ជាតិ
បាវ​ស្ករ​របស់​កូកាកូឡា ត្រូវបាន​កែច្នៃ​ទៅជា​កាបូប​ទាន់សម័យ​
05, Mar 2021 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​កូកាកូឡា​(​កម្ពុជា​) បាន​សហការ​ជាមួយ​សហគ្រាស​ភូមិ​សិប្បកម្ម​កម្ពុជា ក្នុងការ​កែច្នៃ​បាវ​ស្ករ​កូកាកូឡា ទៅជា​កាបូប​យួរដៃ កាបូបស្ពាយ យ៉ាង​ទាន់សម័យ​។ ការកែច្នៃ​កាបូប​ទាន់សម័យ ពី​បាវ​ស្ករ​របស់​កូកាកូឡា បានផ្តល់​ការងារ និង​ប្រាក់ចំណូល​ដល់​អ្នកមាន​ពិការភាព​ជាង​៣០០​នាក់ ដែល​បម្រើការ​នៅ​សហ​គ្រា​ភូមិ​សិប្បកម្ម​កម្ពុជា​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ នេះ​គឺជា​សកម្មភាព​រួ​ចំណែក កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក នៅ​កម្ពុជា​ផងដែរ​។​

 
​គម្រោង​ផលិត​កាបូប​ទាន់សម័យ​ពី​បាវ​ស្ករ រៀបចំ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​កូកាកូឡា សហគ្រាស​ភូមិ​សិប្បកម្ម​កម្ពុជា និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​។ គោលដៅ​រួម នៃ​ការសហការ​នេះ គឺ​ចង់​ចូលរួមចំណែក​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក តាមរយៈ​ការកែច្នៃ​បាវ​ស្ករ​កូកាកូឡា ទៅជា​កាបូប​ទាន់សម័យ សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​។ 




 
​កញ្ញា វ៉ាន់ អា​ម៉ូ​និច្ច ប្រធាន​ផ្នែក​ទំនាក់ទំនង និង​កិច្ចការ​សាធារណៈ នៃ​ក្រុមហ៊ុន​កូកាកូឡា លើកឡើងថា គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន ក្នុងការ​សម្អាត​បរិស្ថាន ពិសេស​សំណល់​ប្លា​ស្ទិ​ក ដូចជា​បាវ​ស្ករ​ជាដើម​។ ក្រុមហ៊ុន​កូកាកូឡា បានផ្ដល់​បាវ​ស្ករ​រាប់រយ​បាវ ទៅ​សហគ្រាស​ភូមិ​សិប្បកម្ម​កម្ពុជា ដើម្បី​ផលិត​កាបូប​ទាន់សម័យ​បរិស្ថាន​។​
​អ្នកស្រី ណោម ប៊ុន​ណាក់ នាយិកា​សហគ្រាស​ភូមិ​សិប្បកម្ម​កម្ពុជា យល់ថា ការផលិត​កាបូប​ពី​បាវ​ស្ករ​នេះ បានផ្ដល់​សារសំខាន់​លើ​ផ្នែក​បរិស្ថាន ព្រោះ​បានរួម​ចំណែក​សម្អាត​សំណល់ តាមរយៈ​ការកែច្នៃ​បាវ​ស្ករ ទៅជា​កាបូប​បរិស្ថាន អាច​ប្រើប្រាស់​ឡើងវិញ​បាន​យ៉ាង​មានតម្លៃ​។ 
 
​លើសពី​ការលើកកម្ពស់​ផ្នែក​បរិស្ថាន​ក្នុងស្រុក គម្រោង​ផលិត​កាបូប​នេះ ក៏បាន​ជួយ​ដល់​ជនពិការ​ប្រមាណ​៣៦០​នាក់ ដែល​កំពុងធ្វើការ​នៅក្នុង​សហគ្រាស​ភូមិ​សិប្បកម្ម​កម្ពុជា​ផងដែរ​។ អ្នកស្រី ប៊ុន​ណាក់ លើកឡើង​ដូច្នេះ​ថា ការកែច្នៃ​កាបូប​ក្នុង​សហគ្រាស​ខ្លួន បានផ្ដល់​ឱកាស​ការងា​រ​ដល់​ជនពិការ ដើម្បី​ឲ្យ​ពួកគេ​អាចមាន​លទ្ធភាព​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត​បាន ហើយ​ជៀស​ផុតពី​ការរើសអើង​។​


 
​អ្នកស្រី ណោម ប៊ុន​ណាក់ រៀបរាប់​ដូច្នេះ​៖ «​យើង​សហការគ្នា​ផលិត ដោយ​ទទួលបាន​បាវ​ស្ករ​ពី​ក្រុមហ៊ុន​កូកាកូឡា ដោយ​ឥតគិតថ្លៃ យកមក​កែច្នៃ ហើយ​ផ្សព្វផ្សាយ​រួមគ្នា ឲ្យ​ប្រជាជន​យល់ដឹង​ពី​អត្ថប្រយោជន៍​ក្នុង​ប្រើប្រាស់​សំណល់​កែច្នៃ​។ ទី​១ វា​អាចជួយ​ដល់​បរិស្ថាន ដោយ​កាត់បន្ថយ​ប្លា​ស្ទិ​ក (​បាវ​ប្លា​ស្ទិ​ក​)​។ ទី​២ អាច​ផ្ដល់​ការងារ​ដល់​អ្នក​ខ្វះ​លទ្ធភាព (​ជនពិការ​)​។ ទី​៣ អាច​បង្កើន​ផលិតផល​ក្នុងស្រុក ធ្វើ​ដោយ​ដៃ នៅលើ​ទីផ្សារ​ទាំង​ក្នុងស្រុក និង​បរទេស​»​។​
 
​កញ្ញា វ៉ាន់ អា​ម៉ូ​និច្ច តំណាង​ក្រុមហ៊ុន​កូកាកូឡា​(​កម្ពុជា​) បង្ហាញ​ការពេញចិត្ត និង​គាំទ្រ លើ​គម្រោង​ផលិត​កាបូប​ពី​បាវ​ស្ករ​នេះ ដោយ​ឆ្លើយ​ប្រាប់​សារព័ត៌មាន ThmeyThmey25 ដូច្នេះ​ថា​៖«​ពេល​យើង​ឃើញ អ្នកធ្វើការ​ក្នុង​សហគ្រាស​ភូមិ​សិប្បកម្ម​កម្ពុជា សុទ្ធតែ​អ្នក​ពិការ ហើយ​ភាគច្រើន​ជា​ស្ត្រី ដែល​ពួកគាត់​តស៊ូ​នឹង​ជីវិត បានធ្វើ​ឲ្យ​ពួកយើង​កាន់​តែមាន​ទឹកចិត្ត​ជំរុញ​គម្រោង​នេះ​បន្ថែមទៀត​»​។​


 
​កាបូប​ពី​បាវ​ស្ករ​របស់​កូកាកូឡា កែច្នៃ​ដោយ​ជនពិការ​ប្រមាណ​៣៦០​នាក់ ដែលមាន​ជំនាញ​ធ្វើ​កាបូប​ស្រាប់​ក្នុង​សហគ្រាស​ភូមិ​សិប្បកម្ម​កម្ពុជា​។ ជនពិការ ដែល​កំពុង​បម្រើ​ការងារ​ទាំងនោះ​ភាគច្រើន​ជា​ស្ត្រី មកពី​បណ្ដា​ខេត្ត​ផ្សេងគ្នា ហើយ​បច្ចុប្បន្ន​រស់នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​អ្នកស្រី ណោម ប៊ុន​ណាក់ នាយិកា​សហគ្រាស​ភូមិ​សិប្បកម្ម​កម្ពុជា​។​
 
​ក្នុងនោះ លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏​បង្ហាញ​ការគាំទ្រ​លើ​ការកែច្នៃ​បាវ​ស្ករ​ប្លា​ស្ទិ​ក ដោយ​លើកឡើង​ដូច្នេះ​ថា ការធ្វើ​អាជីវកម្ម ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​ជា​គោលដៅ​ទី​១ ប៉ុន្តែ​អាជីវករ​ក៏ត្រូវ​មាន​ទំនួល​ខុសត្រូវ​សង្គម​ផងដែរ​។ តាមរយៈ​ការច្នៃ​បាវ​ប្លា​ស្ទិ​ក ជា​ដំណោះស្រាយ​ល្អ ព្រោះ​មិន​នាំ​ឲ្យ​មានការ​បំពុល​ដល់​បរិ​ស្ថាន ហើយក៏​បាន​ជួយ​សម្រួល​ជីវភាព​រស់​ដល់​ជនពិការ​ផងដែរ​៕











Tag:
 សហគ្រាស​
  សិប្បកម្ម​
  កូកាកូឡា​
  កាបូប​ពី​បាវ​ស្ករ​
  វ៉ាន់ អា​ម៉ូ​និច្ច​
  ណោម ប៊ុន​ណាក់​
  កាំ​ង ម៉ូ​នី​កា​
© រក្សាសិទ្ធិដោយ thmeythmey.com