កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho បារម្ភ​ពីរ​បួស Kane ខណៈ Spurs របូត​៣​ពិន្ទុ​ទៅឱ្យ Liverpool
29, Jan 2021 , 3:35 pm        
រូបភាព
លោក Jose Mourinho បារម្ភ​ថា Harry Kane អាច​នឹង​អ​វត្ត​ពី​២​ទៅ​៣​សប្តាហ៍​បន្ទាប់ពី​ប្រធាន​ក្រុម Tottenham Hotspur រូបនេះ រងរបួស​កជើង​ទាំងពីរ​ក្នុងជំនួប​ដែល​ចាញ់ Liverpool ៣-១ ក្នុង​ក្របខណ្ឌ Premier League នៅ​រាត្រី​ថ្ងៃទី​២៨ ខែមករា​។​


Kane មិនបាន​វិល​ចូល​លេង​វិញ​នៅ​តង់​ទី​២​នោះទេ បន្ទាប់ពី​សម្រាក​១៥​នាទី​ក្រោយ​ចប់​តង់​ទី​១ ខណៈ Spurs កំពុង​ត្រូវបាន Liverpool នាំមុខ​១​គ្រាប់​មុន​ដោយ Roberto Firmino​។ ខ្សែប្រយុទ្ធ​ក្រុម​អន្តរជាតិ​អង់គ្លេស​រូបនេះ ត្រូវ​ជំនួស​ដោយ Erik Lamela​។​
 
​ចូលដល់​វគ្គ​ទី​២ នៅ​នាទី​៤៧ Trent Alexander-Arnold បន្ថែម​គ្រាប់​ទី​២​ឱ្យ​ក្រុម​លោក Jurgen Klopp មុនពេល Pierre-Emile Hoejbjerg តាម​បាន​១​គ្រាប់​ឱ្យ Spurs វិញ​នៅ​ពីរ​នាទី​បន្ទាប់​។ Sadio Mane សម្រេចបាន​១​គ្រាប់ ដើម្បី​ជួយ Liverpool ឈ្នះ មាន់​ខ្នាយ​មាស ៣-១​។​
 
Kane ធ្លាប់មាន​បញ្ហា​កជើង​នាពេល​កន្លងមក​រួចមក​ហើយ ស្របពេល​លោក Mourinho អះអាងថា​មិន​ច្បាស់​ពី​ទំហំ​របួស​របស់​កូនក្រុម​ខ្លួន​ឡើយ​។ ប៉ុន្តែ​នៅពេលនេះ នៅពេល​ត្រូវបាន​សួរ​អំពី​ការរង​របួស​របស់ Kane អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ប្រាប់​ពី​បញ្ហា​កជើង​ទាំងពីរ​ដែល​បង្កដោយ Thiago Alcantara​។​
 
Mourinho បន្ថែមថា​៖ «​របួស​កជើង​ទាំងសងខាង​របស់ Kane មាន​អាការ​ធ្ងន់ធ្ងរ​ដែល​ធ្វើឱ្យ​រូបគេ​អាច​អវត្តមាន​២​ទៅ​៣​សប្តាហ៍​ឯណោះ​។ យើង​ពិបាក​នឹង​រក​កីឡាករ​ជំនួស​គាត់​បាន​ណាស់​»​។ 
 
Spurs នឹងត្រូវ​ប្រកួត​ពាន​លី​គជា​មួយ Brighton &Hove Albion នៅ​សប្តាហ៍​នេះ​មុន​ជួប Chelsea បន្ទាប់មក​ត្រូវ​ប៉ះ Everton និង Manchester City មុន​ធ្វើដំណើរ​ទៅ Wolfsberger នា​ការប្រកួត Europa League នៅ​ខែកុម្ភៈ​។​
 
​ស្របពេល​ឱកាស​ដណ្តើមពាន Premier League កាន់តែ​ឃ្លាត​បន្តិច ក្រោយ​ចាញ់​ហ​ង្យ​ក្រហម Spurs ត្រូវ​កីឡាករ​សំខាន់​ម្នាក់ទៀត​ដោយសារ​របួស​។ លោក Mourinho បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​ដោយសារ​ក្រុម​របស់លោក​ត្រូវមាន​ការប្រកួត​យ៉ាងច្រើន​ក្នុង​រយៈពេល ២​ទៅ​៣​ស​ប្តា៍​ខាងមុខ​។ យ៉ាងណាក៏ដោយ អតីត​អ្នកចាត់ការ Man Utd, Real Madrid, Inter Milan និង Chelsea រូបនេះ អះអាង​នៅ​ចំពោះ​អ្នកកាសែត​ថា Spurs នឹង​ប្រយុទ្ធ​ដល់ទី​បញ្ចប់​ដើម្បី​ប្រជែង​ពាន​នៅ​រដូវ​កាល​នេះ​។​
 
Spurs ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​ដោយ​រក​បាន​៣៣​ពិន្ទុ ពី​ការប្រកួត​១៩​លើក​។ Liverpool ក្រោយ​ទទួលបាន​៣​ពិន្ទុ​បន្ថែម បាន​ឡើងទៅ​ចំណាត់ថ្នាក់​ទី​៤​វិញ ដោយ​រកបាន​៣៧​ពិន្ទុ ពី​ការប្រកួត​២០​លើក​៕

Tag:
 Jose Mourinho
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com