ជាតិ
សេវាកម្ម​ទេសចរណ៍​ផ្តើម​បើក​ដំណើរ​កម្សាន្ត​លើ​កោះ​ហៃ​ណាន ជា​លើកដំបូង​
02, Dec 2016 , 2:38 pm        
រូបភាព
ដោយ:
​ហៃ​ណាន​, ប្រទេស​ចិន​៖ ម្ចាស់​សេវាកម្ម​ទេសចរណ៍​កម្ពុជា​ថ្មីសន្លាង​មួយ បាន​ផ្តើម​បើក​ដំណើរ​កម្សាន្ត​លើ​កោះ​ហៃ​ណាន ប្រទេស​ចិន ជា​លើកដំបូង ចាប់ពី​ខែ ធ្នូ ឆ្នាំ​២០១៦​នេះ​តទៅ​។​



​ដំណើរ​កម្សាន្ត​លើដី​កោះ​ទំហំ​ជាង ៣​ម៉ឺន​គី​ឡួ​ម៉ែត្រក្រឡា​ដ៏​ស្រស់បំព្រងភាគខាងត្បូង​ប្រទេស​ចិន​ត្រូវបាន​រៀបចំឡើង បន្ទាប់ពី​កម្ពុជា និង​ចិន បាន​ភ្ជាប់​ការហោះហើរ​ត្រង់​ពី​ភ្នំពេញ និង​សៀមរាប ទៅ​កោះ​ហៃ​ណាន ចាប់ពី​ខែកក្កដា កន្លងមកនេះ​។​

​លោក ឈិន ហ៊ុយ អ្នក​សម្រប​ស​ម្រូ​ល​សេវាកម្ម​ទេសចរណ៍​អាយ​ខ្មែរ​ទ្រី​ប (iKhmertrip) បាន​ពន្យល់​ពី​មូល​ហេតុដែល​នាំ​ឲ្យ iKhmertrip បើក​កញ្ចប់​ទេសចរណ៍​លើ​កោះ​ហៃ​ណាន​នេះ ពីព្រោះ​វា​មាន​តំបន់​ប្រពៃណី​វប្បធម៌​បុរាណ​ចិន រមណីយ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ តំបន់ឆ្នេរ​សមុទ្រ និង​ម្ហូបអាហារ​ចិន​ប្រចាំ​តំបន់​សំបូរបែប រួមទាំង​សណ្ឋាគារ​លំដាប់​ផ្កាយ​អន្តរជាតិ​ផងដែរ​។​



​ក្រៅពីនេះ ហៃ​ណាន​ក៏មាន​ធាតុអាកាស​អំណោយផល​ដែរ សម្រាប់​ភ្ញៀវទេសចរ​លំហែ​អារម្មណ៍​។ ហៃ​ណាន​មាន​អាកាសធាតុ​តំបន់​ត្រូពិច​ត្រជាក់​ល្មម​ដែល​ជួយ​ឲ្យ​ភ្ញៀវទេសចរ អាច​លំហែកាយ​បាន​ស្រួល​។ នេះ​ជាការ​បញ្ជាក់​របស់​តំណាង​សេវាកម្ម​ទេសចរណ៍​ទើប​បង្កើតឡើង​ជាង ១​ឆ្នាំ​ដែល​ជួយ​ឲ្យ​ភ្នាក់ងារ​ទេសចរ​ខ្នាតតូច និង​មធ្យម អាច​ផ្តល់​សេវា​ទេសចរ​បន្ត​ងាយស្រួល នៅ​កោះ​ហៃ​ណាន​។​

​លោក​បាន​ប្រាប់​តំណាង​ភ្នាក់ងារ​ទេសចរ និង​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា​ជាង ២០​នាក់ ក្នុង​ដំណើរ​កម្សាន្ត​ស្វែងយល់​ពី​ប្រពៃណី​ទំនៀមទម្លាប់ រមណីយដ្ឋាន និង​ម្ហូបអាហារ​រយៈពេល​៦​ថ្ងៃ នៅ​កោះ​ហៃ​ណាន​ដូច្នេះ​ថា​៖«​គេ​ចាត់ទុក​ហៃ​ណាន​ជា​ឋានសួគ៌​របស់​មនុស្ស​»​។​

​បើតាម​អ្នក​សម្រប​ស​ម្រូ​ល iKhmertrip ដែល​អ្នករៀបចំ​ដំណើរ​កម្សាន្ត​ទាំង​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប​រូបនេះ ភ្នាក់ងារ​ទេសចរ​ដែល​ជា​សមាជិក​ខ្លួន​ជាង ២០០​ក្រុមហ៊ុន​ទាំង​ភ្នំពេញ និង​សៀមរាប នឹង​ជួយ​រៀបចំ​ឯកសារ​ធ្វើដំណើរ​កម្សាន្ត​ជូន​ភ្ញៀវទេសចរ រួមទាំង ការធានារ៉ាប់រង​ពេល​ដំណើរ​កម្សាន្ត​ផង តាំង​ពីមុន​ថ្ងៃ​ចេញ រហូតដល់​ថ្ងៃ​ត្រឡប់មក​កម្ពុជា​វិញ​។​

​មិន​ខុសគ្នា​ដែរ លោក Zhang mian តំណាង​សេវាកម្ម​ធ្វើដំណើរ​តាមផ្លូវ​អាកាស​ហៃ​ណាន​អន្តរជាតិ និង​ជា​ដៃគូ iKhmertrip នៅ​ចិន ជឿជាក់ថា ភ្ញៀវទេសចរ​កម្ពុជា​ទាំងអស់​នឹងធ្វើ​ដំណើរ​ក​ម្សា​ន្ត​នៅ​ហៃ​ណាន ព្រោះ​វា​ជា​តំបន់​ទេសចរ​ធម្មជាតិ​ដ៏​ពេញនិយម​ក្នុងប្រទេស​ចិន​។



«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ប្រជាជន​កម្ពុជា​នឹង​មក​កម្សាន្ត​នៅទីនេះ (​ហៃ​ណាន​) ព្រោះ​ហៃ​ណាន​ជា​តំបន់​ទេសចរ​គ្មាន​ផ្សែង​ពុល រួមមាន តំបន់ឆ្នេរ​សមុទ្រ ប្រពៃណី​វប្បធម៌​បុរាណ​រួមទាំង​កន្លែង​ការ​បដិសណ្ឋារកិច្ច​លំដាប់​អន្តរជាតិ​»​។ លោក Zhang mian ប្រាប់​អ្នកសារព័ត៌មាន​តាម ការបកប្រែ ស្របពេល​កម្ពុជា និង​ចិន កំពុង​ជំរុញ​កំណើន​ទេសចរ​ទេ្វ​ភាគី​។​

​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច iKhmertrip ដែរ លោក Fenghua Fu នាយករង​នៃ​គណៈកម្មការ​អភិវឌ្ឍន៍​តំបន់​ទេសចរ​ប្រចាំខេត្ត​ហៃ​ណាន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ហៃ​ណាន​មាន​កន្លែង​ទេសចរ និង​កម្សាន្ត​គួរ​ឲ្យ​លំហែរ​ជាច្រើន​កន្លែង​។​

​លោក​និយាយថា តំបន់​ទាំងនោះ រួមមាន តំបន់​ទេសចរ​រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម តំបន់​ភូមិ​វប្បធម៌​ចិន​ស៊ី​ង​ឡុង ភូមិ​បុរាណ​ប៉រ​អាវ សួន​ថ្នាំ​រុក្ខជាតិ​ត្រូពិច ការ​ទស្សនា​ដង​ទន្លេ​វ័ន​ឈាន អគារ​ប៉​អាវ ឆ្នេរសមុទ្រ​អ៊ី​តា​យ ទស្សនា​ទេសភាព​ពេល​រាត្រី​នៅ​ហាង Sea Story ការ​ទស្សនា​ដង​វិថី​ថត​ខ្សែភាពយន្ត​បុរាណ​កាលពី​ឆ្នាំ​១៩៤២ ទស្សនា​ទីក្រុង​ទំនើប Mission Hill Centerville និង​ដើរ​កម្សាន្ត​តាម​ដង​វិថី Kwai Fong ជាដើម​៕








Tag:
 ​កោះ​ហៃ​ណាន​
  iKhmertrip
© រក្សាសិទ្ធិដោយ thmeythmey.com