ជាតិ
​ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម និង​ត្រី​ទឹកសាប​ជាង​៣០​ប្រភេទ​ទៀត រង​ការគំរាមកំហែង​ជិត​ផុត​ពូជ​
05, Mar 2021 , 7:59 pm        
រូបភាព
ដោយ:
​យោងតាម​ការវាយតម្លៃ​បឋម ស្តីពី​ការជួញដូរ​ត្រី និង​នេសាទ​ខុសច្បាប់​ឆ្នាំ​២០២០ របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ក​ម្ពុ​ជា ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម ត្រី​ក្របី ត្រី​ខ្លា ត្រី​ត្រចៀកដំរី និង​ត្រី​បបែល​ទឹកសាប ក្នុងចំណោម​ត្រី ៣៥​ប្រភេទ​ផ្សេងទៀត ត្រូវបាន​គេ​ជួញដូរ និង​លក់​តាម​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​នាំចេញ​ទៅ​លក់​នៅ​ប្រទេសជិតខាង​។

 
​សម្រាប់​ត្រី​គល់រាំង និង​ត្រី​ត្រសក់​ក្រហម ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​ទាំង​នៅលើ​សកលលោក និង​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំណែកឯ ត្រី​ក្របី ត្រី​ខ្លា និង​ត្រី​ត្រចៀកដំរី ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ ក្នុងប្រទេស​កម្ពុជា​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ WWF​។​


 
​យោងតាម​របាយការណ៍ ស្តីពី​ប្រភេទ​ត្រី​ទឹកសាប​នៅលើ​ពិភពលោក ដែល​ចេញផ្សាយ​ដោយ​អង្គការ​អភិរក្ស​ចំនួន​១៦ នៅលើ​សកលលោក ត្រី​ទឹកសាប​ជាច្រើន​ប្រភេទ​នៅលើ​ពិភពលោក ដែលមាន​សារសំខាន់​សម្រាប់​សុខភាព សន្តិសុខ​ស្បៀង និង​ជីវភាព​របស់​មនុ​ស្សរា​ប់​លាន​នាក់ ប៉ុន្ដែ​ត្រី​ទាំងនេះ​បាន និង​កំពុង​រង​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង ហើយ​មួយ​ភាគបី នៃ​ប្រភេទ​ត្រី​ទាំងនេះ​កំពុង​ទទួលរង​ការ​ផុត​ពូជ​។ 
 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ WWF ត្រី​ទឹកសាប​ចំនួន ៨០ ប្រភេទ ត្រូវបាន​ចាត់ជា​ប្រភេទ​ផុត​ពូជ ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​ទទួលរង​គ្រោះ របស់​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)​។ ក្នុងនោះ​រួមមាន​ទាំង​ត្រី​ទឹកសាប​ចំនួន ១៦​ប្រភេទ ដែល​បាន​កត់ត្រា ជា​ប្រភេទ​ផុត​ពូជ​ក្នុង​ឆ្នាំ​២០២០​។ 


 
​ក្នុង​សេចក្ដីប្រកាស​នោះ ប្រភេទ​ត្រី​ដែល​ក្រុម​អ្នកស្រាវជ្រាវ​ទើបតែ​ស្រាវជ្រាវ​រកឃើញ​ថ្មីៗ មាន​ចំនួន​សរុប​ប្រមាណ​ជា ១៨ ០៧៥​ប្រភេទ ដែលជា​ចំនួន​ច្រើនជាង​ពាក់កណ្ដាល នៃ​ប្រភេទ​ត្រី​ទាំងអស់​ក្នុង​ពិភពលោក ស្មើនឹង​មួយ​ភាគ​បួន នៃ​ប្រភេទ​សត្វ​ឆ្អឹង​កង​ទាំងអស់ នៅលើ​លោក​។ ចំណែក​ចំនួន​ត្រី​ទឹកសាប ដែលជា​ប្រភេទ​ត្រី​បន្លាស់​ទី បាន​ធ្លាក់ចុះ ៧៦ ភាគរយ ចាប់តាំងពី​ឆ្នាំ​១៩៧០ ហើយ​ពពួក​ត្រី​មេ​ពូជ​បាន​ធ្លាក់ចុះ ៩៤​ភាគរយ​។​
 
​តាម​របាយការណ៍​អង្គការ WWF ទិន្នផល​ត្រី​ទឹកសាប​ដ៏​ច្រើន​សម្បូរ​បែបនេះ ក៏បាន​ជួយ​ទ្រទ្រង់​ដល់​ឧស្សាហកម្ម​ធំៗ របស់​សកលលោក​ដូចជា ការនេសាទ​ត្រី​បែប​កម្សាន្ត មាន​ទំហំ​ទឹកប្រាក់​ជាង ១០០​ពាន់​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ ខណៈ​ការចិញ្ចឹម​ត្រី​សម្រាប់​លម្អ ដែល​កំពុង​ពេញនិយម​បំផុត​លើ​ពិភពលោក ក្លាយជា​ការរួមចំណែក​ពាណិជ្ជកម្ម​ពិភពលោក ដែលមាន​តម្លៃ​ដល់​ទៅ ៣០​ពាន់​លាន​ដុល្លារ​។​
 



​លោក សេង ទៀក នាយក​អង្គការ WWF បាន​លើកឡើងថា​៖«​ត្រី​ទឹកសាប​ទាំងនេះ​មាន​សារសំខាន់​ណាស់ សម្រាប់​សហគមន៍​មូលដ្ឋាន ចាំបាច់​សម្រាប់​សុខភាព​មនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប​ទាំងមូល ដែល​មនុស្ស និង​ជីវិត​នៅលើ​ផែនដី​ទាំងអស់​ពឹង​អាស្រ័យ តែ​ត្រី​ទាំងនេះ​មិនសូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​។ ដូច្នេះ​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា ត្រូវផ្តោត​ការយកចិត្តទុកដាក់​និង ដល់​ចងចាំ​ជានិច្ច​»​។​
 
​សម្រាប់​ធនធាន​ត្រី​ទឹកសាប​ដ៏​ច្រើន​សម្បូរ​បែបនេះ មាន​សារសំខាន់​ណាស់ សម្រាប់​គុណភាព​ទន្លេ បឹង និង​តំបន់ដីសើម នៅលើ​ពិភពលោក និង​គាំទ្រ​ដល់​សង្គម និង​សេដ្ឋកិច្ច​ទូទាំង​សកលលោក​ផងដែរ​។ នាយក​អង្គការ WWF បាន​បន្ថែមថា ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ប្រទេស​កម្ពុជា គឺជា​គំរូ​មួយ​សម្រាប់​ប្រទេស​ដទៃទៀត ក្នុងការ​ទទួលស្គាល់ថា ទន្លេ​ដែលមាន​លំហូរ​តាម​ធម្មជាតិ ផ្ដល់នូវ​សារប្រយោជន៍​ដែល​មិនអាច​កាត់ថ្លៃ​បាន ដល់​មនុស្ស និង​ប្រភេទ​សត្វ​ជាច្រើន ដែល​ពឹង​អាស្រ័យ​លើ​វា​៕


 
 

Tag:
 ​ត្រី​ទឹកសាប​
© រក្សាសិទ្ធិដោយ thmeythmey.com