កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករក​គ្រាប់​ច្រើន​បំផុត​ទាំង​១០​ក្នុង​អាជីព​៖ Bican ឈរ​លេខ​១ ឯ CR7 ឡើងទៅ​លេខ​៣
07, Jan 2021 , 8:29 am        
រូបភាព
​កំពូល​កីឡាបាល់ទាត់​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​លើ​លោក​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ចាត់ថ្នាក់​ដោយ FIFA គឺ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អូទ្រីស និង​ឆែក Josef Bican ជា​អ្នករក​គ្រាប់​បាន​ច្រើនជាងគេ​បំផុត​ចំនួន ៨០៥​គ្រាប់​។ ដោយឡែក​វីរបុរស​ប្រេ​ស៊ី​ល Pele ដែល​ស្ថិត​ក្នុងចំណោម​កីឡាករ​ទាំង​១០​ដែល​រក​គ្រាប់​បាន​ច្រើន​បំផុត​ឈរ​នៅ​លេខ​រៀង​ទី​៤ បន្ទាប់ពី Cristiano Ronaldo ប្រជែង​យក​តំណែង​លេខ​៣​របស់ខ្លួន​កាលពី​ថ្មីៗ​នេះ​។​


Josef Bican និង Pele សុទ្ធ​តែមាន​ភាពល្បីល្បាញ​ដូចគ្នា គ្រាន់តែ​ខុស​សម័យកាល​គ្នា​ប៉ុណ្ណោះ​។ Bican វីរបុរស​ក្លិប Slavia Prague ដែល​ទទួលមរណភាព​នៅ​ឆ្នាំ ២០០១ បាន​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ពី​ឆ្នាំ​១៩៣១ ដល់​១៩៥៥ ដោយ​រកបាន​គ្រាប់​បាល់ ៨០៥​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៥៣០​ប្រកួត​ក្នុង​អាជីព ខណៈ Pele ដែល​សព្វថ្ងៃ​មាន​វ័យ​៨០ រកបាន​គ្រាប់​សរុប ៧៥៧ ក្នុងការ​បង្ហាញខ្លួន ៨៣៤​ប្រកួត​។ នេះ​បើតាម​ការចាត់​ថ្នាក់​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។​
 
​ចំណោម​កីឡាករ​បាល់ទាត់​ទាំង​១០​ដែល FIFA ចាត់ថ្នាក់ គិត​ត្រឹម​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១​នេះ Cristiano Ronaldo ខ្សែប្រយុទ្ធ Juventus បាន​បំបែក​កំណត់ត្រា Pele ហើយ ដោយ​រកបាន​គ្រាប់​ស៊ុត​សរុប ៧៥៨​គ្រាប់​។ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ឈានទៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង ស្របពេល​ស្តេច​បាល់ទាត់​ប្រេ​ស៊ី​ល​ធ្លាក់​ទៅ​លេខ​៤​វិញ​។​
 
​អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល និង PSV Eindhoven លោក Romário ដែល​សព្វថ្ងៃ​មាន​វ័យ​៥៤​ឆ្នាំ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ បន្ទាប់ពី Bican ដោយ​រកបាន​គ្រាប់​បាល់​សរុប ៧៧២​គ្រាប់​ក្នុង​អាជីព​។​
 
Lionel Messi ដែល​ទើបបាន​បំបែក​កំណត់ត្រា​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​បំផុត​សម្រាប់​ក្លិប​របស់ Pele ឈរ​នៅ​លេខ​រៀង​ទី​៦​ដោយ​រកបាន​គ្រាប់​ស៊ុត​សរុប​ចំនួន​៧៤២​គ្រាប់​។ Messi រក​គ្រាប់​ឲ្យ Barcelona បាន​ចំនួន ៦៤៤ គ្រាប់ ឯ Pele រក​គ្រាប់​ឲ្យ​ក្លិប Santos បាន​ចំនួន​៦៤៣​គ្រាប់​។​
 
​ខាងក្រោម​នេះ​ជា​កីឡាករ​បាល់ទាត់​ទាំង​១០ ដែល​កាន់​កំណត់ត្រា​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​អាជីព​របស់​ពួកគេ​៖ 
១- Josef Bican ប្រក​អាជីព​ចន្លោះ​ឆ្នាំ ១៩៣១-១៩៥៥ រកបាន​៨០៥​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៥៣០​ប្រកួត​
២- Romário ប្រក​អាជីព​ចន្លោះ​ឆ្នាំ ១៩៨៥-២០០៩ រកបាន ៧៧២​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៩៩៤​ប្រកួត​
៣- Cristiano Ronaldo ប្រក​អាជីព​ចាប់ពី​ឆ្នាំ ២០០២ ដល់​សព្វថ្ងៃ រកបាន​៧៥៨​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៨៣៤​ប្រកួត​
៤- Pele ប្រក​អាជីព​ចន្លោះ​ឆ្នាំ ១៩៥៦-១៩៧៧ រកបាន​៧៥៧​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៨៣៤​ប្រកួត​
៥- Ferenc Puskás សញ្ជាតិ​ហុង​គ្រី ប្រក​អាជីព​ចន្លោះ​ឆ្នាំ ១៩៤៣-១៩៦៦ រកបាន​៧៤៦​គ្រាប់ ក្នុងការ​បង្ហា​ខ្លួន​៧៥៤​ប្រកួត​
៦- Lionel Messi ប្រកប​អាជីព​ចន្លោះ​ឆ្នាំ ២០០៣ ដល់​សព្វថ្ងៃ រកបាន​៧៤២​គ្រាប់ ក្នុងការ​បង្ហា​ខ្លួន​៧៥៤​ប្រកួត​
៧- Gerd Müller របស់​អាល្លឺម៉ង់ ប្រកប​អាជីព​ចន្លោះ​ឆ្នាំ ១៩៦២-១៩៨១ រកបាន​៧៣៥​គ្រាប់ ក្នុងការ​បង្ហា​ខ្លួន​៧៩៣​ប្រកួត​
៨- Eusébio របស់​ព័រ​ទុយ​ហ្គា​ល់ ប្រកប​អាជីព​ចន្លោះ​ឆ្នាំ ១៩៥៧-១៩៨០ រកបាន​៦២៣​គ្រាប់ ក្នុងការ​បង្ហា​ខ្លួន​៦៣៩​ប្រកួត​
៩- Tulio Maravilha ប្រេ​ស៊ី​ល ប្រកប​អាជីព​ចន្លោះ​ឆ្នាំ ១៩៨៨-២០១៩ រកបាន​៥៨៨​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៧៩៤​ប្រកួត​
១០- Ferenc Deak ហុង​គ្រី ប្រកប​អាជីព​ចន្លោះ​ឆ្នាំ ១៩៤០-១៩៥៧ រកបាន​៥៧៦​គ្រាប់ (​មិនបាន​បង្ហាញ​ចំនួន​ប្រកួត​)៕
 

Tag:
 Josef Bican
  Pele
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com