ជាតិ
ចង់ពាក់ «អាវចាក់»? សាកស្នាដៃលោកយាយ រស់ អ៊ុក នៅគោកចក ខេត្តសៀមរាប
22, May 2021 , 4:29 pm        
រូបភាព
លោកយាយ រស់ អ៊ុកចាក់អាវវាលដៃកវិលលក់ ដែលជាម៉ូដស្រ្តីខ្មែរនិយមពាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងមានអតិថិជនច្រើនបន្ទាប់ពីកូនស្រីផ្សព្វផ្សាយលើបណ្ដាញសង្គម។ បញ្ហាជីវភាព ជាហេតុធ្វើឲ្យអ្នកខេត្តសៀមរាបរូបនេះព្យាយាមចាក់អាវទាំងជរាភាព ដើម្បីបានចំណូលសម្រាប់ការហូបចុកក្នុងគ្រួសារ។

 
លោកយាយ អ៊ុក ចេះជំនាញចាក់អាវមួក ស្រោមជើងកូនក្មេង និងស្រោមខ្នើយនេះតាំងពីអាយុ ២០ឆ្នាំដើម្បីលក់តាំងពីពេលនោះមក។លោកយាយបន្តចាក់អាវមនុស្សធំ និងអាវកូនក្មេងលក់ក្នុងតម្លៃអាវមនុស្សធំមួយ ៦ម៉ឺនរៀល អាវកូនក្មេងតម្លៃ១៣០០០រៀលឡើង  តាមទំហំរបស់ក្មេង។ អាយុកាន់ច្រើន កម្លាំងកាន់តែថយ លោកយាយមិនអាចបន្តចាក់អាវ ដែលធ្វើពីអំបោះទាំងអស់នេះបានច្រើនដូចមុនឡើយ។
 
ជីដូនរូបនេះ ប្រាប់Thmeythmey25 តាមទូរសព្ទទាំងសំឡេងខ្សាវៗពីភូមិខ្វៀន សង្កាត់គោកចក ដូច្នេះ៖ «ជាធម្មតា យាយត្រូវចំណាយពេល ១អាទិត្យ ដើម្បីចាក់អាវមនុស្សធំបានមួយ។ អាវកូនក្មេង មួយថ្ងៃ យាយអាចចាក់បានមួយប៉ុណ្ណោះ»។ បច្ចុប្បន្ន ជីដូនរូបនេះ ចាក់តែអាវកូនក្មេងលក់ប៉ុណ្ណោះ ព្រោះអាវមនុស្សធំ ត្រូវការពេលយូរ ចំណាយកម្លាំងច្រើន និងមិនងាយបានលក់។


លោកយាយ រស់ អ៊ុក កំពុងអង្គុយចាក់អាវ។ រូបភាពដោយ៖ អ្នកស្រី ស៊ុត សោភ័ណ្ឌ 

មានកូនចំនួន៤នាក់ លោកយាយ កំពុងរស់នៅជាមួយកូនប្រុសទី៣ និងចៅចំនួន ៤នាក់។ ដោយឡែក ចៅស្រីឈ្មោះ ស៊ុត សោភ័ណ្ឌ ដែលជាកូនរបស់កូនទី២លោកយាយ បានផ្សព្វផ្សាយអាវរបស់លោកយាយលក់តាមបណ្តាញហ្វេសប៊ុក។ ការណ៍នេះ បានធ្វើឲ្យអាវលោកយាយ មានការគាំទ្រ និងលក់ដាច់ជាពីមុនច្រើន។ 
 
«ពេលអង្គុយចាក់អាវយូរ វាឈឺខ្នង ចុកស្មា ចុកចង្កេះអីខ្លះដែរ តែមិនដឹងធ្វើយ៉ាងម៉េច។ ជីវភាពខ្វះខាត យាយមានតែខំចាក់អាវលក់ ក្រែងបានលុយខ្លះយកមកទិញអង្ករ និងឲ្យចៅរៀនផង។ ពេលខ្លះបានអ្នកជិតខាង គេឲ្យអង្ករ១០គីឡូហូបអ៊ីចឹងទៅ»។ នេះជាការលើកឡើងរបស់លោកយាយ រស់ អ៊ុក។
 
អាវរបស់យាយ អ៊ុក ចាក់លក់ដាច់ច្រើនជាងមុន ថែមទាំងមានគេកម្មង់ឲ្យចាក់អាវកូនក្មេងផងសម្រាប់កូនៗរបស់អតិថិជន។ របរនេះ ចាប់ផ្ដើមមានការគាំទ្រខ្លាំងជាមុនលើបណ្ដាញសង្គម។ អតិថិជនខ្លះ ទិញសម្រាប់ទុកតាំងលម្អ។ ជីដូនរូបនេះ សង្ឃឹមថា អតិថិជន នឹងទិញអាវរបស់គាត់ច្រើន ដើម្បីអាចដោះស្រាយជីវភាពឲ្យល្អប្រសើរជាងនេះ៕


អាវម៉ូដវាលដៃកវិល ដែលលោកយាយ រស់ អ៊ុក បានចាក់។ រូបភាពដោយ៖ អ្នកស្រី ស៊ុត សោភ័ណ្ឌ 

អាវកូនក្មេង លោកយាយចាក់។ រូបភាពដោយ៖ អ្នកស្រី ស៊ុត សោភ័ណ្ឌ 
 
 

Tag:
 របរចាក់អាវ
© រក្សាសិទ្ធិដោយ thmeythmey.com