អន្តរជាតិ
ក្រោយ​ឯករាជ្យ លោក តូ​នី តាន់ កេង​យាំ ជា​ប្រមុខរដ្ឋ​សិង្ហ​បុរី​ទី​២ មក​ទស្សនកិច្ច​នៅ​កម្ពុជា​
06, Jan 2017 , 9:21 am        
រូបភាព
ប្រធានាធិបតីសិង្ហបុរី តូនី តាន់ កេងយាំ (រូបថតហ្វេសប៊ុក Dr Tony Tan)
ប្រធានាធិបតីសិង្ហបុរី តូនី តាន់ កេងយាំ (រូបថតហ្វេសប៊ុក Dr Tony Tan)
​ប្រធានាធិបតី​សិង្ហ​បុរី តូ​នី តាន់ កេង​យាំ (Tony Tan Keng Yam) នឹង​មក​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​រយៈពេល​៤​ថ្ងៃ នៅ​ចុង​សប្ដាហ៍​នេះ​។ លោក នឹង​ក្លាយជា​ប្រមុខរដ្ឋ​សិង្ហ​បុរីទីពីរ  ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់តាំងពី​ប្រទេស​ទាំងពីរ​ភ្ជាប់​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៦៥​។ ប្រធានាធិបតីសិង្ហបុរីដំបូងដែលមកបំពេញទស្សនកិច្ចនៅ​កម្ពុជា គឺ​លោក S.R. Nathan នៅ​ដើម​ឆ្នាំ​២០០៣។​




តាម​ការអញ្ជើញ​ពី​សំណាក់​ព្រះករុណា​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី លោក តូ​នី តាន់ កេង​យាំ ប្រធានាធិបតី​ទី​៧ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នឹងធ្វើ​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែមករា​។ ជាមួយ​ទស្សនកិច្ច​លើក​នេះ លោក តូ​នី តាន់ កេង​យាំ គឺជា​ប្រធានាធិបតី​សិង្ហ​បុរី​ទី​២ ធ្វើដំណើរ​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជិត​៥៧​ឆ្នាំ​នៃ​ចំណង​ការទូត​ប្រទេស​ទាំងពីរ​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា អំឡុងពេល​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះ លោក តូ​នី តាន់ កេង​យាំ នឹង​ចូល​បង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្ដេចព្រះ​មហាក្សត្រី​យ៍ នៅ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។ លោក​ប្រធានាធិបតី​សិង្ហ​បុរី ក៏​នឹង​ចូលជួប​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន មុននឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ​។ ក្រៅពីនោះ លោក នឹង​ទៅ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ផងដែរ​។​

​កន្លងមក នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ចំនួន​បីនាក់ ក៏​ធ្លាប់ធ្វើ​ដំណើរ​មកកាន់​ក​ម្ពុ​ជា​ផងដែរ​។ លោក លី ក្វាន់​យូ បិតា​ឯករាជ្យ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ​របស់​សិង្ហ​បុរី ធ្លាប់​មកកាន់​កម្ពុ​ជាម​ក​ម្ដង​ក្នុង​ឆ្នាំ​១៩៦៧ និង​បាន​ជួប​ព្រះមហាវីរក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ​ទៀតផង​។ ក្នុង​ឆ្នាំ​២០០២ អតីត​នាយករដ្ឋមន្ត្រី Goh Chock Tong ធ្វើដំណើរ​មកកាន់​ក្រុងភ្នំពេញ​ដើម្បី​ចូល​កិច្ចប្រជុំ​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​។​

៥​ឆ្នាំ​មុននេះ នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លី សៀន​ឡុង ជា​កូនប្រុស​លោក លី ក្វាន់​យូ ក៏បាន​ធ្វើដំណើរ​នៅ​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​។ លោក លី សៀន​ឡុង ធ្លាប់ធ្វើ​ដំណើរ​មកកាន់​កម្ពុជា​ម្ដង​ជាមួយ​ឪពុក​របស់លោក​ក្នុង​ឆ្នាំ​១៩៦៧ ដែល​ពេលនោះ​លោក​នៅ​វ័យក្មេង​អាយុ​ទើប​១៥​ឆ្នាំ​នៅឡើយ​។​

​សូម​រម្លឹក​ដែរ​ថា មុន​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៦៥ លោក Yusof bin Ishak ដែល​ពេលនោះ​មាន​ងារ​ជា​ប្រមុខរដ្ឋ​សិង្ហ​បុរី (​ក្រោម​ការគ្រប់គ្រង​រប​ស់​ម៉ាឡេស៊ី​) ក៏​ធ្លាប់​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ​។ លោក និង​ភរិយា បានមក​ទស្សនកិច្ច​៤​ថ្ងៃ​មកកាន់​កម្ពុជា ក្នុង​ខែមេសា ឆ្នាំ​១៩៦៣ ៕ 


Tag:
 សិង្ហ​បុរី​
  តូ​នី តាន់ កេង​យាំ
© រក្សាសិទ្ធិដោយ thmeythmey.com