ជាតិ
សុខភាព
អ្នកកើតកូវីដ-១៩នៅឃុំគគីរ ស្រុកកៀនស្វាយឡើងដល់៧នាក់ អាជ្ញាធរសម្រេចបិទផ្សារ
13, Apr 2021 , 5:50 pm        
រូបភាព
គិតត្រឹមថ្ងៃទី១៣មេសានេះ រដ្ឋបាលខេត្តកណ្តាល ប្រកាសរកឃើញមនុស្សចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឆ្លងកូវីដ-១៩(COVID-19)នៅក្នុងព្រឹត្តិការណ៍សហគម២០កុម្ភៈ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង៧នាក់នោះ មានបុរសម្នាក់ ឈ្មោះ ស្រី វឌ្ឍនៈ ជាមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១មេសា ឆ្នាំ២០២១។

 
រដ្ឋបាលខេត្តកណ្តាលបន្តរៀបរាប់ថា ក្រៅពីបុរសខាងលើនោះ គឺមានអាជីករនៅផ្សារគគីរម្នាក់  ឈ្មោះ ឆាយ ស្រីនាម និងម្តាយក្មេក ឈ្មោះ យឹម សារឿន វ័យ៧១ឆ្នាំ  បានរកតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២មេសា។ 
 
សម្រាប់ថ្ងៃទី១៣មេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្តរកឃើញមនុស្សចំនួន៤នាក់ទៀតដែលពាក់ព័ន្ធនឹងផ្សារគគីរ បានឆ្លងកូវីដ-១៩ ដែលជា  ជាកូន និងកូនប្រសាស្រី និងចៅប្រុសរបស់លោក ឈ្មោះ ស្រី វឌ្ឍនៈ ដោយក្នុងនោះ មានឈ្មោះស្រី ភានុគន្ធ អាយុ១៤ឆ្នាំ,  ឈ្មោះ ស្រី ប៉ូដែន អាយុ២៨ឆ្នាំ និងឈ្មោះ អ៊ុំ សាវរៈ វ័យ២៧ឆ្នាំ រួមទាំងកូនប្រុសអាយុ២ឆ្នាំម្នាក់ ឈ្មោះ  គា វរៈវឌ្ឍនា។ 
 
បច្ចុប្បន្នអ្នកជំងឺទាំង៧នាក់នេះ កំពុងសម្រាលព្យាបាលជំងឺនៅមន្ទីរពេទ្យជ័យជំនៈ ក្រុងតាខ្មៅ ខេត្តកណ្តាល។ រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា អ្នកជំងឺទាំងនេះចន្លោះពីថ្ងៃទី២៧មីនា ដល់ថ្ងៃទី៧មេសា ឆ្នាំ២០២១  ធ្លាប់ចូលផ្សារអូរឬស្សី, ធ្លាប់ជួបជាមួយមន្ត្រីមន្ទីរកសិកម្មខេត្តកណ្តាល, ធ្លាប់ទំនាក់ទំនងទទួលយកឯកសារពីបុគ្គលិកក្រុមហ៊ុន ស៊ន សាក់, ធា្លប់ទៅធនាគារកាណាឌីយ៉ា សាខាក្រុងតាខ្មៅ,  ធា្លប់ទៅលក់ដូរ ទិញផ្លែឈើនៅទល់មុខផ្សារគគីរ និងធ្លាប់ទៅសាលាឃុំគគីរ។
 
នៅថ្ងៃដដែលនេះ អាជ្ញាធរក៏សម្រេចប្រកាសបិទផ្សារគគីរផងដែរ។
 
មកដល់ពេលនេះ មន្ទីរពេទ្យបង្អែកជ័យជំនៈ ខេត្តកណ្តាល មានអ្នកជំងឺកូវីដ-១៩ ចំនួន៤៤នាក់ កំពុងសម្រាកព្យាបាល ដោយក្នុងនោះ មានស្រ្តី ២៥នាក់។ ដោយឡែក គិតនៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដ-១៩ សរុប៤,៦៩៦ករណី ក្នុងនោះ៤,១៦០នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២,២៥២នាក់ បានជាសះស្បើយវិញ រីឯអ្នកស្លាប់ឡើងដល់៣៣នាក់៕
 
 
 
 
 

Tag:
 COVID-19
  ផ្សារគគីរ
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com