អន្តរជាតិ
ពេទ្យគន្ធបុប្ផាកំពុងខ្វះខាតឈាមសង្គ្រោះកុមារ
30, Apr 2021 , 7:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផាទីបួនក្បែរវត្តភ្នំនៅ ថ្ងៃ៣០ខែមេសាបានអំពាវនាវឲ្យពលរដ្ឋចូលរួមបរិច្ចាគឈាម ស្របពេលដែលឈាមដែលមានបម្រុងទុកគ្រប់ប្រភេទសម្រាប់ជួយសង្រ្គោះដល់កុមារ កំពុងប្រឈមការខ្វះខាតខ្លាំងអំឡុងពេលអនុវត្តវិធានការទប់ស្កាត់មេរោគរាតត្បាតកូវីដ-១៩។


ការបិទខ្ទប់ក្នុងរាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ កំពុងធ្វើឲ្យការផ្តល់ឈាមមានការថយចុះខ្លាំង ដោយសារបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរមកបរិច្ចាគឈាម។ ប៉ុន្តែ ការប្រើប្រាស់ឈាមសម្រាប់សង្គ្រោះកុមារនៅតែបន្តជាធម្មតា ដែលកំពុងធ្វើឲ្យឈាមស្តុកនៅមន្ទីរពេទ្យកុមារនៅសល់តិច។ 
 
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ThmeyThmey លោក មាស សារិទ្ធ ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផាបានបង្ហាញកង្វល់ថា បរិមាណឈាមកាន់តែខើច ខណៈដែលការបរិច្ចាគមានតិច ហើយតម្រូវការច្រើន។ 
 
«ប្រសិនបើគ្មានឈាមសម្រាប់ស្តុកទុកនៅក្នុងមន្ទីរពេទ្យទេ ហើយមានករណីចាំបាច់ដោយប្រការណាមួយក្នុងតម្រូវការឈាម វាពិតជាមានការខ្វះហើយ»។ លោក សារិទ្ធរៀបរាប់ដូច្នេះ ដោយបន្ថែមថា សូម្បីតែឪពុកម្តាយរបស់ក្មេងក៏ពិបាកក្នុងការផ្តល់ឈាមដែរ។
 
«ដូច្នេះហើយ មន្ទីរពេទ្យសូមអំពាវនាវឲ្យបងប្អូនចូលរួមបរិច្ចាគឈាម»។ លោកបន្ថែមដូច្នេះ។
ទាក់ទិននឹងការផ្តល់ឈាមនេះដែរ លោក សារិទ្ធ បានពន្យល់ថា រាល់បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដរួចរាល់ទាំងពីរលើកហើយ អាចអញ្ជើញទៅផ្តល់ឈាមជួយសង្គ្រោះកុមារបានជាធម្មតា។ 
 
លោក រៀបរាប់បន្ថែមថា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងនោះត្រូវច្បាស់ថា ខ្លួនមានសុខភាពរឹងមាំល្អ និងមិនមានបញ្ហាសុខភាពឡើយបន្ទាប់ពីចាក់វ៉ាក់សាំង។ ចំណែកពលរដ្ឋទូទៅដែលចង់បរិច្ចាគ  ត្រូវមានទម្ងន់ចាប់ពី ៤៥គីឡូឡើង មានសុខភាពមាំមួន និងមិនមានផ្ទុកជំងឺអេដស៍ ជាដើម។  
 
បងប្អូនដែលមានបំណងចង់ចូលរួមបរិច្ចាគឈាម និងអាចបរិច្ចាគបាន អាចអញ្ជើញទៅមន្ទីរពេទ្យគន្ធបុប្ផាទីបួន ក្បែរវត្តភ្នំ ឬអាចទាក់ទងតាមលេខទូរសព្ទ ០១៧៨៧៨៧៤៥ ដើម្បីសាកសួរព័ត៌មានបន្ថែម៕
 

Tag:
 Thmeythmey
  មន្ទីរពេទ្យគន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com