COVID-19
ជាតិ
ក្រសួងសុខាភិបាល ត្រៀមចេញប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស់និងរក្សាគម្លាត
22, Mar 2021 , 8:59 pm        
រូបភាព
ប្រជាពលរដ្ឋ ទៅចាក់វាក់សាំងស៊ីណូហ្វាមរបស់ចិន ដើម្បីបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ រូបពី AFP
ប្រជាពលរដ្ឋ ទៅចាក់វាក់សាំងស៊ីណូហ្វាមរបស់ចិន ដើម្បីបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ រូបពី AFP
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង អ្នកស្រីវេជ្ជបណ្ឌិត  ឱ វណ្ឌឌីន បានពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដើម្បីផ្តល់យោបល់ទៅវិញទៅមកស្តីពីការកំណត់កាតព្វកិច្ចពាក់ម៉ាស់និងការរក្សាគម្លាតសុវត្ថិភាព។


លោក គឹម សន្តិភាព ប្រាប់សារព័ត៌មានថ្មីៗថា ការពិភាក្សាគ្នារវាងក្រសួងយុត្តិធម៌និងក្រសួងសុខាភិបាល លើការងារបច្ចេកទេស គឺបានបញ្ចប់ហើយ។ លោក បន្តថា ក្រសួងយុត្តិធម៌ គ្រាន់តែចូលរួមជួយត្រួតពិនិត្យនិងផ្តល់ផ្តល់យោបល់ប៉ុណ្ណោះ ចំណែកអ្នក ដែលចេញប្រកាសេចក្តីសម្រេចស្តីពីការកំណត់កាតព្វកិច្ចពាក់ម៉ាស់និងការរក្សាគម្លាតសុវត្ថិភាព គឺរដ្ឋមន្រ្តីក្រសួងសុខាភិបាល។ លោក ប្រសាសន៍ថា៖«ការសម្រេចចុងក្រោយយ៉ាងណានោះ គឺសម្រេចលើឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល»។
 
លោក ថ្លែងទៀតថា ការរៀបចំចេញប្រកាសឬសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលស្តីពីកាតព្វកិច្ចពាក់ម៉ាស់និងការរក្សាគម្លាតសុវត្ថិភាព គឺដើម្បីយកមកអនុវត្តឲ្យទាន់នឹងសភាពការណ៍បច្ចុប្បន្ន ដែលកម្ពុជា កំពុងជួបប្រទះនឹងការរាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ លោក បន្ថែមថា ប្រកាសឬសេចក្តីសម្រេច ដែលក្រសួងសុខាភិបាលនឹងចេញ គឺស្របតាមអនុក្រឹត្យថ្មីលេខ៣៧ អនក្រ.កប ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
បើមន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ប្រកាសឬសេចក្តីសម្រេច ដែលក្រសួងសុខាភិបាលនឹងចេញ មានកំណត់ពីការពិន័យប្រាក់លើអ្នកមិនពាក់ម៉ាស់ឬអ្នកមិនរក្សាគម្លាត នៅកន្លែងដែលកំណត់ឲ្យពាក់ឬកំណត់ឲ្យរក្សាគម្លាតសុវត្ថិភាព។ 
 
សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីអ្នកស្រី ឱ វណ្ណឌី បានឡើយ ដោយសារតែអ្នកស្រី មិនទទួលការហៅចូល។ 
 
តាមពិតទៅ អនុក្រឹត្យថ្មី ដែលប្រមុខរដ្ឋាភិបាលកម្ពុជាទើបនឹងចេញ គឺមានចែងរួចហើយ ថា កន្លែងណា ដែលក្រសួងសុខាភិបាល កំណត់ឲ្យមានការពាក់ម៉ាស់និងការរក្សាគម្លាតសុវត្ថិភាព តែអ្នកដែលស្ថិតក្នុងកន្លែងនោះ មិនគោរពកាតព្វកិច្ចក្នុងការពាក់ម៉ាស់និងការរក្សាគម្លាតទេ នឹងត្រូវពិន័យប្រាក់ពី២សែនរៀលដល់១លានរៀល។ ប៉ុន្តែ ចំពោះការសម្រេចនិងការតម្រូវឲ្យកន្លែងជាក់លាក់ណាមួយ មានការពាក់ម៉ាស់និងការរក្សាគម្លាត គឺត្រូវកំណត់ដោយក្រសួងសុខាភិបាល ដូច្នេះហើយ ទើបចាំបាច់ ត្រូវទាមទារឲ្យមានប្រកាសឬសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលដាច់ដោយឡែកផ្សេងទៀត បន្ថែមទៅលើអនុក្រឹត្យថ្មីលេខ៣៧ អនក្រ.កប របស់ប្រមុខរដ្ឋាភិបាល។ 
 
ក្រៅពីការពិន័យប្រាក់ពីបុគ្គលឬពីម្ចាស់ទីតាំងអាជីវកម្ម អនុក្រឹត្យថ្មី ថែមទាំងផ្តល់សិទ្ធិឲ្យមន្រ្តីសុខាភិបាល អាចបិទទីតាំងអាជីវកម្មផងដែរ បើទីតាំងអាជីវកម្មនោះ បំពានវិធានការសុខាភិបាល ហើយមន្រ្តីសុខាភិបាលពិនិត្យទៅឃើញថា មានកំហុស ដល់កម្រិតដែលត្រូវតែបិទ។ 
 
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបង្កើតក្រុមបណ្តាញទំនាក់ទំនាក់តេឡេក្រាមជាសាធារណៈមួយ (Telegram Group) ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋទូទៅ សួរសំណួរពាក់ព័ន្ធនឹងច្បាប់ថ្មី និងអនុក្រឹត្យថ្មី ដែលទើបនឹងត្រូវបានដាក់ចេញ សម្រាប់ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ពិន័យប្រាក់ឬឈានដល់ការដាក់ពន្ធនាគារលើជនដែលបំពានវិធានការសុខាភិបាល។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គឹម សន្តិភាព អះអាងថា ក្រុមមន្រ្តីជំនាញរបស់ក្រសួងយុត្តិធម៌ រង់ចាំឆ្លើយនឹងសំណួររបស់ប្រជាពលរដ្ឋ ក្នុងក្រុមតេឡេក្រាមឈ្មោះ «ពន្យល់ច្បាប់ Covid-19»។ ប្រជាពលរដ្ឋគ្រប់រូប អាចចូលក្នុងក្រុមតេឡេក្រាមនេះ (https://t.me/mojcambodialegal) ដើម្បីតាមដានរាល់ការពន្យល់របស់មន្រ្តីក្រសួងយុត្តិធម៌ ជុំវិញច្បាប់និងអនុក្រឹត្យស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩។ មកដល់ពេលនេះ អ្នកចូលក្នុងក្រុមតេឡេក្រាមនេះ មានជាង១ម៉ឺននាក់ហើយ៕ 
 

Tag:
 COVID-19
  ច្បាប់ទប់ស្កាត់កូវីដ
  អនុក្រឹត្យទប់ស្កាត់កូវីដ
  គឹម សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com