ជាតិ
សង្គមជាតិ
បុរស​ចិន​ម្នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម បាន​រត់គេចខ្លួន ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​
08, Feb 2021 , 4:21 pm        
រូបភាព
បុរជនជាតិចិនទាំង៤នាក់ ដែលត្រូវចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជាង១០០គីឡូក្រាម
បុរជនជាតិចិនទាំង៤នាក់ ដែលត្រូវចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជាង១០០គីឡូក្រាម
​បុរស​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម រត់គេចខ្លួន​បានសម្រេច កាលពី​យប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ពេល​រូបគេ ត្រូវបាន​ដឹក​ទៅ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​មិត្ត​ខ្មែរ​-​សូ​វៀត​។

 
​លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ប្រឆាំង​បទល្មើស​គ្រឿងញៀន ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​៨ ខែកុម្ភៈ​នេះ​ថា លោក ក៏បាន​ទទួល​ព័ត៌មាន​ពី​ការរត់​គេចខ្លួន​របស់​ជនល្មើស​គ្រឿងញៀន​ជនជាតិ​ចិន​នោះដែរ​។ លោក មានប្រសាសន៍ថា​៖«​ឥឡូវ មិនដឹង​ជា​យ៉ាង​ម៉ែ​ច​ដែរ ព្រោះ [​សមត្ថកិច្ច​] កំពុង​ទៅ​មើល​ហើយ [​តែ​] អត់​ទាន់​ជូនដំណឹង​មក​ខ្ញុំ​»​។ 
 
​លោក នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ មិនទាន់​អាចធ្វើ​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​ករណី​ខាងលើនេះ​ទេ ដោយ​លោក លើក​ហេតុផល​ថា កម្លាំង​សមត្ថកិច្ច កំពុងធ្វើការ​ងារ​នេះ (​តាម​ចាប់​ជនល្មើស​)​។ បុរស​ជនជាតិ​ចិន​ជា​ជនល្មើស​គ្រឿងញៀន​នោះ មាន​ជំងឺ​អ្វី ក៏ លោក មិនទាន់​អាច​ជម្រាប​បា​ដែរ​។ លោក ថ្លែង​មកកាន់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ការធ្វើ​អត្ថាធិបាយ​លើសពី​ហ្នឹង ខ្ញុំ មិន​អត់​ហ៊ាន​និយាយ​ទេ ព្រោះ​ដោយសារ​យើង កំពុង​ស្រាវជ្រាវ​»​។ 
 
​បុរស​ជនជាតិ​ចិន ដែល​រត់គេចខ្លួន មានឈ្មោះ Hi Yi Ri អាយុ​៥៧​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​បក្សពួក​ជា​បុរស​ជនជាតិ​ចិន​៣​នាក់​ទៀត កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២០ ក្នុង​រាជធានី​ភ្នំពេញ​។ ៣​នាក់​ទៀត មានឈ្មោះ ZHANG JUN ឈ្មោះ LEE SHAOFENG និង ឈ្មោះ CAI TAO ដោយមាន​អាយុ​ស្របាក់ស្របាល​គ្នា គឺ​ច​ម្លោះ​ពី​៤៦​ឆ្នាំទៅ​៤៩​ឆ្នាំ​។ 
​សមត្ថកិច្ច បាន​រកឃើញ​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម ពី​បុរស​ជនជាតិ​ចិន​ទាំង​៤​នាក់​នោះ​។ ពួកគេ​ទាំង​៤​នាក់ ត្រូវ​ជាប់​សង្ស័យ​ពីបទ​លួច​កែច្នៃ​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​៕ 
 

Tag:
 គ្រឿងញៀន​
  ជនល្មើស​រត់គេចខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com