អន្តរជាតិ
ហ្វីលីពីន រឹតបន្តឹងវិធានការបន្ថែមដើម្បីទប់ស្កាត់វីរុសបង្កជំងឺកូវីដ-១៩ ទម្រង់ថ្មី
27, Dec 2020 , 10:29 pm        
រូបភាព
ដោយ៖ កង ម៉េងហុង
 
ហ្វីលីពីន នៅថ្ងៃទី២៦ ខែធ្នូ។ បានអនុម័តវិធានការថ្មីៗមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលបានបំប្លែងខ្លួនទៅជាប្រភេទថ្មីដែលងាយនឹងឆ្លង។ ជាមួយគ្នានេះ ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ក៏ព្រមានពីការបិទប្រទេសជាថ្មី ក្នុងករណីដែលករណីឆ្លងកើនឡើង មុនប្រទេសនេះទទួលបានវ៉ាក់សាំងលើកទីមួយនៅក្នុងខែឧសភា។

 
បណ្តាប្រទេសនៅជុំវិញពិភពលោក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបិទព្រំដែនរបស់ពួកគេដោយមិនទទួលជើងហោះហើរពីចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ដែលជាកន្លែងដែលបានរកឃើញទម្រង់ថ្មីវីរុសបង្កជាជំងឺកូវីដ-១៩ ។
 
បើតាមទីភ្នាក់ងារ Reuters ប្រធានាធិបតីហ្វីលីពីនលោក  រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ចេញបញ្ជាឲ្យពង្រឹងការហាមឃាត់ដែលមជើងហោះហើរពីអង់គ្លេសរហូតដល់ពាក់កណ្តាលខែមករា។ លោក ឌូទើតេ បន្ថែមថា រដ្ឋាភិបាលនឹងដាក់បម្រាមលើការធ្វើដំណើរលើប្រទេសដែលមានការឆ្លងវីរុសទម្រង់ថ្មីដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេសផងដែរ។
 
នៅក្នុងកិច្ចប្រជុំបន្ទាន់ជាមួយអ្នកជំនាញផ្នែកសុខាភិបាល និង មន្រ្តីរដ្ឋាភិបាល លោកប្រធានាធិបតីក៏បានបញ្ជាឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃសម្រាប់អ្នកដំណើរដែលបានធ្វើដំណើរឆ្លងកាត់ ឬមកពីអង់គ្លេស និង មកពីបណ្តាប្រទេសដែលត្រូវបានរកឃើញថាមានករណីឆ្លងវីរុសប្រភេទថ្មីរួមមាន ហុងកុង សិង្ហបុរី អូស្ត្រាលី និងជប៉ុនជាដើម។
 
«ប្រសិនបើ សភាពកាន់តែធ្ងន់ធ្ងរ យើងនឹងឆ្លើយតបភ្លាមៗតាមរយៈការបិទប្រទេសម្តងទៀត»។ លោកឌូទើតេ ព្រមានបែបនេះ។
 
ជាមួយគ្នានោះ លោក ឌូទើតេ ក៏បានសន្យា ចាក់វ៉ាក់សាំងឥតគិតថ្លៃដល់ប្រជាជនចំនួន១០៨លាននាក់ ខណៈដែលការដឹកជញ្ជូន និង ការវ៉ាក់សាំងឲ្យប្រជាជននឹងចាប់ផ្តើមនៅខែឧសភា។ ហ្វីលីពីន កំពុងប្រឹងប្រែងទិញវ៉ាក់សាំងប្រហែល ៨០ លានដូសពីក្រុមហ៊ុនជាច្រើនដូចជា Pfizer, Moderna, AstraZeneca, Johnson & Johnson, Novavax, Sinovac និង វិទ្យាស្ថាន Gameleya របស់រុស្ស៊ី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com