ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
លោក សុខ សុថា៖ រដ្ឋត្រូវរៀបចំប្រព័ន្ធទីផ្សារឲ្យច្បាស់លាស់ ដើម្បីពង្រឹងផលិតផលកសិកម្មក្នុងស្រុក
28, May 2021 , 8:29 am        
រូបភាព
លោក សុខ សុថា​ សហស្ថាបនិក និងជានាយកប្រតិបត្តិសហព័ន្ធស៊ីហ្វាបកម្ពុជា
លោក សុខ សុថា​ សហស្ថាបនិក និងជានាយកប្រតិបត្តិសហព័ន្ធស៊ីហ្វាបកម្ពុជា
នាអំឡុងនៃការរាលដាលកូវីដ-១៩ ថ្នាក់ដឹកនាំបានលើកទឹកចិត្តកសិករឲ្យកែប្រែវិបត្តិទៅជាឱកាស តាមរយៈការពង្រីក សមត្ថភាព ផ្គត់ផ្គង់បន្លែ ត្រី សាច់ នៅក្នុងស្រុក។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កសិករមួយចំនួន នៅតែត្អូញត្អែរ ចំពោះទីផ្សារដ៏តូច ចង្អៀត ដដែល ជាពិសេសការពិបាកប្រកួតប្រជែងជាមួយនឹងការនាំចូលពីវៀតណាម។ ទុកស្វាយឲ្យទុំចោល និងការបង្ខំចិត្តបំផ្លាញបន្លែចោល តែងតែឃើញជាញឹកញាប់នៅលើបណ្តាញសង្គម។ ងាកទៅខាងវារីវប្បកម្មវិញ ក្រុមអ្នកចិញ្ចឹមត្រី ក៏មានផលលំបាកផងដែរ។

 
ដំណើរការតាំងពី ឆ្នាំ២០០២ សហព័ន្ធសមាគមកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (សសកជ) ឬ ស៊ីហ្វាបកម្ពុជា (CFAP Cambodia) ជាសមាគមដែលជំរុញ ការដាំដុះ ដំណាំបន្លែ របស់ កសិករ ក៏ដូចជាការជួយស្វែងរក ទីផ្សារកសិកម្មតាមរយៈការចងក្រងបណ្តាញនៅតាមបណ្តាខេត្ត។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ទាក់ទងនឹងបញ្ហាទីផ្សារកសិកម្ម លោក សុខ សុថា សហស្ថាបនិក និងជានាយកប្រតិបត្តិសហព័ន្ធស៊ីហ្វាបកម្ពុជា បានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធព្យាយាមសម្របសម្រួល និងផ្សព្វផ្សាយចំណេះដឹងបន្ថែមដល់កសិកម្ម រួមទាំងការពង្រឹងវិធានការរឹតត្បិតការនាំចូល។


លោកតៃសុង សម្រេចភ្ជួរសាលាដចោល ព្រោះគ្មានទីផ្សារ កាលពីអំឡុងខែមេសា ឆ្ណាំ២០២១ 
 
ខាងក្រោមនេះ ជាខ្លឹមសារនៃកិច្ចសម្ភាសរវាង កញ្ញា អ៊ូ សុខមាន នៃសារព័ត៌មាន ThmeyThmey ជាមួយលោក សុខ សុថា៖
 
កញ្ញា អ៊ូ សុខមាន៖  បច្ចុប្បន្ន ការដាំដុះ ការចិញ្ចឹមសត្វ រួមទាំងវារីវប្បកម្ម មានសន្ទុះខ្លាំង ប៉ុន្តែអ្នកផលិតនៅតែត្អូញត្អែរថា មិនអាចប្រកួតប្រជែងជាមួយនឹងលំហូរនៃការនាំចូល បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ ចំពោះបញ្ហានេះ លោកយល់ថា តើរដ្ឋាភិបាលត្រូវធ្វើអ្វីខ្លះ?
 
លោក សុខ សុថា៖ ដើម្បីកុំឱ្យកសិករបាក់ទឹកចិត្ត ក្រសួងជំនាញ រួមមានក្រសួងកសិកម្ម និងពាណិជ្ជកម្ម ជាដើម ត្រូវរួមគ្នាដោះស្រាយផលិតផលដែលកំពុងកកស្ទះនៅតាមចម្ការ តាមកសិដ្ឋាន និងស្រះនីមួយៗ ដោយប្រមូលទិញផលិតផលទាំងនោះ ហើយដឹកជញ្ជូនមកផ្គត់ផ្គង់ទីផ្សារ ដើម្បីជំនួសនូវការប្រើប្រាស់ ទំនិញនាំចូលមួយចំនួន។ នេះជាវិធានការដែលរដ្ឋាភិបាល គួរតែអនុវត្តក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។
 
រដ្ឋគួរតែមានការរៀបចំប្រព័ន្ធក្នុងការផ្គត់ផ្គង់ ពីចម្ការ ពីកសិដ្ឋាន រហូតដល់អ្នកទទួលទាន ក៏ដូចជាអ្នកប្រមូលទិញ ធំៗតែម្តង ឱ្យមានប្រព័ន្ធដឹកជញ្ជូនទៅវិញទៅមក។ ខ្ញុំសង្កេតឃើញ នារយៈពេល៣សប្តាហ៍នៃការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ផលិតផលកសិកម្មជាច្រើនតាមបណ្តាខេត្ត គ្មានអ្នកបញ្ជាទិញ ទោះបីជាវា មានតម្លៃថោកក៏ដោយ  ខណៈដែលអ្នកជាប់ក្នុងភូមិសាស្ត្របិទខ្ទប់ បែរជាត្អូញត្អែរថា មិនសូវសម្បូរផលិតផលកសិកម្មលក់ ហើយថែមទាំងមានតម្លៃខ្ពស់ទៀត។ 
 
ប្រសិនបើមិនមានការរៀបចំប្រព័ន្ធទីផ្សារ ក្នុងការសម្របសម្រួលរវាងអ្នកផលិត និងអ្នកប្រើប្រាស់ក្នុងស្រុកទេ នោះកម្ពុជានឹងជួបឧបសគ្គទីផ្សារកាន់តែធ្ងន់ធ្ងរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកអាចគ្រប់គ្រងបាន។ 
 
កញ្ញា អ៊ូ សុខមាន៖  ក្រៅពីជួយសម្របសម្រួលទីផ្សារឱ្យកសិករ ក្នុងវិបត្តិកូវីដ-១៩នេះ តើរដ្ឋគួរធ្វើអ្វីខ្លះទៀត ខណៈការនាំចូលផលិតផលកសិកម្ម ពីប្រទេសជិតខាងនៅតែបន្តមាន? 
 
លោក សុខ សុថា៖ បន្ថែមការរឹតត្បិតលើការនាំចូលបន្លែ ផ្លែឈើ ត្រី សាច់ តាមច្រកព្រំដែននីមួយៗ ជារឿងចាំបាច់បំផុត ហើយការត្រួតពិនិត្យផ្នែកភូតគាមអនាម័យ ចំពោះទំនិញនាំចូល ពិសេសលើផលិតផលកម្ម  គឺជាយន្តការដែលយើងត្រូវអនុវត្តជាប្រចាំ ធ្វើយ៉ាងណា កុំឱ្យមាននាំចូលនោះ ផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់ដល់ទីផ្សារក្នុងស្រុក របស់កសិករយើងផង»។  
 
កញ្ញា អ៊ូ សុខមាន៖   ផ្អែកតាមស្ថានភាពបច្ចុប្បន្នេះ តើវិស័យកសិកម្មកម្ពុជា នឹងមានដំណើរយ៉ាងណា ក្រោយ​វិបត្តិកូវីដ-១៩? នៅតែពិបាកប្រកួតប្រជែងជាមួយផលិតផលនាំចូល?

លោក សុខ សុថា៖ យើងពិតជាពិបាកប្រកួតប្រជែងតម្លៃនៅលើទីផ្សារ ជាមួយប្រទេសជិតខាង ជាពិសេសវៀតណាម ក៏ព្រោះតែផលិតផលកសិកម្មនៅកម្ពុជា មានតម្លៃខ្ពស់ ហើយថែមទាំងមិនមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ សម្រាប់គាំទ្រដល់វិស័យកសិកម្មទៀត។ បច្ចុប្បន្ន ការនាំចូលបន្លែ-ផ្លែឈើ ពីប្រទេសជិតខាង មានមិនក្រោម៤០ភាគរយ នៃតម្រូវការសរុបឡើយ ខណៈលទ្ធភាពនៃការនាំផលិតផលកសិកម្មចេញ កំពុងមានកំណើនតែប្រឈមនឹងបញ្ហាទីផ្សារទៅវិញ។  បើកម្ពុជា នៅតែបន្តបើកទូលាយ​ការនាំចូលផលិតផលកសិកម្មនោះ នឹងធ្វើបាត់បង់សក្កានុពលដាំដុះ និងការចិញ្ចឹមសត្វ ពីសំណាក់កសិករ ហើយកសិករទាំងនោះ នឹងបង្វែរទៅធ្វើការងារនៅក្នុងវិស័យផ្សេងៗ។ 
 
យើងត្រូវដឹងថា ផ្នែកដាំដុះ និងចិញ្ចឹមសត្វ និងផ្នែកវារីវប្បកម្ម ដែលមានកំណើននាពេលបច្ចុប្បន្ននេះ គឺមានមួយផ្នែកធំ បានពីកម្លាំងយុវជនក្នុងវិស័យរោងចក្រ វិស័យទេសចរណ៍ និងការត្រលប់មកវិញរបស់ពលករ ដែលបានបាត់បង់ការងារដោយសារតែវិបត្តិកូវីដ-១៩។ ប៉ុន្តែនៅពេលស្ថានភាពកូវីដ-១៩ ធូរស្រាលឡើងវិញ កម្លាំងពលកម្មទាំងនោះ នឹងត្រលប់បម្រើការងារក្នុងវិស័យផ្សេងៗ បើសិនទីផ្សារកសិកម្មក្នុងស្រុក នៅតែមិនអាចដោះស្រោយ នាអំឡុងវិបត្តិកូវី-១៩ ជាសកលនេះ។ 
 
ក្នុងអំឡុងពេលកូវីដ-១៩ បើយើងបិទខ្ទប់ការនាំចូលបន្លែ និងផលិតផលកសិកម្មនានាមួយរយៈ ដើម្បីស្ទង់មើលការដាំដុះ និងការចិញ្ចឹមក្នុងស្រុកនោះ យើងនឹងដឹងច្បាស់ពីតម្រូវការនិងការផ្គត់ផ្គង់ក្នុងស្រុក។ យើងជឿថា ផលិតផលកសិកម្ម យើងបំពេញតម្រូវការក្នុងស្រុក របស់ប្រជាពលរដ្ឋយើងបាន ១០០ភាគរយ៕
 

Tag:
 កសិកម្ម
  ស្វាយវៀង
  លោក សុខ សុថា
© រក្សាសិទ្ធិដោយ thmeythmey.com