កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ឈ្នះ​លើកដំបូង​ក្រោម​ការដឹកនាំ​របស់ Tuchel ឯ Spurs បន្ត​ចាញ់​
01, Feb 2021 , 10:47 am        
រូបភាព
​លោក Thomas Tuchel បាន​ដឹកនាំ Chelsea ទទួល​ជ័យជម្នះ​លើកដំបូង ក្រោយ​ការប្រកួត​២​លើក​ចាប់តាំងពី​លោក​ក្លាយជា​អ្នកចាត់ការ​ថ្មី​ជំនួស​លោក Frank Lampard​។ តោ​ខៀវ​ឈ្នះ Burnley ២-០ នា​ជំនួប Premier League សប្តាហ៍​ទី​២១​។ Tottenham Hotspur បន្ត​ចាញ់ Brighton & Hove Albion ១-០​។​


២​គ្រាប់​របស់​ក្រុម​លោក Tuchel សម្រេចបាន​ដោយ​ខ្សែការពារ​ពីររូប Cesar Azpilicueta នៅ​នាទី​៤០ និង Marcos Alonso នាទី​៨៤ ដើម្បី​ជួយ​តោ​ខៀវ​ឈ្នះ Burnley ក្នុងការ​ប្រកួត​លី​គ​នៅ​យប់​ថ្ងៃទី​៣១ ខែមករា​។ នេះ​ជា​ជ័យ​ម្នះ​លើកដំបូង​របស់ Chelsea ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ ក្រោយ​ដឹកនាំ​លើកដំបូង​ស្មើ Wolverhampton Wanderers ០-០​។​
​ជ័យជម្នះ​នេះ​បាន​ជួយ Chelsea ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​៧​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ដោយ​រកបាន​៣៣​ពិន្ទុ ពី​ការប្រកួត​២១​លើក​។​
 
​ដោយឡែក Spurs ឯណោះ​វិញ​បាន​បន្ត​បរាជ័យ​ពីរលើក​ចុងក្រោយ​ជាប់​គ្នា ក្រោយ​ចាញ់ Brighton & Hove Albion ១-០ ក្នុងការ​ប្រកួត​លើក​ទី​២០​របស់​ពួកគេ​។ មុន​ចាញ់ Brighton ក្រុម​លោក Jose Mourinho ចាញ់​ក្រុម​ការពារ​ជើងឯក Liverpool ៣-១ រួចហើយ និង​ថែមទាំង​ធ្វើឱ្យ​កីឡាករ​សំខាន់ Harry Kane រ​បូស​កជើង​ទាំងពីរ​ទៀតផង​។​
 
​ក្រុម​មាន់​ខ្នាយ​មាស រឹត​តែមាន​គម្លាត​ឆ្ងាយ​ពី​ការ​ប្រជែង​ពាន Premier League រដូវ​កាល​នេះ ព្រោះ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City ១១​ពិន្ទុ​។ Spurs នៅ​ឈរ​លេខ​រៀង​ទី​៦ ទួលបាន​ពី​ន្ទុ​សរុប ៣៣​ពិន្ទុ​។​
 
Liverpool តាមរយៈ​ជ័យជម្នះ ៣-១ លើ​ក្រុម West Ham United ឡើងទៅ​ឈរ​លេខ​៣​វិញ ខណៈ Leicester City ធ្លាក់​ទៅ​លេខ​៤ ក្រោយ​ចាញ់ Leeds United ៣-១​។ ហង្ស​ក្រហម​ដែលជា​ក្រុម​ការពារ​តំណែង​ជើងឯក កើន​ដល់​៤០​ពិន្ទុ ពី​ការប្រកួត​២១​លើក តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​៤​ពិន្ទុ និង​ក្រុម​លេខ​២ Manchester United ១​ពិន្ទុ​។ Fulham, West Brom និង Sheffield United នៅតែ​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​ដដែល​៕
 
 

Tag:
 Thomas Tuchel
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com