ជាតិ
ពលរដ្ឋ ៤ម៉ឺនគ្រួសារនៅជាយក្រុងភ្នំពេញ នឹងប្រឈមខ្វះទឹកប្រើនៅរដូវប្រាំងនេះ
19, Mar 2021 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ
រូបភាពពីហ្វេសប៊ុករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ
ដោយ:
ភ្នំពេញ៖ ពលរដ្ឋ៤ម៉ឺនគ្រួសារ ដែលរស់នៅជាយក្រុងភ្នំពេញ នឹងប្រឈមខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងនេះ។ នេះបើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលស្នើឲ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ។

 
សូមអញ្ជើញស្តាប់ការពន្យល់របស់  លោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានី ភ្នំពេញ៖





 
 
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានស្នើឲ្យពលរដ្ឋដែលរស់នៅក្នុងតំបន់ ដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ ត្រូវប្រើប្រាស់ដោយសន្សំសំចៃ ដើម្បីទុកលទ្ធភាព និងឱកាសដល់ពលរដ្ឋដែលនឹងប្រឈមខ្វះខាតទឹក អាចមានទឹកប្រើប្រាស់ក្នុងរដូវខ្វះខាតទឹកនេះ។
 
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ដូច្នេះថា៖«ទោះបីជានៅរដូវប្រាំងនេះ កម្ពស់ទឹកទន្លេបានស្រកចុះទាបជាងសព្វដងក៏ដោយ ការផលិតទឹក និងការប្រើប្រាស់ទឹកនៅមានអតុល្យភាព ដូចលោកអ្នកបានជ្រាបស្រាប់ អាចមានការខុសគ្នានៃសម្ពាធទឹកខ្លាំង ឬខ្សោយ នៅពេលដែលអតិថិជនសម្រុកប្រើប្រាស់ក្នុងពេលតែមួយ បានន័យថា សេចក្តីត្រូវការលើសពីសមត្ថភាពនៃការផ្គត់ផ្គង់ ដែលធ្វើឲ្យសម្ពាធទឹក នៅតាមតំបន់ជាយក្រុងនឹងបន្តធ្លាក់ថមថយ ចុះជាងពេលមុន ឬខ្វះទឹកប្រើប្រាស់នៅតំបន់ជាយក្រុងខ្លះ»។
 
បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពលរដ្ឋ ៤០ ០០០គ្រួសារនៅជាយភ្នំពេញ ដែលខ្វះទឹកប្រើប្រាស់ រួមមាន សង្កាត់កំបូល សង្កាត់ភ្លើងឆេះរទេះ សង្កាត់ឈ្មួញ សង្កាត់ក្រាំងធ្នង់ សង្កាត់គោករកា សង្កាត់កន្ទោក សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោមជាដើម ។
 
លោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ទឹកសម្រាប់ផ្គត់ផ្គង់ពលរដ្ឋនៅក្រុងភ្នំពេញ និងតាខ្មៅ គឺត្រូវការ៧០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ប៉ុន្តែលទ្ធភាពផលិតផ្គត់ផ្គង់ជាក់ស្ដែងសព្វថ្ងៃនេះ បានត្រឹមតែ៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។ បើតាមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរូបនេះ បញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងក្រុងភ្នំពេញអាចដោះស្រាយបាន លុះត្រាណា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង បញ្ចប់ដំណើរការសាងសង់នៅឆ្នាំ២០២៣ខាងមុខ។
 
ដោយសារកំណើនប្រជាជនជាបន្តបន្ទាប់ តម្រូវការនៃការប្រើប្រាស់ទឹកកាន់តែកើនឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវសាងសង់រោងចក្រផលិតទឹកស្អាតថ្មីៗ និងពង្រីកបំពង់មេចែកចាយទឹកបន្ថែម ដើម្បីបំពេញសេចក្ដីត្រូវការប្រើប្រាស់ទឹកស្អាតរបស់ពលរដ្ឋឲ្យស្របតាមគោលនយោបាយទឹកស្អាត និងអនាម័យជូនពលរដ្ឋឲ្យបាន ១០០ភាគរយនៅឆ្នាំនៅតាមទីប្រជុំជន នៅឆ្នាំ២០២៥៕
 

Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com