ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលា​ការចេញ​ដីកា​កោះហៅ​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី តាមបណ្ដឹងសម្ដេច​ ហ៊ុន សែន​
03, Aug 2016 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាកោះហៅ​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​នៅក្នុង​តុលាការ​នៅ​ថ្ងៃទី​០៨ សីហា តាម​ពាក្យបណ្ដឹង​របស់​មេធាវី​សម្ដេច ហ៊ុន សែន ។ ចំណែក​ឯកឧត្តម សម រង្ស៊ី តុលាការ​បង្គាប់​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៩ សីហា ។ នេះ​បើតាម​លោក លី សុផាន់​ណា អ្នកនាំពាក្យសា​លា​ដំបូង​រាជធានីភ្នំពេញដែល​សរសេរ​នៅលើ​បណ្ដាញ​សង្គម Telagram នៅ​ថ្ងៃទី​០៣ សីហា​។​



​​កាលពី​ថ្ងៃទី​០១ សីហា មេធាវី​របស់​សម្តេច ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី​។ បើតាម​លោក គី តិច សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​លោក​ប្តឹង​ឯកឧត្តម សម រង្ស៊ី ដែល​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី និង​ប្តឹង​អ្នកស្រី ថាក់ ឡា​នី  ដែល​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី ។ តែ​មេធាវី​រូបនេះ មិន​បញ្ជាក់​ពីបទ​ចោទប្រកាន់​អ្វី​ឲ្យ​ច្បាស់​លើ​ឯកឧត្តម សម រង្ស៊ី និង អ្នកស្រី ថាក់ ឡា​នី ព្រោះ​លោក​ទុក​ឲ្យ​តុលាការ​ជា​អ្នកចោទ​ប្រកាន់​។ លោក គី តិច មេធាវី ការពារ​ក្តី​សម្តេច ហ៊ុន សែន បាន​ថ្លែងថា សម្តេច ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី តែ​ម្នាក់ ១០០ រៀល​តែប៉ុណ្ណោះ ព្រោះ​សម្តេច​មិន​ចង់បាន​ប្រាក់​អ្វី​នោះឡើយ តែ​សម្តេច​ចង់​បានតែ​ការបញ្ជាក់​ពី​ភាព​ស្អាតស្អំ​សម្រាប់​លោក ៕


© រក្សាសិទ្ធិដោយ thmeythmey.com