ជាតិ
សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច​៖ ការយកពន្ធ​លើ​អង្ករ ដោយ​អឺរ៉ុប មិន​ដល់​ថ្នាក់​សម្លាប់​កសិករ​ខ្មែរ​ទេ​
19, Jan 2019 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ច័ន្ទ សុផល អ្នកជំនាញ​និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​ម្នាក់ ដូចជា​មិន​យល់ស្រប​នឹង​ក្រសួងពាណិជ្ជកម្ម ដែល​ប្រើពាក្យ​ថា កា​រស​ម្រ​ច​យកពន្ធ​លើ​អង្ករ​កម្ពុជា ដោយ​សហភាព​អឺរ៉ុប គឺជា​ការធ្វើឃាត​លើ​កសិករ​ក្រីក្រ​។ សម្រាប់​លោក រឿងនេះ ដូចជា​មិនគួរ​ឲ្យ​ព្រួយបារម្ភ​ដល់​ថ្នាក់​នេះ​ពេក​ទេ​។​


 
​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក លោក ច័ន្ទ សុផល បាន​បញ្ចេញ​ទស្សនៈ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ឃើញថា ដូចជា​មិន​ធ្ងន់ធ្ងរ​ពេក​ទេ​។ អឺរ៉ុប មិនអាច​សម្លាប់​កសិក​រ​ខ្មែរ​តាមរបៀប​នេះ​ទេ​។ បើ​គេ​ឆ្ងាញ់​នឹង​អង្ករ​ខ្មែរ គេ​ក៏​ទំនងជា​នៅតែ​ទិញ​ដដែល ទោះបីជា​ថ្លៃ​ជាង​មុន​បន្តិច​ក៏ដោយ​។ ប៉ុន្មាន​ខែ​ទៀត​នឹង​ដឹង​ច្រើន​ហើយ​»​។ 
 
​អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ ផ្តល់​គំនិត​ថា កម្ពុជា អាច​ដោះស្រាយបាន ប្រសិនបើ​រដ្ឋាភិបាល ជួយ​បន្ថែម​ដល់​វិស័យ​ស្រូវ​អង្ករ ដូចជា ជួយ​បន្ថយថ្លៃ​អគ្គិសនី​ដល់​រោង​ម៉ាស៊ីន​ស្រូវ  បន្ថយថ្លៃ​កំពង់ផែ ហើយ​កសាង​ផ្លូវ​ឲ្យ​រឹងមាំ​នៅតាម​ជនបទ  និង​មិន​យកពន្ធ​កាត់​ទុក​ប្រចាំខែ​។ លោក ឲ្យ​យោបល់​មួយ​ទៀតថា ការកាត់បន្ថយ​ថ្លៃដើម ក៏​ជំរុញ​ឲ្យ​អង្ករ​កម្ពុជា កាន់តែ​អាច​ប្រជែង​យកឈ្នះ​គេ នៅលើ​ទីផ្សារ​ផ្សេងៗ​ផងដែរ ក្រៅពី​អឺរ៉ុប​។ លោក បន្ថែមថា កសិករ អាច​លក់​ស្រូវ​អ៊ី​អ៊ែរ ឲ្យ​វៀតណាម​ដូច​សព្វដង ឬ​អាច​ត្រូវបាន​ជួយ​ឲ្យ​ផលិត​ស្រូវ​ក្រអូប​វិញ​។​
 
​ចំណែក អ្នកជំនាញ​សេដ្ឋកិច្ច​ម្នាក់ទៀត គឺ​លោក ង៉ែត ជូ ក៏បាន​បញ្ចេញយោបល់​តា​ម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដែរ ជាពិសេស​ផ្តោតលើ​ចម្ងល់​ថា ការយកពន្ធ​លើ​អង្ករ​នេះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នក​ខាត ឬក៏​ប្រជាពលរដ្ឋ​ខាង​សហភាព​អឺរ៉ុប ជា​អ្នក​ខាត​។ លោក ចោទ​ជា​សំណួរ​ថា «​តើ​កម្ពុជា ពិតជា​អាច​លក់​អង្ករ ដោយ​ដំឡើង​តម្លៃ​២០០​ដុល្លារ​បន្ថែម ក្នុង​១​តោន​? ឬក៏ កម្ពុជា ត្រូវ​ទទួល​ខាតបង់ ដោយ​ទម្លាក់​តម្លៃ​២០០​ដុល្លារ ក្នុង​១​តោន​?» 
 
​បន្ទាប់មក លោក ក៏​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​បើទោះជា​ប្រជាជន​អឺរ៉ុប ជា​អ្នកចេញ​បន្ថែម​២០០​ដុល្លារ​ក្នុង​១​តោន ក៏​ហាក់ដូចជា​មិន​ធ្ងន់ធ្ងរ​ដែរ ព្រោះ​គេ​ជា​អ្នកមាន​។ គេ​មាន​ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យម​៣៣៧០០​ដុល្លារ ដែល​២០០​ដុល្លារ ស្មើ​ត្រឹមតែ​ប្រហែល​០,៦​ភាគរយ​នៃ​ចំណូល​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​កម្ពុជា​ជា​អ្នករ៉ាប់រង​ពន្ធ​២០០​ដុល្លារ នោះ​ស្មើនឹង​១៤,៥%​នៃ​ចំណូល​ជា​មធ្យម​របស់​ពលរដ្ឋ​កម្ពុជា​។ ចំណូល​ជា​មធ្យម​របស់​ពលរដ្ឋ​កម្ពុជា​នៅ​ឆ្នាំ​២០១៧ គឺ​ប្រហែល​១៣៨០​ដុល្លារ​។ យ៉ាងណា រដ្ឋាភិបាល​អាច​នឹងមាន​យន្ត​ការបន្ត​ជ្រោមជ្រែង​វិស័យនេះ​»​។​
 
​សហភាព​អឺរ៉ុប បានសម្រេច​ឲ្យ​កម្ពុជា បង់ពន្ធ​ប្រមាណ​២០០​ដុល្លារ ក្នុង​១​តោន សម្រាប់​ការនាំ​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ ការបង់ពន្ធ គឺ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​ទៅ​។ 
 
​ក្រោយ​សហភាព​អឺរ៉ុប​សម្រេច​បែបនេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ក៏​ចេញ​សេចក្តីថ្លែងការណ៍ ដើម្បី​ឆ្លើយតប​។ ក្រសួងពាណិជ្ជកម្ម បានចាត់ទុក​ការយកពន្ធ​លើ​អង្ករ​ពី​សំណាក់​សហភាព​អឺរ៉ុប ថា​ប្រៀបដូចជា​អាវុធ​សម្លាប់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា​។ ក្រសួង​នេះ អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប ពិនិត្យឡើងវិញ​ចំពោះ​ការសម្រេច​នេះ​៕ 
 
អត្ថបទទាក់ទង
 
 

Tag:
 EU
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com