៈពេល​ជិត​៤​នាទី លោក ស្រី ភឿង ស​កុ​ណា បាន​ថ្លែងថា សៀវភៅ​គឺជា​មធ្យោបាយ​មួយ នាំ​មនុស្ស​ទៅកាន់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ដើម្បី​ស្វែងយល់​ពី​ទំនៀមទម្លាប់ អាថ​កម្បាំង​របស់​ធម្ម​ជាតិ អំពី​ជនជាតិ និង​អំពី​អ្វី​ទាំងអស់​ដែលជា​ចំណេះដឹង​ក្នុង​ពិភពលោក​។ សៀវភៅ ក៏បាន​នាំ​មនុស្ស​ទៅកាន់​ពេលវេលា​កន្លងផុតទៅ បច្ចុប្បន្ន និង​ទៅ​អនាគត​ផងដែរ​។ 
 
​លោកស្រី​បន្តថា «​បើទោះបីជា​បច្ចុប្បន្ន​មាន ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ទូរទស្សន៍ និង​កំ​ព្យូ​ទ័​រ ដែល​អាច​ចាត់ទុកជា​មិត្ត​របស់​មនុស្ស ប៉ុន្តែ​សៀវភៅ​ជានិច្ច​ជា​កាល នៅតែ​ជា​មិត្ត​ដ៏​ស្មោះត្រង់​ដែល​តាម​ជាប់​ប្រជាជន និង​ប្រជាជាតិ​គ្រប់​តំបន់ តាំងពី​យូរលង់​ណាស់​មកហើយ​»​។​
 
​ពិព័រណ៍​សៀវភៅ​ឆ្នាំ​២០២០​នេះ ត្រូវ​រៀបចំឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ដោយសារ​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​-១៩​។ ”​សម័យ​កូ​វីដ កាន់តែ​ស្និទ្ធ​នឹង​សៀវភៅ​” គឺជា​ប្រធានបទ ដែល​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១២​ខែធ្នូ រហូតដល់​ថ្ងៃទី​១៩​ខែធ្នូ ឆ្នាំ​២០២០ ក្រោម​កិច្ចសហប្រតិបត្តិការ​ពី​ក្រសួង​ចំនួន​៣ មាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​៕
 

Tag:
 សៀវភៅ​
  អក្សរសាស្ត្រ​
  អក្សរសិល្ប៍​
  ពិព័រណ៍​
  សប្ដាហ៍​សៀវភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com