កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់៖ ជប៉ុន នឹងទទួលភ្ញៀវអាហ្សង់ទីន ដើម្បីត្រៀមអូឡាំពិក
× ក្រុមបាល់ទាត់បុរសអូឡាំពិករបស់ជប៉ុននឹងមានការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម ២៤ ឆ្នាំ នៅចុងខែមីនា។ សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) ប្រកាសដូច្នេះនៅថ្ងៃទី១ ខែមីនា ដែលជំនួបនេះធ្វើឡើងដើម្បីត្រៀមព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ។
ឈុតអូឡាំពិកជប៉ុន និង U-24 អាហ្សង់ទីននឹងត្រូវប៉ះគ្នា២ប្រកួត។ ការប្រកួតលើកដំបូងនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Ajinomoto ក្នុងក្រុងតូក្យូនាថ្ងៃទី២៦ ខែមីនាមុនពេលដែលក្រុមទាំងពីរត្រូវជួបគ្នាម្តងទៀតនៅ៣ថ្ងៃបន្ទាប់ដែលធ្វើនៅកីឡដ្ឋាន Mikuni World ក្នុងទីក្រុង Kitakyushu។
ការរៀបចំការប្រកួតនេះ ខណៈដែលជប៉ុនបានផ្អាកជាបណ្ដោះអាសន្នលើអត្តពលិកបរទេសចូលទៅទឹកដីខ្លួនដើម្បីទប់ស្កាត់ការកើនឡើងជំងឺ COVID-19។ ស្របពេលគ្នានេះ JFA និយាយថាការប្រកួតទាំងពីរលើកនេះ គឺអាស្រ័យលើការដកការរឹតត្បិតរបស់រដ្ឋាភិបាលជប៉ុន ឬការផ្តល់ការលើកលែងពិសេសណាមួយ។
យ៉ាងណាក៏ដោយ សារព័ត៌មានជប៉ុន Nikkei ផ្សាយកាលពីសប្តាហ៍មុនថាជប៉ុនគ្រោងនឹងដកការរឹតត្បិតក្រុងមួយចំនួនវិញនៅថ្ងៃទី៧ ខែមីនា ហើយការហាមឃាត់ការធ្វើដំណើររបស់អត្តពលិកបរទេសក៏ដកចេញផងដែរ។
អាហ្សង់ទីនដែលជាម្ចាស់ជើងឯកអូឡាំពិកឆ្នាំ ២០០៤ និង ២០០៨ ទទួលបានកៅអីទៅអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១។ អាហ្សង់ទីនជាក្រុមមួយក្នុងចំណោមក្រុមចំនួនពីរដែលតំណាងក្រុមពីអាមេរិកខាងត្បូងជាមួយប្រេស៊ីល។
វិញ្ញាសាកីឡាបាល់ទាត់នៅអូឡាំពិក ត្រូវកំណត់អាយុកីឡាករចូលរួមក្រោម២៣ឆ្នាំសម្រាប់ការប្រកួតបុរស តែក៏អាចបញ្ចូលកីឡាករលើសអាយុចំនួន៣រូបក្នុងមួយក្រុមផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com