ជាតិ
សភាកម្ពុជា ស្នើឱ្យសភាអឺរ៉ុប វាយតម្លៃការវិវត្តន៍នយោបាយកម្ពុជា ដោយសត្យានុម័ត
17, Mar 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋសភាជាតិកម្ពុជា ស្នើឱ្យសភាអឺរ៉ុប វាយតម្លៃលើការវិវត្តន៍នយោបាយកម្ពុជា ដោយសត្យានុម័ត និងការគោរពគ្នាទៅវិញទៅមក។ សភាកម្ពុជា លើកឡើងបែបនេះ ក្រោយពីសភាអឺរ៉ុប កាលពីថ្ងៃទី១១ មីនា បានថ្កោលទោសអំពើរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

 
តំណាងរាស្ត្រអឺរ៉ុបជាង ៦០០នាក់ បានបោះឆ្នោតអនុម័តសេចក្តីសម្រេច ២៥ចំណុច របស់សភាអឺរ៉ុប ដែលលើកយកការកាត់ទោសលោក សម រង្ស៊ី និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ៨រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារពី២០ឆ្នាំ ទៅ២៥ឆ្នាំ ពីបទ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល»។ សភាអឺរ៉ុប ក៏ទាមទារឲ្យកម្ពុជាទម្លាក់ចោលសាលក្រមមន្ត្រីជាន់ខ្ពស់ និងដោះលែងសកម្មជនបក្សប្រឆាំងដោយឥតលក្ខខណ្ឌ ព្រមទាំងឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញជាដើម។

https://www.europarl.europa.eu/doceo/document/TA-9-2021-0087_EN.pdf
 
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា កម្ពុជា មានសិទ្ធិអនុវត្តនូវគោលនយោបាយស្វ័យសម្រេចខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិ ស្ថិរភាព និងវិបុលភាព។ ចំពោះការកាត់ទោសមេដឹកនាំគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹង«ផែនការថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩»នោះ រដ្ឋសភាកម្ពុជា អះអាងថា ជាការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធរបស់ប្រទេស សម្រាប់ពង្រឹងនីតិរដ្ឋ។ 
 
«រាល់ការប៉ុនប៉ងរៀបចំផែនការបះបោរ តាមរយៈការប្រើប្រាស់ភាសាបរិហារកេរ្តិ៍ញុះញង់ឱ្យមានអំពើហិង្សា ក៏ដូចជាអំពើអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឈរដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើខុសច្បាប់ និងត្រូវតែធ្វើការថ្កោលទោសជាដាច់ខាត» ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភា ចុះថ្ងៃទី១៧ មីនា ដែលបានបន្ថែមថា ប្រជាធិបតេយ្យរូបនីយ៍កម្មនៅកម្ពុជា កំពុងរីកចម្រើនទៅមុខជាលំដាប់ ហើយមិនត្រឡប់ថយក្រោយបានឡើយ។
 
សភាកម្ពុជា ស្នើឱ្យសភាអឺរ៉ុប វាយតម្លៃលើការវិវត្តន៍នយោបាយកម្ពុជា ដោយភាពត្រឹមត្រូវ និងការគោរពគ្នាទៅវិញទៅមក។ សភាកម្ពុជា បានលើកឡើងដូច្នេះ៖«យើងខ្ញុំសូមជំរុញឱ្យសភាអឺរ៉ុប មេត្តាវាយតម្លៃប្រកបដោយសត្យានុម័តចំពោះការវិវត្តន៍នយោបាយនៅកម្ពុជា និងសូមបន្តចូលរួមសិក្សាស្វែងយល់អំពីក្រុមបក្សនយោបាយទាំងអស់នៅកម្ពុជា ដោយឈរលើគោលការណ៍នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក»។
 
ក្រៅពីលើកយកបញ្ហាកាត់ទោសគណបក្សប្រឆាំងនេះ សេចក្តីសម្រេចរបស់សភាអឺរ៉ុប ក៏បានជំរុញឲ្យក្រុមប្រឹក្សាអឺរ៉ុប អនុម័តវិធានការរឹតត្បិតនានា ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ដែលពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស និងការរំលាយគណបក្សសង្គ្រោះជាតិ តាមរយៈការប្រើច្បាប់ដាក់ទណ្ឌកម្មជាសាកលរបស់សហភាពអឺរ៉ុប ដូចជាការហាមប្រាមធ្វើដំណើរមកទឹកដីអឺរ៉ុប និងការបង្កកទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាដើម។
 
តែយ៉ាងណាការព្រមានអនុវត្តច្បាប់ដាក់ទណ្ឌកម្មជាសាកលរបស់សហភាពអឺរ៉ុបនេះ សម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសជារឿយថា សម្ដេចមិនបារម្ភនោះទេ ព្រោះសម្ដេចគ្មានភារកិច្ចអ្វីចេញចូលអឺរ៉ុបញឹកញាប់ ក្រៅពីទៅប្រជុំឡើយ។ ម្យ៉ាងវិញទៀត សម្ដេច ក៏អះអាងថា ខ្លួនគ្មានទ្រព្យសម្បត្តិ តម្កល់នៅក្រៅប្រទេសច្រើន សម្រាប់ឱ្យបង្កកនោះដែរ៕
 

Tag:
 សភា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com