ជាតិ
​​​ន​យោ​បាយ​ជាតិ​
កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវ​ពន្យារពេល​លើក​ទី​២
05, Mar 2021 , 11:29 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីអំឡុងខែតុលា ឆ្នាំ២០២១៨ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីអំឡុងខែតុលា ឆ្នាំ២០២១៨ (រូបពី AFP)
​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM) ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ហើយ​គ្រោង​រៀបចំឡើង​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​នេះ ត្រូវ​ពន្យារពេល​ម្តងទៀត ដោយ​គ្រោង​នឹង​រៀបចំឡើង​នៅ​ចុងឆ្នាំ​២០២១​វិញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប តាម​ប្រព័ន្ធ​វីដេអូ កាលពី​ទី​១ និង​ទី​២ ខែមីនា​។


​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប បាន​គាំទ្រ​កម្ពុជា ចំពោះ​ការលើក​ពេល​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​។ ការពន្យារពេល​នៃ​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ម្តង​ហើយ​ម្តងទៀត​បែបនេះ គឺ​ដោយសារ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់ថា ការលើក​ពេល​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ធានា​សុ​ត្ថិ​ភាព​របស់​ថ្នាក់ដឹកនាំ​អាស៊ី​-​អឺរ៉ុប ពី​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ 
 
​ដើមឡើយ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ គ្រោង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០២០ ក្រោម​ការរៀបចំ​របស់​កម្ពុជា ដែលជា​ម្ចាស់ផ្ទះ តែដោយសារ​តែ​ជំងឺ​កូ​វីដ​-១៩ រដ្ឋាភិបាល​កម្ពុជា ក៏​លើក​ពេល​មក​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ នៅ​ខែមិថុនា ឆ្នាំ​២០២១​។ យ៉ាងណា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅតែ​មិនទាន់​អាច​រៀបចំ​នៅ​ខែមិថុនា ឆ្នាំ​២០២១ តាម​ការគ្រោងទុក​ដដែល ដោយសារតែ​បច្ចុប្បន្ន កម្ពុជា កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ហៅថា ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ ទីបំផុត រដ្ឋាភិបាល​កម្ពុជា សម្រេច​លើក​កិច្ចប្រជុំ​នេះ ទៅ​ចុងឆ្នាំ​២០២១​នេះ​។ 
 
​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ ត្រូវបាន​ប្រារព្ធ​ឡើយ​នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាល​អំឡុង​ខែតុលា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ៥១​រូប ពី​តំបន់​អាស៊ី និង​តំបន់​អឺរ៉ុប​៕ 

Tag:
 COVID-19
  កម្ពុជា​
  ASEM
  ពន្យារពេល
© រក្សាសិទ្ធិដោយ thmeythmey.com