អន្តរជាតិ
មហិច្ឆតា​«​នុយក្លេអ៊ែរ​»​ដោយ​ឥត​ញ​ញឺ​ត​លោក គីម ជុង​អ៊ុន ហ៊ុ​ច​ផល​មកវិញ​នូវ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពីរដង​ក្នុង​ឆ្នាំ​២០១៦
31, Dec 2016 , 7:39 pm        
រូបភាព
ដោយ:
​ការព្យាយាម​បំពេញ​មហិច្ឆតា​របស់ខ្លួន​ក្នុង​ការកសាង​សមត្ថភាព​យោធា​តាមរយៈ​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយ​មិនមាន​ការខ្លាច​រអារ​ពី​បម្រាម​សហគមន៍​អន្តរជាតិ បាន​ហ៊ុ​ច​ផល​មកវិញ​នូវ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​។ ជាពិសេស​នោះ គ្រាន់តែ​ឆ្នាំ​២០១៦​នេះ កូរ៉េខាងជើង ទទួលបាន​ទណ្ឌកម្ម​ពីរលើក​ដែលជា​ប្រភេទ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែលមាន​ទិសដៅ​បិទ​ច្រក​សេដ្ឋកិច្ច​រដ្ឋ​ឯកោ​មួយ​នេះ ធ្វើ​បែប​យ៉ាងណា​មិន​ឲ្យ​មានលទ្ធភាព​ដើម្បី​បន្ត​មហិច្ឆតា​នុយក្លេអ៊ែរ​ទៀត​នោះ​។



​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បានអនុម័ត​ជា​ឯកច្ឆន្ទ​លើស​ម្រេច​ដំណោះស្រាយ​ថ្មី​មួយ​បន្ថែម​ដើម្បី​ឆ្លើយតប ក៏ដូចជា​ប្រឆាំងនឹង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់មេ​ដឹកនាំ​វ័យក្មេង​គីម ជុង​អ៊ុន ដែល​បាន​បញ្ជា​បាញ់​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​៥​នៅ​ថ្ងៃទី​០៩ ខែកញ្ញា​កន្លងទៅ​។ ការបាញ់​សាកល្បង​នោះ ត្រូវបាន​អ្នកជំនាញ​ចាត់ទុកជា​ការបាញ់​មួយ​ក្នុង​បច្ចេកវិទ្យា​ដ៏​ខ្លាំងក្លា​បំផុត​។

​តាមរយៈ​សេចក្តីសម្រេច​ជា​ដំណោះស្រាយ​លេខ ២៣២១ សមាជិក​ទាំង​១៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ បាន​អះអាង​ជាថ្មី​ថា កូរ៉េខាងជើង​មិនគួរ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ បច្ចេកវិទ្យា​មី​ស៊ី​ល​បាលី​ស្ទីក ឬ​សកម្មភាព​បង្កហេតុ​ផ្សេង​បន្ថែម​ទៀតឡើយ​។ យោងតាម​ប្រការ​២៦​នៃ​សេចក្តីសម្រេច ដំណោះស្រាយ ២៣២១​នោះ កូរ៉េខាងជើង មិនអាច​ផ្គត់ផ្គង់ លក់ ឬ​ដឹកជញ្ជូន​ទាំង​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​ទឹកដី​របស់ខ្លួន ឬ​នាវា​ដឹកជញ្ជូន​ដែលមាន​ទង់ជាតិ​កូរ៉េខាងជើង​នូវ ធ្យូង និង​ថ្ម​ទៀត​បានឡើយ ហើយ​សមាជិក​ទាំងអស់​អង្គការសហប្រជាជាតិ​ទាំងអស់ ក៏​ត្រូវបាន​ហាមឃាត់​ក្នុង​ការធ្វើ​លទ្ធកម្ម​ពី​កូរ៉េខាងជើង​លើ​មុខទំនិញ​ទាំងនោះ​ផងដែរ​។​

​ប្រការ​២៦ ដែលជា​បញ្ញត្តិ​មួយ​ដែល​ត្រូវ​ជំនួស​លើ​ប្រការ​២៩ នៃ​ដំណោះស្រាយ ២២៧០ មាន​ទិសដៅ​ធានា​បិទ​ច្រក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​សំដៅ​ការលក់​ធ្យូងថ្ម​ដែលជា​ដង្ហើម​របស់​កូរ៉េខាងជើង​តែម្តង​។ បញ្ញត្តិ​នោះ បង្ហាញ​យ៉ាងច្បាស់​ពី​ការ​ព្រមព្រៀងគ្នា​ជា​ឯកច្ឆន្ទ​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​រួមមាន​ទាំង​ចិន ដែលជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​ដែរនោះ បានសម្រេច​ផ្ដាច់ការ​នាំចេញ​របស់​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​ក្នុង​បរិមាណ​ធ្យូងថ្ម ៧.៥​លាន​តោន​សម្រាប់​ឆ្នាំ​២០១៧ ដែលមាន​តម្លៃ​ប្រមាណ​៤០០​លាន​ដុល្លារ​។​

​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ នៅ​ថ្ងៃទី​០២ ខែមីនា កន្លងទៅ ក៏បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីសម្រេច​ថ្មី​មួយ​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​មួយ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​។ តែ​សេចក្តីសម្រេច​លេខ ២២៧០ ដែលជា​សេចក្តីសម្រេច​ទណ្ឌកម្ម​លើក​ទី​៥​ប្រឆាំងនឹង​កូរ៉េខាងជើង​ពេលនោះ មិនបាន​បញ្ជាក់​ពី​តួលេខ​ច្បាស់លាស់​ដូច​សេចក្តីសម្រេច​ចុងក្រោយ​នេះឡើយ​។​

​កន្លងទៅ មុន​ឆ្នាំ ២០១៦ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្តីសម្រេច​បួន​លើក​រួចហើយ​ដើម្បី​ប្រឆាំងនឹង​កូរ៉េខាងជើង​។ ក្នុងនោះ​រួមមាន​ក្នុង​ឆ្នាំ​២០០៦ ( សេចក្តីសម្រេច​លេខ​១៧១៨ ) ឆ្នាំ​២០០៩ (​សេចក្តីសម្រេច​លេខ​១៨៧៤) ឆ្នាំ​២០១៣(២០៨៧) និង ឆ្នាំ​២០១៣ (​សេចក្តី​លេខ​២០៩៤) ។ សេចក្តីសម្រេច​ទាំងនេះ​ដែល​បាន​បញ្ញា​ត្តិ​ទណ្ឌកម្ម​មួយចំនួន​ទាក់ទង​នឹង​ការ​រឹតត្បិត​លើ​ប្រភព​សេដ្ឋកិច្ច​ទៅកាន់​កូរ៉េខាងជើង​ទាំងនេះ មិនបាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ថមថយ​សកម្មភាព​ខ្លួន​នោះទេ​៕


Tag:
 កូរ៉េខាងជើង​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com