អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ករណី​ផែនទី​ព្រំដែន​៖ ឯ​.​ឧ សម រង្ស៊ី បង្ហាញ​ជំហ​ស្រប​សម្ដេច ហ៊ុន សែន​
28, Nov 2016 , 2:38 pm        
រូបភាព
 
 
​ភ្នំពេញ​៖ មេដឹកនាំ​គណបក្សប្រឆាំង ឯកឧត្តម សម រង្ស៊ី បានបង្ហាញ​ជំហរ​ស្របគ្នា​នឹង​សម្តេច ហ៊ុន សែន​ដែរ​ក្នុង​ការស្នើ​រដ្ឋាភិបាល​បារាំង ឲ្យ​ជួយ​ផ្ដល់ជំនួយ​បច្ចេកទេស​ក្នុងការ​រៀបចំ​ខ្នាត​ផែនទី​ប្រទេស​កម្ពុជា​សម្រាប់​យកទៅ​ដោះ ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។

 
​កន្លងទៅ​ពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្គាប់​ឲ្យ​លោក ឡុង វី​សា​ឡូ រដ្ឋលេខាធិការ​ក្រសួង ការបរទេស​កម្ពុជា ព្រាង​ឯកសារ​ច្បាប់​ជាមួយ​ភាគី​វៀតណាម ដើម្បី​រៀបចំ​លិខិតស្នាម​ផ្លូវកា​ស្នើ​ទៅ​បារាំង​ស្នើសុំ ជំនួយ​បច្ចេកទេស​មកជួយ​រៀបចំ​ផែនទី​ផ្ទេរ​ពី​ខ្នាត​១​លើ​១០០​ពាន់ មក​ខ្នាត​១​លើ​៥០​ពាន់​វិញ​។ សម្តេច​បានចេញ​ការណែនាំ​ដូច្នេះ​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក នៅ ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៣ វិច្ឆិកា​។ ប៉ុន្តែ សម្តេចនាយក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ហេតុផល​នៅ​ពីក្រោយ​គោលបំណង​បំ​លែង​ផែនទី​ពី​ខ្នាត​១​លើ​១០០​ពាន់ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ទៅប្រើ​ខ្នាត​១​លើ ៥០​ពាន់​វិញ ទេ​។ 
 
​ឧ​ត្ត​ម សម រង្ស៊ី ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ក្រៅប្រទេស បាន​សម្តែង​ការគាំទ្រ​គំនិត​ថ្មី​នេះ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ដោយនិយាយ​ថា ការពង្រីក​ផែនទី​ពី​ខ្នាត​១​លើ​១០០​ពាន់​(១/១០០០០០) ទៅ​ខ្នាត​១​លើ​៥០​ពាន់ (១/៥០០០០) វិញ មាន​លក្ខណៈ​មូលដ្ឋាន​ច្បាស់លាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ 
 
​ឯកឧត្តម សម រង្ស៊ី ដែល​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖ «​បញ្ហា​បូរណភាព​ទឹកដី គឺជា​បញ្ហា​កំណត់ព្រំដែន ទាំង​ដែន ដីគោក និង​ដែនដី​ទឹក ឲ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌​។ បញ្ហា​ព្រំដែន​នេះ​ឈាន​មកដល់​ដំណាក់កាល​មួយ​ថ្មី ដែល តម្រូវ​ឲ្យ​ជនជាតិខ្មែរ អ្នកស្នេហាជាតិ ទាំងអស់ ចូលរួម ធ្វើការ​និង​តស៊ូ​ជាមួយគ្នា ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន ត្រឹមត្រូវ ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់ ទាំង​ច្បាប់​ជាតិ (​ជាពិសេស រដ្ឋធម្មនុញ្ញ​) ទាំង​ច្បាប់​អន្តរជាតិ (​ជាពិសេស កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១)”​។ 
 
​ប្រធាន​គណបក្សប្រឆាំង ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ការពង្រីក​ខ្នាត​ផែនទី​ពី ១/១០០.០០០ (​គឺ ១​សង់ទីម៉ែត្រ លើ​ផែនទី​ក្រដាស ស្មើនឹង ១​គីឡូម៉ែត្រ លើ​ផែនដី​ជាក់ ស្តែង​) ទៅ ១/៥០.០០០ (​គឺ ២​សង់ទីម៉ែត្រ លើ​ផែនទី​ក្រដាស ស្មើនឹង ១​គីឡូម៉ែត្រ លើ​ផែនដី​ជាក់ស្តែង​) នឹងធ្វើ​ឲ្យ​ផែនទី “​លម្អិត​ជាង ២​ដង ហើយក៏​ច្បាស់​ជាង ២​ដង … ដោយ​គ្មាន​ប្រែប្រួល​អ្វី​ដែលជា​លក្ខណៈ​មូលដ្ឋាន ឡើយ​»​។​
 
​លោក​បន្ថែមថា​៖ «​យើង​អាច​ជឿទុកចិត្ត​លើ​ផែនទី រៀបចំ​ដោយ​ប្រទេស​បារាំង ដែលមាន​គោលជំហរ​អ​ព្យា​ក្រិត ជាជាង​ផែនទី ដែល​រៀបចំ​ដោយ​ប្រទេស​វៀតណាម ដែលមាន​ផលប្រយោជន៍ ផ្ទុយ​ពី​ផលប្រយោជន៍​ប្រទេស​កម្ពុ​ជា ក្នុងការ​កំណត់ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​»​។​
 
​គេ​នៅ​មិនទាន់​ដឹងថា​តើ​ជំហរ​ថ្មី​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ជាមួយនឹង​ការគាំទ្រ​របស់​មេដឹកនាំ​គណៈបក្សប្រឆាំង​ដែរ​នេះ នឹងមាន​ផលប៉ះពាល់​បែបណា​ទៅលើ​មាត្រា​ពាក់ព័ន្ធ​បូរណភាព​ដែនដី​កម្ពុជា​នៅក្នុង​រដ្ឋធម្មនុញ្ញ​ជាតិ​នៅ ឡើយ​ទេ​។ មាត្រា ២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែងថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច រំលោភ​បាន ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន​ដែលមាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០,០០០ ធ្វើ​នៅ​ចន្លោះ ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ និង​ឆ្នាំ​១៩៦៩​។​
 
​ក្នុង​ពេលនេះ លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ន័​រវេ​ស៍ ចាត់ ទុក​ការសម្រេច​របស់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ គឺជា​ការរំលោភបំពាន​ទៅលើ​មាត្រា ២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២៥ ខែវិច្ឆិកា ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖ «​នៅក្នុង​បំណង​នៃ​ការផ្ទេរ​ផែនទី​នេះ គឺ​គ្រាន់តែ​ជាការ​បន្លំ​ភ្នែក និង​កាឡៃ​ឯកសារ ប្រវត្តិសាស្ត្រ​ស្ដីពី​ព្រំដែន​ខ្មែរ​តាំងពី​អនុសញ្ញា​បារាំង​-​កម្ពុជា​-​កូសាំងស៊ីន ឆ្នាំ​១៨៨៣»​។​
 

Tag:
 សម រង្ស៊ី​
  ​ហ៊ុន សែន
 ​ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com